ប្រជាពលរដ្ឋ២ស្រុកប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនតាមស្រែ ឬចម្ការ
- បាត់ដំបង
អាជ្ញាធរ និងសមត្ថកិច្ច បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទ ជូនដល់មន្ត្រីអង្គភាពកំចាត់មីន
អាជ្ញាធរ និងសមត្ថកិច្ច បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទ ជូនដល់មន្ត្រីអង្គភាពកំចាត់មីន
ខេត្តបាត់ដំបង ៖ អាជ្ញាធរ និងសមត្ថកិច្ច បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទ ជូនដល់មន្ត្រីអង្គភាពកំចាត់មីន CMAC ជាបន្តបន្ទាប់ ក្រោយពីប្រជាពលរដ្ឋប្រទះឃើញនៅតាមស្រែ ឬចម្ការនាប៉ុន្មានថ្ងៃកន្លងទៅនេះ។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីប៉ុស្ដិ៍រដ្ឋបាល ឃុំស្នឹង ស្រុកបាណន់ បានប្រគល់គ្រាប់កាំភ្លើ.ងធុនធ្ងន់ចំនួន០៣គ្រាប់ ជូនដល់មន្ត្រីអង្គភាពកំចាត់មីន CMAC ដើម្បីយកទៅកម្ទេចចោល ក្រោយពីប្រជាពលរដ្ឋប្រទះឃើញនៅឯចម្ការ រួចយកមកប្រគល់ជូនមន្ត្រីមូលដ្ឋាន។ ហើយគ្រាប់កាំភ្លើ.ងទាំងនោះរួមមាន ៖ គ្រាប់ធុន DK-75 មួយគ្រាប់, គ្រាប់ B-40 មួយគ្រាប់ និងគ្រាប់មីនធុន69 មួយគ្រាប់។
ដោយឡែកនៅឯស្រុកបវេល ត្រូវបានគេរាយការណ៍ឱ្យដឹងដែរថា ប្រជាពលរដ្ឋបានប្រើប្រាស់គ្រឿងចក្រកាយដីដំបូកក្នុងស្រែ ហើយក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទចំនួន១០គ្រាប់ផងដែរ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិបឹងសង្កែ ឃុំឃ្លាំងមាស ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងបន្តថា យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់នោះ រួមមាន ៖ គ្រាប់ B-40,5 ចំនួន៤គ្រាប់, គ្រាប់ B-40 ចំនួន០៤គ្រាប់ និងប្រភេទគ្រាប់ «ឡង់» ចំនួន២គ្រាប់។
មន្ត្រីជំនាញបាននិយាយដែរថា គ្រាប់កាំភ្លើ.ងទាំងនេះ សុទ្ធតែគ្រាប់នៅសេសសល់កាលពីសម័យសង្គ្រាម ដែលកប់នៅក្នុងដី តែត្រូវប្រជាពលរដ្ឋគាស់កកាយដីចម្ការ ឬដីស្រែក៏ប្រទះឃើញតែម្តង។
មន្ត្រីជំនាញក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកនានា ជាពិសេសប្រជាកសិករធ្វើស្រែចម្ការ ត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រាប់យុទ្ធភ័ណ្ឌគ្រប់ប្រភេទ ដែលនៅសេសសល់សម័យសង្គ្រាមកប់នៅក្នុងដី។ ព្រោះថា ប្រភេទគ្រាប់ខ្លះ ពិតមែនតែមានស្ថានភាពច្រែះចាប់ តែវាអាចផ្ទុះបង្កគ្រោះថ្នាក់បាននៅពេលប៉ះពាល់ ឬយកទៅបោះលេងជាដើម៕
ចែករំលែកព័តមាននេះ