រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានបញ្ជាក់ជាថ្មីថា គោលការណ៍រដ្ឋាភិបាលមិនបានបិទគេហទំព័រ Ki-media ដែលរិះគន់រដ្ឋាភិបាលនោះទេ ។ ប្រសាសន៍ថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជានាពេលនេះ គឺបានធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃ៣ ឧសភា ដែលមានអ្នកសារព័ត៌មាន សមាគមសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល តំណាងអង្គទូតប្រចាំកម្ពុជា និងស្ថាប័ននានារបស់អង្គការសហប្រជាជាតិយ៉ាងហោចណាស់ចំនួន២០០រូប បានជួបជុំគ្នានៅឯមជ្ឈមណ្ឌលវប្បធម៌កូរ៉េ ក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃអង្គារ ទី៣ ឧសភា ២០១១នេះ ។
គួរបញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មាននៅថ្ងៃនេះ បានប្រារព្ធឡើងក្រោមប្រធានបទសាកល «សារព័ត៌មានសតវត្សទី២១ ព្រំដែនថ្មី ឧបសគ្គថ្មី» ដើម្បីលើកឡើងនូវការប្រឈម កាលានុវត្តភាព និងនិន្នការថ្មីៗនាពេលបច្ចុប្បន្ននេះ ក្នុងវិស័យសារព័ត៌មានសម័យថ្មីនៅកម្ពុជា។លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងពិធីនោះទៀតថា នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលបានណែនាំឱ្យគ្រប់ខេត្តទាំងអស់បង្កើតជាក្រុមមួយដែលមានឈ្មោះថា ក្រុមទំនាក់ទំនងសាធារណៈ និងអ្នកនាំពាក្យ ។
បានន័យថា គ្រប់ខេត្តទាំងអស់ត្រូវបង្កើតក្រុមនេះនិងឱ្យអភិបាលរងខេត្តមួយរូបជាអ្នកទទួលខុសត្រូវ ដោយមានមន្ត្រីព័ត៌មានម្នាក់ និងមន្ត្រីសាលាខេត្តម្នាក់ ជាអ្នកទំនាក់ទំនងការងារ។ ៣នាក់នេះជាអ្នកទទួលខុសត្រូវ ជាអ្នកនាំពាក្យ និងទំនាក់ទំនងសាធារណៈ និងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ។ លោកខៀវ កាញារីទ្ធ បានពន្យល់ថា ក្រុមទំនាក់ទំនងសាធារណៈ និងអ្នកនាំពាក្យមានតួនាទីជាអ្នកនាំពាក្យបានន័យថា មានបញ្ហាអ្វីគាត់ត្រូវឆ្លើយតបតាមសំណូមពរ ។
លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលផងនោះបានគូសបញ្ជាក់ថា ការបង្កើតការងារនេះគឺបង្ហាញអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលនៅក្នុងការងារផ្តល់ព័ត៌មានជូនប្រជាជនឱ្យបានច្បាស់លាស់។ បណ្តឹងសរុបប្រឆាំងនឹងអ្នកកាសែត មាន៦ករណីធំៗពាក់ព័ន្ធនឹងអ្នកកាសែតជាង១០នាក់ មកពីស្ថាប័នកាសែត និងទូរទស្សន៍ ។ របាយការណ៍ប្រចាំឆ្នាំ របស់សមាគមកម្ពុជាការពារអ្នកកាសែត ក៏បានលើកឡើងថា បើទោះបីក្នុងឆ្នាំ២០១០ មានបណ្តឹង និងការគំរាមកំហែងមកលើអ្នកកាសែតក៏ដោយ ក៏ប៉ុន្តែវិស័យសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើន ពិសេសក្នុងឆ្នាំ២០១០ មិនមានអ្នកកាសែតណាម្នាក់ស្លាប់ នៅក្នុងពេលបំពេញភារកិច្ចវិជ្ជាជីវៈរបស់ខ្លួន
ឡើយ ៕
ចែករំលែកព័តមាននេះ