ខេត្តពោធិ៍សាត់ ៖ អនុប្រធានការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបានប្រហែលកន្លះម៉ោង ឯរថយន្តបង្កគ្រោះថ្នាក់មិនដឹងម៉ាក ហើយសមត្ថកិច្ចរកមិនទាន់ឃើញនៅឡើយទេ។
ប៉ូលិសចរាចរផ្លូវគោកខេត្តឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៥ត្រង់ម្តុំកន្លែងថ្លឹងរថយន្តស្ថិតក្នុងភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន កាលពីវេលាម៉ោង៦ និង៥០នាទីយប់ ថ្ងៃទី២ ឧសភា ២០១១។ ជនរងគ្រោះឈ្មោះស្វាយ ចាន់ថា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ជាអនុប្រធានការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក។
ប្រភពព័ត៌មានឱ្យដឹងថា នៅល្ងាចនោះលោកស្វាយ ចាន់ថា ផឹកទឹកត្នោតជូរជាមួយមិត្តភក្តិក្បែរផ្ទះនៅភូមិចំការចេកខាងជើងសង្កាត់ផ្ទះព្រៃ។ ខណៈពេលកំពុងផឹកជជែកគ្នាលេងនោះស្រាប់តែមានមិត្តភក្តិរបស់លោកផ្សេងទៀតនៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ទូរស័ព្ទទៅជាញឹកញាប់ហៅឱ្យលោកទៅ ប៉ុន្តែមិនដឹងថា ទៅមានការអ្វី ឬក៏មានកម្មវិធីផឹកស៊ីទៀតទេ។ ដូច្នេះហើយលោកលាទៅមុនដោយប្រាប់ថា ទៅជួបមិត្តភក្តិនៅភូមិអណ្តូងក្រសាំងនោះ ។ បន្ទាប់ពីលោកចេញទៅបាត់ប្រហែល១៥នាទីស្រាប់តែគេឮដំណឹងថា លោកជួបគ្រោះថ្នាក់ចរាចរណ៍នៅម្តុំស្ថានីយថ្លឹងរថយន្ត។
លោកវរសេនីយ៍ត្រីរស់ ចំរើន ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោកខេត្តឱ្យដឹងថា ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ រថយន្តបង្កគ្រោះថ្នាក់គេចបាត់ទៅហើយសល់តែជនរងគ្រោះដេកសន្លប់ស្តូកស្តឹងក្បែរម៉ូតូ ។ សមត្ថកិច្ចសួរបុគ្គលិកបំរើការងារនៅស្ថានីយថ្លឹងរថយន្តនោះពុំមានអ្នកណាម្នាក់ដឹងទេ។ ជនរងគ្រោះផុងថ្ងាស មុតគ្រាប់ភ្នែក រយះចង្កា និងបាក់ស្មងជើងស្តាំរបួសយ៉ាងធ្ងន់ធ្ងរ ហើយពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តបានប្រហែលកន្លះម៉ោងក៏ស្លាប់ទៅ។
លោករស់ ចំរើន បន្តទៀតថា ក្រោយពេលពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុអាចសន្និដ្ឋានបានថា ជនរងគ្រោះអាចជិះទៅបុកគូទរថយន្តធុនធំដែលឈប់ដោយសារចាំងភ្លើងហ្វារថយន្តពីមុខក្នុងទិសដៅពីកើតទៅលិច។ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនបានសំដែងការអាណិតអាសូរ និងសោកស្តាយចំពោះលោកស្វាយ ចាន់ថា ដែលជាមនុស្សស្លូតត្រង់ ។ គ្រាន់តែរយៈពេល៣ថ្ងៃប៉ុណ្ណោះ មន្ត្រីប៉ូលិសខេត្តពោធិ៍សាត់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន២នាក់ទៅហើយ ដែលម្នាក់ទៀតជាប៉ូលិសគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ