តុលាការមួយរបស់ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី៣ ឧសភា កន្លងមកបានសម្រេចកាត់ទោសបុរសសូម៉ាលី២នាក់ ពីបទចោរកម្មគឺចោរសមុទ្រប្លន់នាវានេសាទមួយគ្រឿងរបស់អេស្ប៉ាញកាលពីឆ្នាំ២០០៩កន្លងមកដាក់ពន្ធនាគាររយៈពេល៤៣៩ឆ្នាំ ក្នុងម្នាក់ៗ ។ នេះបើតាមការឱ្យដឹងដោយច្បាប់ចម្លងនៃការកាត់ទោសនោះដែលទទួលបានដោយទូរទស្សន៍ CNN ។ នេះជាករណីកាត់ទោសដ៏កម្រមានបំផុតនៅប្រទេសអេស្ប៉ាញ ។
ការកាត់ទោសដាក់ពន្ធនាគាររយៈពេលយ៉ាងយូរសម្រាប់ចោរសមុទ្រសូម៉ាលី២នាក់នេះគឺដោយសារការឃុំខ្លួននាវិក៣៦នាក់នៃនាវានោះដោយចោរសមុទ្រទាំង២ត្រូវកាត់ទោសដាក់ពន្ធនាគាររយៈពេល១១ឆ្នាំក្នុងមួយករណីពីបទប្លន់នាវានោះសរុបទៅត្រូវជាប់ពន្ធនាគាររយៈពេល៣៩៦ឆ្នាំក្នុងម្នាក់ៗ ។ ក្រៅពីនេះទៀត ចោរសមុទ្រទាំង២នាក់នោះត្រូវបានកាត់ឱ្យជាប់ទោស៣ករណីទៀត ក្នុងនោះមានដូចជាការប្លន់ដោយប្រើអាវុធ និងជាសមាជិកក្រុមមនុស្សឥតសណ្តាប់ធ្នាប់ធ្វើឱ្យទោសជាប់ពន្ធនាគាររបស់ពួកគេកើនឡើងដល់៤៣៩ឆ្នាំក្នុងម្នាក់ៗ ។
នាវានេសាទអេស្ប៉ាញនោះមានឈ្មោះថា “Alakrana” ត្រូវបានរំដោះយកមកវិញនៅខែវិច្ឆិកាឆ្នាំ២០០៩ ក្រោយពីត្រូវកាន់កាប់ដោយចោរសមុទ្ររយៈពេល៤៧ថ្ងៃ នៅឆ្នេរសមុទ្រសូម៉ាលី។ មាននាវិក៣៦នាក់នៅលើនាវានេះក្នុងនោះ១៦នាក់ជាជនជាតិអេស្ប៉ាញ និង២០នាក់ទៀតមកពីអាហ្វ្រិក និងអាស៊ី ។
រយៈពេលមួយថ្ងៃក្រោយពីនាវានោះត្រូវប្លន់ ដោយចោរសមុទ្រប្រដាប់អាវុធ១២នាក់ រួចមកយោធាអេស្ប៉ាញបានទៅពិនិត្យស្ថានការណ៍នៅកន្លែងប្លន់នោះ ហើយចាប់បានជនសង្ស័យជាចោរសមុទ្រ២នាក់ សង្ស័យថា ជាប់ពាក់ព័ន្ធជាមួយចោរសមុទ្រទាំង១២នាក់នោះ ។ ក្រោយមកចោរសមុទ្រទាំង២ត្រូវបាននាំខ្លួនទៅកាន់ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ រង់ចាំការវិនិច្ឆ័យទោស ៕
ចែករំលែកព័តមាននេះ