រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ ដែលកំពុងប្រមូលផ្ដុំគ្នាពពាក់ពពូននៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង។ ក្រោយពីនាំខ្លួនទៅសាកសួរ ទើបដឹងថា ក្នុងចំណោម៨នាក់នោះ មានម្នាក់ជាប់ពាក់ព័ន្ធទៅនឹងមុខសញ្ញាចោរកម្មឆ្កឹះទ្វារផ្ទះ ទ្វារបន្ទប់អ្នកដទៃលួចយកទ្រព្យសម្បត្តិ និងប្រើហិ.ង្សាទៅលើអ្នកដទៃក្នុងពេលកន្លងមកផងដែរ។ រីឯ៧នាក់ទៀតពុំមានពាក់ព័ន្ធនឹងបទល្មើសឡើយ។

ការឃាត់ខ្លួនខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺក្នុងពេលដែលកម្លាំងនគរបាលចុះទៅធ្វើរដ្ឋបាលនៅតាមផ្ទះជួលខាងលើ។

បើតាមនគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចោរកម្ម និងប្រើអំពើហិ.ង្សានោះមានឈ្មោះ គា ចាន់ថៃ អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នុងផ្ទះខាងលើនិងមានស្រុកកំណើតនៅភូមិដើមរំដែល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។ ហើយនគរបាលក៏បានរកឃើញឧបករណ៍ឆ្កឹះសោទ្វារមួយចំនួន ដែលជារបស់ជនសង្ស័យរូបនេះផងដែរ។

នគរបាលបានប្រាប់ឲ្យដឹងបន្តថា ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ កម្លាំនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានសហការគ្នាចុះធ្វើរដ្ឋបាលនៅតាមកន្លែងផ្សេងៗជាច្រើន ជាពិសេសនៅតាមប្លុកម្តុំផ្ទះជួល ផ្ទះសំណាក់ ដែលមាននៅក្នុងមូលដ្ឋាន។ ការចុះធ្វើរដ្ឋបាលនេះ គឺអនុវត្តតាមគោលនយោបាលភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចុះ ដើម្បីបង្ការទប់ស្កាត់នូវបទល្មើសនានា រក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ដោយឡែកនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ខណៈចុះទៅដល់ផ្ទះជួលខាងលើ កម្លាំងបានត្រួតពិនិត្យតាមបន្ទប់ផ្ទះជួល ហើយក៏រកឃើញជនសង្ស័យទាំង៨នាក់ ក្នុងនោះមានស្រី២នាក់ផងដែរ។ បន្ទាប់មក កម្លាំងក៏បាននាំខ្លួនទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ប៉ុន្តែក្រោយពីការសួរនាំ គឺមានតែម្នាក់ប៉ុណ្ណោះ គឺឈ្មោះ គា ចាន់ថៃ ដែលជាប់ពាក់ព័ន្ធចោរកម្ម និងប្រើអំពើហិ.ង្សាលើអ្នកដទៃ ចំណែក៧នាក់ទៀតអត់ពាក់ព័ន្ធក៏ត្រូវបានកម្លាំងធ្វើការអប់រំ រួចក៏ដោះលែងវិញផងដែរ៕





ចែករំលែកព័តមាននេះ