ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពអាវស ចេញច្បាំងអំឡុងពេលកូវីដ ទទួលបានគ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ

11 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ ដែលប្រសិទ្ធនាមថា «កងទ័ពអាវស» ត្រូវបានបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរពី​រាជរដ្ឋាភិបាល។ ពិធីនេះ ធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ…

ភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ ដែលប្រសិទ្ធនាមថា «កងទ័ពអាវស» ត្រូវបានបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរពី​រាជរដ្ឋាភិបាល។ ពិធីនេះ ធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា។

​លោក​បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះសមាជិក​គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ដែលផ្នែកមួយនៃ “កងទ័ពអាវស” ដែលបានរួមសាមគ្គីគ្នា​ជាមួយនឹងមន្ត្រីសុខាភិបាលនៅទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ ដោយពេលនោះ បានសស្រាក់សស្រាំ បំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងប្រកបដោយពលិកម្មគ្រប់​បែបយ៉ាង រហូតមិនគិតដល់អាយុជីវិតរបស់ខ្លួនឯង សំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុ​ជីវិត​របស់ប្រជាពលរដ្ឋចាស់ក្មេងឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។

លោកបន្ថែមថា នេះគឺជាបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រ និងជាមោទកភាព​ដ៏ធំធេងរបស់បងប្អូនក្នុងនាមជាគ្រូពេទ្យ ដែលប្រកាន់ខ្ជាប់ម៉ឺងម៉ាត់ជានិច្ចនូវ​មនសិការវិជ្ជាជីវៈ និងឆន្ទៈក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសក្នុង​កាលៈទេសៈ​គ្រោះអាសន្នដែលជាតិ និងប្រជាជនត្រូវការ។

លោក​បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃនេះកាលពីខែឧសភា ឆ្នាំ២០២១ គឺយើងកំពុង​នៅក្នុងសង្គ្រាមប្រឆាំងនឹងសត្រូវឥតស្រមោល ដែលបានរាតត្បាតយ៉ាងរហ័ស កាចសាហាវ និងសម្លាប់ប្រជាជនខ្មែររាប់រយនាក់ និងជាច្រើនលាននាក់នៅទូទាំងពិភពលោក។ ប៉ុន្តែពេលនេះ អ្វីៗគឺផ្ទុយស្រឡះ ដោយយើងទាំងអស់គ្នាកំពុងអង្គុយជួបជុំប្រកបដោយស្នាមញញឹម និងភាព​រីករាយ ព្រមជាមួយនឹងការបានទទួលនូវការបំពាក់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ​រាជរដ្ឋាភិបាល ដែលជាសក្ខីភាពនៃការទទួលស្គាល់នូវស្នាដៃ គុណបំណាច់ ពលិកម្ម និងវីរភាព ដើម្បីអាយុជីវិតរបស់ប្រជាជនខ្មែរ និងលំនឹងស្ថិរភាពផ្នែកសង្គម-សេដ្ឋកិច្ច ដោយការយកជ័យ​ជម្នះ​លើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏ត្រូវបានទទួលស្គាល់​ដោយមជ្ឈដ្ឋានអន្តរជាតិផងដែរ ដូចដែលឆ្លុះបញ្ចាំងតាមរយៈចំណាត់ថ្នាក់ល្អបំផុត ដែលផ្តល់ឱ្យ​កម្ពុជា ចំពោះភាពរហ័ស និងប្រសិទ្ធភាពនៃការដឹកនាំ ចាត់ចែង និងគ្រប់គ្រងការរាត​ត្បាត និងផលប៉ះពាល់ ជាពិសេសការសង្គ្រោះអាយុជីវិតប្រជាជនពីជំងឺកូវីដ-១៩។

លោកហ៊ុនម៉ាណែត បញ្ជាក់ថា លទ្ធផលគួរជាទីមោទនៈនេះ បានកើតឡើងដោយសារមាន​យន្តការសំខាន់ចំនួន ៣ គឺ៖ ទី១. យន្តការថ្នាក់ជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំដោយផ្ទាល់ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងបង្កើតភាពស៊ាំក្នុង​សហគមន៍តាមរយៈយុទ្ធនាការស្រោចវ៉ាក់សាំង សម្រាប់សង្គ្រោះជីវិតប្រជាជនពីជំងឺកូវីដ-១៩។ ទី២. យន្តការសម្របសម្រួលកម្រិតគណៈកម្មការអន្តរក្រសួង និងរាជធានី-ខេត្ត ដែលផ្តល់ការគាំទ្រ​ផ្នែកសម្ភារ បច្ចេកទេស និងថវិកា និងទី៣. ប្រតិបត្តិករផ្ទាល់ ដែលបានបំពេញការងារយ៉ាងសកម្ម ច្បាស់លាស់ និងប្រកបដោយការលះបង់ខ្ពស់បំផុត ជាពិសេសក្រុមគ្រូពេទ្យដែលត្រូវបានមហាជនប្រសិទ្ធនាមថាជា “កងទ័ពអាវស”។

លោក​បណ្ឌិត ហ៊ុន ម៉ាណែត បានរម្លឹកថា សម្តេចតេជោ ធ្លាប់បានលើកឡើងនៅចំពោះមុខ​កងទ័ពអាវស រួមមកហើយថា៖ “មិនមែនជារឿងងាយទេ ក្នុងការប្រមូលមនុស្សមកចូលរួម​សមរភូមិនៃសត្រូវឥតស្រមោល ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជន បានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនលះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធនឹង​ជំងឺកូវីដ-១៩”។ ដូច្នេះ ការជួបជុំក្នុងថ្ងៃនេះ គឺដើម្បីអបអរសាទរស្នាដៃ និងការលះបង់ដ៏ធំធេង​របស់​ក្រុមគ្រូពេទ្យ និងដើម្បីអបអរសាទររីករាយក្នុងការទទួលបាននូវការទទួលស្គាល់ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលតាមរយៈការផ្តល់នូវគ្រឿងឥស្សរិយយស និងប័ណ្ណសរសើរនាពេលនេះ។

ជាមួយគ្នានេះ លោក​បណ្ឌិត សង្ឃឹមជឿជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងបន្តបេសកកម្មការងារអាទិភាពឱ្យកាន់តែសកម្មបន្ថែមទៀត ដូចជា៖ ការបន្ត​បេសកកម្ម​ចល័តចុះពិនិត្យ និងព្យាបាលជំងឺ នៅតាមបណ្តារាជធានី-ខេត្តទាំង ២៥, អង្គការ ឬមណ្ឌលកុមារកំព្រា, រោងចក្រ-សហគ្រាស, សាលារៀន, សហគមន៍ក្រីក្រ និងខ្នងផ្ទះប្រជាជន​នៅតាមមូលដ្ឋាន។ អាទិភាពការងារទាំងនេះ គឺជាការចូលរួមចំណែកក្នុងការឆ្លើយតប​ទៅនឹង​គោល​ដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាសុខាភិបាល ប្រកបដោយគុណភាព និងឱ្យបានទៅដល់ប្រជាជនខ្មែរគ្រប់ៗរូប៕ សុខ សារ៉ាយ