ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ដូច​បាយ​ពុះ​! បុគ្គល​៥​នាក់ត្រូវថៃពិន័យ​ ពាក់ព័ន្ធ​ការ​វា.យត.ប់​គ្នា​ជាមួយ​ឥណ្ឌូ​ណេ​ស៊ី

11 ខែ មុន

ថៃ ៖ សមាគម​កីឡាបាល់ទាត់​ប្រទេស​ថៃ (FAT) បាន​ចេញ​សេចក្តី​ប្រកាស​អំពី​ការ​ពិន័យ​ជា​ផ្លូវការ​លើ​

ថៃ ៖ សមាគម​កីឡាបាល់ទាត់​ប្រទេស​ថៃ (FAT) បាន​ចេញ​សេចក្តី​ប្រកាស​អំពី​ការ​ពិន័យ​ជា​ផ្លូវការ​លើ​បុគ្គល​ពាក់ព័ន្ធ​នឹង​ការ​វា.យត.ប់​គ្នា នៅ​ឯការ​ប្រកួត​វិញ្ញាសា​បាល់ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។

សមាគម​បាល់ទាត់​ថៃ (FAT) បាន​ចេញ​ជា​ផ្លូវការ​នូវ​ការ​ពិន័យ​ដល់​ក្រុមការងារ និង​សមាជិក​កីឡាករ​អាយុ​ក្រោម​២២​ឆ្នាំ​របស់​ខ្លួន បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម U-22 ឥណ្ឌូ​ណេ​ស៊ី នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ វិញ្ញាសា​បាល់ទាត់​បុរស កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា កន្លង​ទៅ ដែល​ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​ឥណ្ឌូ​ណេ​ស៊ី ឈ្នះ​លទ្ធផល ៥-២ នៅ​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី ២​ដង​។

អាស្រ័យ​ហេតុនេះ​ហើយ ក្រោយ​ការ​ស៊ើបអង្កេត លោក​ឧត្តម​សេនី​យ៏​ទោ Amnoy Nimmano បាន​ប្រមូល​ភ័ស្តុតាង​អំពី​បុគ្គល​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នោះ ដោយ​បុគ្គល​៣​នាក់​ចេញពី​ក្រុមការងារ​រួម​មាន​លោក Prasadchok Chokmoh គ្រូបង្វឹក​អ្នកចាំទី លោក Mayed Madad និង​លោក Patrawut Wongsripuek ក្រុមការងារ​គ្រប់គ្រង​ក្រុម នឹង​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ចូលរួម​កាតព្វកិច្ច​គ្រប់​កម្រិត​នៃ​ក្រុម​ថៃ​ក្នុង​រយៈពេល​១​ឆ្នាំ​។ លើស​ពី​នេះ​ទៅ​ទៀត កីឡាករ​២​រូប រួម​មាន​អ្នកចាំទី Sophonwit Rakyath និង​កីឡាករ​បម្រុង Teerapak Pruengna នឹង​ត្រូវ​ទទួល​បម្រាម​មិន​ឱ្យ​ចូលរួម​ក្នុង​ក្រុម​ថៃ​រយៈពេល​៦​ខែ​ផង​ដែរ​។

សមាគម​បាល់ទាត់​ថៃ បាន​ចេញ​ការ​ពិន័យ​ជា​ផ្លូវការ​សម្រាប់​ក្រុម U-22 របស់​ខ្លួន ដោយ​លើក​ឡើង​ថា «​រឿងហេតុ​នេះ ត្រូវ​បាន​រាយការណ៍​ជា​បន្តបន្ទាប់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​អន្តរជាតិ ដែល​បាន​ធ្វើ​ឱ្យ​ខូច​មុខមាត់​វិស័យ​បាល់ទាត់​ថៃ និង​ប្រទេស​ថៃ​ទាំងមូល​យ៉ាងធ្ងន់ធ្ងរ​។ ថ្នាក់ដឹកនាំ​ក្រុម គួរតែ​ជា​អ្នកដឹកនាំ និង​ត្រួតពិនិត្យ​អាកប្បកិរិយា​របស់​កីឡាករ​វ័យក្មេង​ជាមួយនឹង​ចំណេះដឹង បទ​ពិសោធន៍ និង​អាយុ​របស់​ពួក​គេ ប៉ុន្តែ​បែរជា​មាន​អាកប្បកិរិយា​មិន​សមរម្យ​ទៅ​វិញ​។ ដូច្នេះ​គ្មាន​ហេតុផល​ណា​ដែល​ត្រូវ​មានចិត្ត​មេត្តា​នោះ​ទេ​»​។

ដោយឡែក​ខាង​កីឡាករ​ទាំង​២​នាក់​ដែល​បង្កកំហុស សមាគម​បាល់ទាត់​ថៃ បាន​បញ្ជាក់​ថា «​កីឡាករ​ស្ថិត​ក្រោម​សម្ពាធ​ផ្លូវចិត្ត​យ៉ាង​ខ្លាំង ដូច្នេះ​ហេតុការណ៍​អកុសល​បាន​កើតឡើង​។ ក្រោយមក​អ្នក​ទាំង​២ បានដឹង​អំពី​ទ​ង្វើ​ខុសឆ្គង​របស់​ខ្លួន ហើយ​បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​។ កីឡាករ​ទាំង​២​នាក់​មាន​អាយុ​ត្រឹមតែ ២១-២២​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​ការ​អាណិតអាសូរ​អាច​ទទួល​បាន​។ យ៉ាងណា​ក៏​ដោយ ពួក​គេ​នៅ​តែ​ទទួលទោស​តាម​ក្រមសីលធម៌​សម្រាប់​អត្ត​ព​លិ​ក​អាជីព​»​។

ទោះ​យ៉ាងណា​ក៏​ដោយ នេះ​គ្រាន់តែ​ជា​ការ​ដាក់​ពិន័យ​ពី​សំណាក់​សមាគម​បាល់ទាត់​ថៃ​ប៉ុណ្ណោះ ខណៈ​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី AFC ដែល​បាន​ប្រកាស​ថា ខ្លួន​នឹង​ស៊ើបអង្កេត និង​ផ្តល់​ការ​ពិន័យ​សមរម្យ​ដល់​ក្រុម U-22 ឥណ្ឌូ​ណេ​ស៊ី និង U-22 ថៃ​។ ចំណែក U-22 ឥណ្ឌូ​ណេ​ស៊ី បាន​អះអាង​ថា ពួក​គេ​នឹង​រាយការណ៍​ទៅ​កាន់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA អំពី​រឿងហេតុ​អកុសល​នេះ​៕ (​ដកស្រង់​ពី Main Stand និង Vietnam Postsen)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ