ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្ទាវមួយក្រុម គ្រាន់តែមានទំនាស់ពាក្យសំដីនឹងគ្នាសោះ មិនអាចដោះស្រាយបាន រហូតដល់មានគំនុំ ឈានដល់បបួលគ្នីគ្នាជាច្រើននាក់ មានកាំបិត ដាវ ដេញកាប់គូទំនាស់ ផ្អើលពេញសង្កាត់អូរអំបិល បណ្តាលឲ្យភាគីម្ខាងរបួសធ្ងន់ម្នាក់ ។
ក្រោយពីកើតហេតុ ត្រូវកម្លាំងអធិកាដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះស្រាវជ្រាវឈានឃាត់ខ្លួនក្មេងស្ទាវបាន១១នាក់ ។
ករណីហិ.ង្សានេះ កើតឡើងនៅលាម៉ោង៨យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចតូបលក់ឥវ៉ាន់ចាបហ៊ួយ១កន្លែង ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមការអះអាងរបស់ជនសង្ស័យទាំងអស់ បាននិយាយប្រាប់សមត្ថកិច្ចថា រឿងរ៉ាវ ដែលឈានដល់កាប់គ្នានេះ ផ្តើមពីរឿងគំនុំកន្លងមក ដោយក្រុមខ្លួន មិនសុខចិត្ត ក៏បបួលគ្នីគ្នាបានចំនួន១៦នាក់ ជិះម៉ូតូ៦គ្រឿង ចេញធ្វើសកម្មភាពទាំងយប់ មានម៉ូតូម៉ាកហុងដាឌ្រីម ៥គ្រឿង ម៉ាកស្កុបពី ១គ្រឿង ជិះដេញកា.ប់ និងយកដុំថ្មគប់ទៅលើ ជនរងគ្រោះ ដែលមានគ្នា៥នាក់ នៅចំណុចតូបលក់ឥវ៉ាន់ចាបហ៊ួយ១កន្លែង ដោយកា.ប់គូទំនាស់ម្នាក់ត្រូវចំដៃម្ខាងរងរបួសធ្ងន់ ចំណែក៤នាក់ទៀត គេចរួចខ្លួន មិនអស់ចិត្ត ពួកគេបានកា.ប់ម៉ូតូជនរងគ្រោះ ខូតអស់៣គ្រឿងបន្តទៀត ។
ក្រោយពីកើតហេតុ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការគ្នាជាមួយកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ ចុះស្រាវជ្រាវតាមស្វែងរកជនបង្ក រហូតឈានដល់ឃាត់ខ្លួនបានចំនួន១១នាក់ ក្នុងចំណោម១៦នាក់ រួមនឹងវត្ថុតាង រួមមានម៉ូតូ៥គ្រឿង និងកាំបិត ៣ដើម នាំយកមកអធិការក្រុងសិរីសោភ័ណ ដើម្បីធ្វើកំណត់ហេតុ ។
ក្រុមជនដៃដល់ ទាំង១១នាក់ រួមមាន ៖
១-ឈ្មោះ ឡន ជីឡុង អាយុ១៦ឆ្នាំ
២-ឈ្មោះ សម្ភស្ស ប៊ុនហេង អាយុ១៦ឆ្នាំ
៣-ឈ្មោះ ញែប ឡុងហេង អាយុ១៧ឆ្នាំ (ជនដៃដល់មានកាំបិត)
៤-ឈ្មោះ ពេញ នរៈសត្យា អាយុ១៧ឆ្នាំ
៥-ឈ្មោះ ខន រតនា អាយុ១៦ឆ្នាំ
៦-ឈ្មោះ ខន សិរីឧត្តមអាយុ១៦ឆ្នាំ
៧-ឈ្មោះ យាន គារ៉ា អាយុ១៦ឆ្នាំ
៨-ឈ្មោះ ធឿន ប៉ូលីន អាយុ១៧ឆ្នាំ
៩-ឈ្មោះ ប៊ុឡា ផានិត អាយុ១៥ឆ្នាំ
១០-ឈ្មោះ ជូ បញ្ចះបញ្ញា អាយុ១៦ឆ្នាំ
១១-ឈ្មោះ ភាព ពីនធុក អាយុ១៥ឆ្នាំ ។
ជនសង្ស័យទាំង១១នាក់ រស់នៅក្នុងក្រុងសិរីសោភ័ណ ។ ចំណែកជនរងគ្រោះមានឈ្មោះ សមុទ្យ ភេទប្រុស ត្រូវគេកាប់ចំដៃឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ។
បច្ចុប្បន្នជនដៃដល់ទាំង១១នាក់ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធិ ។ចំណែកឯបក្ខពួក ៥នាក់ទៀត ដែលកំពុងរត់គេចខ្លួននោះ កម្លាំងនគរបាលក្រុងសិរីសោភ័ណ កំពុងស្រាវជ្រាវតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោស ផងដែរ ៕

ចែករំលែកព័តមាននេះ