រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀ.ន ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀ.ន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ វេលាម៉ោងប្រមាណ៣និង១០នាទីរសៀល ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ន មុនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀ.នខុសច្បាប់នៅ៥គោលដៅផ្សេងគ្នា ។

នៅក្នុងចំណោមគោលដៅទាំង៥នោះ មាន៤គោលដៅនៅរាជធានីភ្នំពេញ និង១គោលដៅ នៅខេត្តកណ្តាល ក្នុងនោះនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ៖
គោលដៅទី១- នៅមុខក្រសួងពាណិជ្ជកម្ម មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គោលដៅទី២- នៅផ្ទះជួលលេខ៦៤E១ ផ្លូវលេខ១១០ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
គោលដៅទី៣- នៅបុរីពិភពថ្មី ផ្ទះលេខ១០៧ ផ្លូវ E ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គោលដៅទី៤- នៅបុរីពិភពថ្មី ផ្ទះលេខ១២៦ ផ្លូវលេខ ៣៥B ភូមិត្រពាំងព្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
គោលដៅទី៥- នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១១ថ្ងៃត្រង់ សមត្ថកិច្ចបានបន្តទៅឆែកឆេរនៅផ្ទះជួលលេខ២CE១ ផ្លូវលេខ១០៩ ភូមិ៣ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជាលទ្ធផលនៃប្រតិបត្តិការខាងលើនេះ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះរួមមាន ៖ ១-ឈ្មោះ សេង គុន្នី ភេទស្រី អាយុ៤៤ឆ្នាំ។ ២-ឈ្មោះ អ៊ឹម ស្រីពៅ ភេទស្រី អាយុ៣៨ឆ្នាំ ។ ៣-ឈ្មោះ លាស់ ណេត ភេទស្រី អាយុ៣៩ឆ្នាំ ។
ហើយចំពោះវត្ថុតាងដែលចាប់យករួមមាន ៖ ១- សារធាតុញៀ.នប្រភេទហេរ៉ូអ៊ីនទម្ងន់១៣៨គីឡូក្រាម និង៥៨៥,៧៥ក្រាម ។ ២- សារធាតុញៀ.នប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់៤គីឡូក្រាម និង១៦១,៥៣ក្រាម ។ ៣- សារធាតុញៀ.នប្រភេទមេតំហ្វេតាមីន ទម្ងន់៤៦គីឡូក្រាម និង៦២ក្រាម ។ ៤- សារធាតុញៀ.នប្រភេទកេតាមីន ទម្ងន់៤គីឡូក្រាម និង៣២៦,៩៣ក្រាម ។ ៥- នីមេតាហ្សេប៉ាម ទម្ងន់ ៧៧២,២០ក្រាម។

ជាសរុប សារធាតុញៀ.នទាំងអស់ខាងលើនេះ មានទម្ងន់១៩៣គីឡូក្រាម និង៩០៨,៤១ក្រាម និងមានសារធាតុមិនច្បាស់ទម្ងន់ ២៣,២១ក្រាមទៀត ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ