ខ្យល់កន្ត្រាក់មួយប្រាវ បំផ្លាញផ្ទះ និងសាលារៀនយ៉ាងតិចជាង៥០ខ្នង
- បាត់ដំបង
សាលារៀន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋយ៉ាងតិចជាង៥០ខ្នងរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ ដែលកើតឡើងកាលពី
សាលារៀន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋយ៉ាងតិចជាង៥០ខ្នងរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ ដែលកើតឡើងកាលពី
ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សាលារៀន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋយ៉ាងតិចជាង៥០ខ្នងរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ ដែលកើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ហើយបានប៉ះទង្កិចទៅលើឃុំចំនួន០៧ ស្ថិតក្នុងស្រុកសង្កែ តែពុំមានសេចក្ដីរាយការណ៍ពីគ្រោះថ្នាក់មនុស្សនោះទេ។ នេះបើយោងតាមរបាយការណ៍បឋមដែលមន្ត្រីមូលដ្ឋានបានរាយការណ៍។
សេចក្ដីរាយការណ៍ជាបឋមដំបូងនេះ បានឲ្យដឹងថា ឃុំចំនួន០៧ ក្នុងចំណោមឃុំទាំង១០ ស្ថិតនៅស្រុកសង្កែ ដែលទទួលរងនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់ រួមមាន ៖ ឃុំរកា ឃុំតាប៉ុន ឃុំវត្តតាមិម ឃុំកំពង់ព្រៀង ឃុំកំពង់ព្រះ ឃុំអូរដំបង១ និងឃុំអូរដំបង២។
ហើយគេនៅមិនទាន់ឃើញមានរបាយការណ៍លំអិតស្ដីពីគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់ខាងលើនេះនៅឡើយទេ។ ប៉ុន្តែរបាយការណ៍បានឲ្យដឹងពីចំនួនលំនៅដ្ឋាន និងសាលារៀន នៅតាមបណ្ដាឃុំទាំង៧នេះ ដែលរងការខូចខាតសរុបជាង៥០ខ្នងឯណោះ។
តាមប្រភពពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងជាបឋមថា លំនៅដ្ឋានពលរដ្ឋមួយចំនួនត្រូវរងការខូចខាតទាំងស្រុង រីឯមួយចំនួនទៀតគ្រាន់តែរប៉ើកដំបូលប៉ុណ្ណោះ។ ដោយឡែកសាលារៀនវិញ ក៏រងការខាតខាតដែរ តែហាក់មិនធ្ងន់ធ្ងរនោះទេ ហើយក៏ពុំមានគ្រោះថ្នាក់ដល់មនុស្សដែរ។
ប្រភពដដែលបន្តថា ហើយនេះមិនមែនកើតមានតែនៅស្រុកសង្កែមួយទេ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា នៅក្នុងក្រុងបាត់ដំបង គឺនៅតាមបណ្ដាស្រុកដទៃៗទៀតក៏រងការប៉ះទង្គិចដោយសារខ្យល់កន្ត្រាក់ដំណាលៗគ្នានេះផងដែរ។ នេះបើតាមប្រភពព័ត៌មានពីអាជ្ញាធរ។
ជាមួយនឹងគ្រោះធម្មជាតិដែលបានកើតឡើងខាងលើនេះ ក៏មានភ្លៀងធ្លាក់លាយឡំទៅដោយផ្ទររន្ទះយ៉ាងខ្លាំងក្លាដែរ។ ប៉ុន្តែយ៉ាងណា ពុំទាន់មានរបាយការណ៍ជាក់លាក់ពីតាមបណ្ដាស្រុក និងក្រុងនៅឡើយទេ។ ហើយបើតាមសមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះសមត្ថកិច្ច និង អាជ្ញាធរដែនដី បាននិងកំពុងចុះពិនិត្យតាមមូលដ្ឋាន ដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់លើហើយ។
ព័ត៌មានបន្ថែម ហើយលំអិត នឹងមានផ្សាយជូននៅពេលក្រោយបន្តទៀត៕
ចែករំលែកព័តមាននេះ