ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរទេស០១គ្រឿង មានឈ្មោះ CASTA SERENA បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត៣០០០នាក់ ចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងគោលបំណងធ្វើទេសចរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុក្នុងដំណើរកម្សាន្តតាមឆ្នេរសមុទ្រ តំបន់រមណីយដ្ឋាននានា ទីប្រជុំជនសំខាន់ៗក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។ នេះបើតាមក្រសួងព័ត៌មានបានបង្ហោះ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍បរទេស CASTA SERENA សញ្ជាតិ Italy មានបណ្ដោយ២៩០,២០ម៉ែត្រ ទទឹង៣៥,៥០ម៉ែត្រ និងជម្រៅទឹក ៨,៣០ម៉ែត្រ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន២ ៦៤៣នាក់ ស្រី១ ៥៤៥នាក់ មាន១៨សញ្ជាតិ និងមាននាវិកសរុបចំនួន១០៥៧នាក់ ក្នុងនោះស្រី១៧៣នាក់ មាន ៣៣សញ្ជាតិ បានធ្វើដំណើរមកពីប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ តាមការគ្រោងទុកនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែ ស្វយ័តក្រុង ព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង១៧ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។
ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមនាវា CASTA SERENAនេះ មានសញ្ជាតិច្រើនជាងគេ គឺថៃ មានចំនួន២៥៨៦នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសម្រុះជាតិសាសន៍ផ្សេងទៀត។
សូមបញ្ជាក់ថា នៅដើមឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលនាវាទេសចរណ៍បរទេសចូលចតជាបន្តបន្ទាប់ ក្រោយពីការបិទបញ្ចប់នូវជំងឺរាតត្បាតកូវីដ-១៩ ពិសេសការបិទបញ្ចប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយឡែកខេត្តព្រះសីហនុ ក៏ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមចំនួន០៣វិញ្ញាសា មានដូចជា កីឡាទូកក្តោង កីឡាបាល់ទះលើឆ្នេរខ្សាច់ និងកីឡាម៉ូតូទឹក ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣កន្លងមក ។

ទន្ទឹមនឹងខេត្តព្រះសីហនុ កំពុងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) អមដោយការរៀបចំតាំងពិព័រណ៍ ការប្រគំតន្ត្រី សិក្ខាសាលា ស្តីពីការអភិវឌ្ឍ និងទាក់ទាញទេសចរនៅតំបន់ឆ្នេរ ការទស្សនាតាមបណ្ដាកោះ និងរមណីយដ្ឋាននានា ការប្រណាំងកង់ចម្ងាយ ៣៥គីឡូម៉ែត្រ ការប្រកួតបាល់ទះលើឆ្នេរខ្សាច់ និងការប្រកួតបាល់ ទាត់មហាជនក្នុងក្របខ័ណ្ឌសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ នៃច្រករបៀងកម្ពុជា វៀតណាម និងថៃ (CVTEC) ដងដែរ៕
ចែករំលែកព័តមាននេះ