ប្រជាជនជាច្រើនម៉ឺននាក់ ដើរកម្សាន្តតាមដងផ្លូវនៅទូទាំងអាស៊ីកាលពីថ្ងៃអាទិត្យ ទី១ ឧសភា ជាទិវាពលកម្មអន្តរជាតិដោយភាគច្រើន ធ្វើការទាមទារសិទ្ធិ និងបង្កើនប្រាក់ឈ្នួល ព្រោះពលករត្រូវប្រឈមមុខនឹងបញ្ហាជីវភាពរស់នៅឡើងខ្ពស់ជាបន្តបន្ទាប់ ។
ប្រជាពលរដ្ឋយ៉ាងតិច៤.០០០នាក់នៅហុងកុងបានដើរជាក្បួនទាមទារច្បាប់ពលករឱ្យបានរឹងមាំ ខណៈពេលនៅទីក្រុងសេអ៊ូលកូរ៉េខាងត្បូង មានពលករយ៉ាងតិច ៥០.០០០នាក់ ធ្វើបាតុកម្មទាមទារសុំដំឡើងប្រាក់ឈ្នួល និងសុវត្ថិភាពក្នុងការងារឱ្យល្អជាងមុន ដោយមានប៉ូលិសជាច្រើនពាន់នាក់ការពារការធ្វើបាតុកម្មនោះភាគច្រើនមានភាពស្ងប់ស្ងាត់ ។
ក្រុមបាតុករបានរិះគន់លើច្បាប់ពលករនោះដោយពួកគេបញ្ជាក់ថា ធ្វើឱ្យគ្មានការងារធ្វើកាន់តែងាយស្រួល ។ ចំណែកក្នុងប្រទេសហ្វ៊ីលីពីនក្រុមបាតុករជាច្រើនពាន់នាក់ប្រមូលផ្តុំគ្នានៅទីក្រុងម៉ានីល និងនៅតាមទីក្រុងធំៗផ្សេងទៀត ដើម្បីទាមទារសុំដំឡើងប្រាក់ឈ្នួល និងឈប់ប្រើនយោបាយបញ្ជូនពលករទៅធ្វើការនៅបរទេស ដោយបច្ចុប្បន្នមានពលករ ពលការិនីហ្វ៊ីលីពីនប្រហែល ៩លាននាក់ ធ្វើការនៅឯបរទេស ។
ដោយឡែកក្រុមបាតុករនៅប្រទេសឥណ្ឌូ ណេស៊ី ក៏បានទាមទារសុវត្ថិភាពសង្គមក្នុងការធ្វើបាតុកម្មយ៉ាងស្ងប់ស្ងាត់នៅទីក្រុងហ្សាការតា ក្រោមការការពារសន្តិសុខយ៉ាងតឹងរឹង ខណៈពេលនៅប្រទេសស្រីលង្កាបានប្រើឱកាសពលកម្មអន្តរជាតិប្រឆាំងនឹងរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចោទប្រកាន់កងទ័ពរដ្ឋាភិបាលសម្លាប់ផ្តាច់ពូជក្រុមខ្លាតាមិលក្នុងពេលកើតមានសង្គ្រាមកាលពីឆ្នាំ២០០៩ ។
សហគមន៍ពលកររបស់ជប៉ុនបានធ្វើការទាមទារកាលពីថ្ងៃអាទិត្យ ទី១ ឧសភា ឱ្យលុបចោល រោងចក្រថាមពលអគ្គិសនីនុយក្លេអ៊ែរ ខណៈពេលមន្ត្រីជួយសង្គ្រោះនៅតែព្យាយាមអស់ពី លទ្ធភាពក្នុងការគ្រប់គ្រងរោងចក្រអគ្គិសនីនុយក្លេអ៊ែរ «ហ្វូគូស៊ីម៉ា» ដែលទទួលការខូចខាតពីការរញ្ជួយដីកម្រិត៩រិចស្ទ័រ កាលពីថ្ងៃទី១១ មីនា កន្លងមក ។
លោកសាគូជី ដាយកូគូ ប្រធានសហគមន៍ ពលករបានថ្លែងនៅចំពោះមុខក្រុមបាតុករក្នុងទីក្រុងតូក្យូថា សុំឱ្យរដ្ឋាភិបាលបញ្ឈប់ការទ្រទ្រង់ដល់រោងចក្រអគ្គិសនីនុយក្លេអ៊ែរ និងស្នើសុំឱ្យផ្លាស់ប្តូរនយោបាយផ្នែកថាមពល ។ ចំណែកកាស៊ូអូ ស៊ីអីុ ប្រធានគណបក្ស កុំមុយនីស្តជប៉ុនថ្លែងថា យើងនឹងអំពាវនាវយ៉ាងប្រាកដប្រជាឱ្យរដ្ឋាភិបាលសម្រេចចិត្តដកខ្លួនចេញពីការផលិតចរន្តអគ្គិសនីពីថាមពលនុយក្លេអ៊ែរ និងកំណត់គម្រោងការកាត់បន្ថយរោងចក្រអគ្គិសនីប្រើថាមពលនុយក្លេអ៊ែរឱ្យនៅតិច ៕
ចែករំលែកព័តមាននេះ