ប្រទេសថៃ គ្រោងនឹងស្នើអង្គការយូណេស្កូ ចុះក្នុងបញ្ជី «ក្រមាថៃ (Thai loincloth)» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នេះ។
លោក Anucha Burapachaisri អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្តីទីប្រចាំគណរដ្ឋមន្ត្រីថៃ បាននិយាយថា នាយករដ្ឋមន្ត្រីអស់អាណត្តិ ប្រាយុទ្ធ ចាន់អូចា រំពឹងថាក្រមាថៃ នេះនឹងក្លាយជា soft-power ដ៏ជោគជ័យមួយ សាយភាយវប្បធម៌ថៃទៅកាន់ពិភពលោក។ អ្នកនាំពាក្យរូបនេះក៏បាន លើកឡើងថា លោក ប្រាយុទ្ធ ចាន់អូចា បានកោតសរសើរពីភាពជោគជ័យនៃការសម្តែង នៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី០៦ ខែឧសភា ក្នុងទិវារបាំពិភពលោកឆ្នាំ២០២៣ ដោយថៃ បានសម្តែងបង្ហាញពីប្រជាជនខ្លួន ស្លៀកក្រម៉ា ជាប្រចាំថ្ងៃ ហើយការសម្តែងទី២ អ្នករបាំ ស្លៀកសម្លៀកបំពាក់ប្រពៃណីមកពីគ្រប់តំបន់ជុំវិញប្រទេសថៃ ដោយក្រោយពីការសម្តែងចប់ភ្ញៀវទេសចរនៅទីនោះចាប់អារម្មណ៍ជាខ្លាំង។
សូមរំលឹកផងដែរថា គណៈរដ្ឋមន្ត្រីថៃ បានប្រកាសកាលពីខែកុម្ភៈ ពីចេតនារបស់ខ្លួនដើម្បីចុះបញ្ជីក្រមាថៃ (Thai loincloth) ជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយនឹងអង្គការយូណេស្កូ៕
ចែករំលែកព័តមាននេះ