ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រស់នៅ​ក្នុង​បុរី​រស្មី​បាត់ដំបង​៥កំពុង​បារម្ភ​ពី​សុវត្ថិ​ភាព​និង​បញ្ហា​អសន្តិសុខ ​!!!

11 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ប្រជាពលរដ្ឋ ​និង​អា​ជីវករ​មួយ​ចំនួន ដែល​កំពុង​រស់នៅ​ក្នុង​បុរី ​«​រស្មី​បាត់ដំបង​៥» ស្ថិត​ក្នុង​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង កំពុង​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​សុវត្ថិភាព​រស់នៅ និង បញ្ហា​​អសន្តិសុខ​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​បុរី…

ខេត្តបាត់ដំបង​៖ ប្រជាពលរដ្ឋ ​និង​អា​ជីវករ​មួយ​ចំនួន ដែល​កំពុង​រស់នៅ​ក្នុង​បុរី ​«​រស្មី​បាត់ដំបង​៥» ស្ថិត​ក្នុង​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង កំពុង​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​សុវត្ថិភាព​រស់នៅ និង បញ្ហា​​អសន្តិសុខ​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​បុរី ក្រោយ​ពី​មាន​ចោរ​ធ្វើ​សកម្មភាព​គាស់​ផ្ទះសម្បែង​ប្រជាពលរដ្ឋចូល​លួច​ទ្រព្យសម្បត្តិ កើតឡើង​ស្ទើរ​ទាំង​យប់ ទាំង​ថ្ងៃ តែ​គេ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ចុះ​សួរនាំ ឬមាន​វិធានការ​ទប់ស្កាត់ ឬធ្វើការ​បង្ក្រាប​បាន​ម្ដងណា​ឡើយ រហូត​មក​ទល់​ពេល​នេះ ខណៈ​សកម្មភាព​ពួក​ចោរ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះកាន់​គ​គ្លើ​ន​ឡើង​ៗ ​។

បើ​តាម​ប្រភព​ព័​ត៌មាន ពី​អ្នក​រស់នៅ​ក្នុង​បុរី «​រស្មី បាត់ដំបង​៥» បាន​ឲ្យ​ដឹង​ថា ពួក​ចោរ​ហាក់​បង្កើន​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​ៗ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខណៈ​សកម្មភាព​ចោរកម្ម​នេះ ហាក់​បង្ហាញ​សញ្ញា​គួរ​ឲ្យ​កត់សម្គាល់​ចាប់ផ្ដើម​តាំងពី​អំឡុង​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ រហូត​មក​ម្លេះ​។ ប៉ុន្តែ​គេ​ពុំដែល​ឃើញ​សមត្ថកិច្ច ក្នុង​ស្ថាប័ន​ណាមួយ​ចុះ​អន្តរា​គម​ន៍​សួរនាំ​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​បុរី​នេះ​ម្ដងណា​ទេ គិត​មក​ដល់​ត្រិ​ម​ថ្ងៃ​ទី ១៩ ឧសភា​នេះ ខណៈ​ក្រុម​ចោរ​កាន់តែ​បង្កើន​សកម្ម​ភាព​គួរ​ឲ្យ​ខ្លាច​។

នៅ​ព្រឹក​ថ្ងៃ​ទី១៩ ឧសភា ប្រជាពលរដ្ឋ និងអាជីវករ​មួយ​ចំនួន​ដែល​រស់នៅ​ក្នុង​បុរី ​« រស្មី​បាត់ដំបង​៥» បាន​ផ្ដល់​ព័​ត៌​មាន​នេះ​ ដល់កោះសន្តិភាព តាម​ទូរស័ព្ទ​ផង និង​ជួប​ផ្ដល់​បទ​សម្ភាស​ន៍​ផ្ទាល់​ផង ដោយ​ពួក​គាត់​បាន​និយាយ​រៀបរាប់​អំពី​បញ្ហា​អសន្តិសុខ ដែល​កំពុង​កើតឡើង​នៅ​ក្នុង​បុរី និង​កំពុង​យារយី​ដល់​សុវត្ថិភាព អ្នក​រស់នៅ​ក្នុង​បុរី​នេះ​ផ្ទាល់​ ។ អ្នកស្រី សំនៀង ដែល​រស់នៅ​ក្នុង​បុរី «​រស្មី​បាត់​ដំបង​៥» ក្បែរ​កន្លែង​កើតហេតុ បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ឧសភា​ថា កន្លង​ទៅ​យូរ​ៗ​ម្ដង មាន​ចោរ​គាស់​ផ្ទះ ឬ លួច​អីវ៉ាន់​ផ្សេង​ៗ​នៅ​ក្នុង​បុរី​នេះ​ ។ ប៉ុន្តែ​ប្រហែល​ជាង​១​ខែ​ចុង​ក្រោយ​នេះ សកម្មភាព​ភាព​ចោរ​គាស់​ផ្ទះ និង លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​បុរី​នេះ បាន​កើតឡើង​កាន់​តែ​ខ្លាំង ។

អ្នកស្រី​និយាយ​ថា ពេល​ខ្លះ​ចោរ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូល​លួច​ទាំង​ថ្ងៃ​ក៏​មាន បើ​ទោះជា​ម្ចាស់​ផ្ទះ​កំពុង​ស្ថិត​នៅ​ខាងក្នុង​ផ្ទះ​ក្ដី ក៏​ចោរ​ចង្រៃ​នេះ​ វា​ហ៊ាន​ប្រព្រឹត្ត​ដែរ​។ អាជីវករ​ម្នាក់​ទៀត ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ដែរ​ថា កាលពី​វេលា​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី១៧ ឧសភា ក្រុម​ចោរ​មាន​គ្នា​យ៉ាងតិច​០២​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​គេ នៅ​ក្នុង​បុរី​នេះ​ចូល​លួច​យក​ទ្រព្យ​អស់​គ្មាន​សល់​។ គាត់​បាន​បញ្ជាក់​ថា ចាប់តាំងពី​យប់​ថ្ងៃ​ទី១៧ រហូត​ដល់​យប់​ថ្ងៃ​ទី១៩ ឧសភា គឺក្រុម​ចោរ​បាន​ចូល​មក​គាស់​ផ្ទះ​គេ លួច​អីវ៉ាន់​នៅ​ក្នុង​បុរី​ខាងលើ​នេះ ​ជា​បន្តបន្ទាប់ រហូត​ម្ចាស់ផ្ទះ​ខ្លះ​ស្ទើរតែ​លែង​ហ៊ាន​ដេក​លក់​ទៅ​ហើយ ព្រោះ​ខ្លាច​ចោរ​គាស់​ផ្ទះ​ ។

ហើយ​នៅ​យប់​ថ្ងៃ​ទី១៩ ឧសភា អ្នក​រស់នៅ​ក្នុង​បុរី ក៏​បាន​ផ្អើល​ឆោឡោ​ឡើង​ព្រោងព្រាត​ផង​ដែរ ដោយសារ​តែ​មាន​ដំណឹង​ថា មាន​ក្រុម​ចោរ​ចូល​បុរី​ជា​ថ្មី​ទៀត ​។ ក្រុម​បិសាច​រាត្រី​ខ្លះ (​ចោរ​) ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព នៅ​ពេល​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូល​លួច​អីវ៉ាន់​។ ហើយ​ត្រូវ​បាន​គេ​យក​រូបភាព​ទាំងនោះ ទៅ​បង្ហោះ​ផ្អើល​ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម​ទៀត​ផង តែ​ពេល​ខ្លះ​ ហាក់មិន​រំខាន​ដល់​អារ​ម្ម​ណ៍​​សមត្ថកិច្ច​ទេ​ ។ បើ​តាម​អ្នក​រស់នៅ​ក្នុង​បុរី​នេះ បាន​បញ្ជាក់​ថា ចោរ​បាន​ធ្វើ​សកម្មភាព​ខ្លាំង​ក្នុង​រយៈពេល​៣​ទៅ​៤​យប់​ចុង​ក្រោយ​នេះ ហើយ​រហូត​មក​ដល់​ត្រឹម​​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា នេះ គេ​មិន​ទាន់​ឃើញ​វត្តមាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​ទៅ​សួរនាំ​ប្រជា​ពលរដ្ឋ​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​អំពើ​«​ចោរកម្ម​»​យ៉ាង​កក្រើក ក្នុង​បុរី «​រស្មី​បាត់ដំបង​៥» នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

ជុំវិញ​ករណី​អំពើ ​«​ចោរកម្ម​» ដែល​បាន​កើតឡើង​យ៉ាង​កក្រើក ក្នុង​បុរី​«​រស្មី​បាត់ដំបង​៥» ដែល​គេ​យក​រូប​ចោរ​បង្ហោះ​ផ្អើល​ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម ស្នងការ​ខេត្តបាត់ដំបង លោក សាត គឹ​ម​សាន បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ឧសភា នេះ​ដែរ​ថា លោក​ពុំ​ទាន់​ទ​ទូល​បាន​ព័​ត៌​មាន​នេះ​ពី​មន្ត្រី​ថ្នាក់​ក្រោម​នៅឡើយ​ទេ មក​ទល់​ពេល​នេះ តែ​លោក​បានដឹង​នៅ​ពេល​ឃើញ​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម​នានា ​។ លោកស្នងការ​បាន​ប្រាប់​ថា ក្រោយ​ពេល​ឃើញ​ដូច្នេះ លោក​ក៏​បាន​បញ្ជា​ឲ្យ​លោក​អធិការ​ក្រុង ចាត់​កម្លាំង​ចុះ​ទៅ​សួរនាំ ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​អះអាង​ពី​អ្នក​រស់នៅ​ក្នុង​បុរី​ខាងលើ​នេះ បច្ចុប្បន្ន​បុរី​នេះ​ ពុំ​មាន​សន្តិសុខ​យាមកាម​ទេ​។ ហើយ​នៅ​ជុំវិញ នៃ​តំបន់​បុរី ក៏​គ្មាន​របង​ហ៊ុំ​ព័ទ្ធ​ដែរ គឺ មាន​តែ​វាលស្រែ​ល្វឹងល្វើយ​។ រីឯ​ភ្លើង​អគ្គិស​នី​បំភ្លឺ​តាម​ផ្លូវ​ក្នុង​បុរី​វិញ ក៏​មិន​បាន​បើក​ទល់​ភ្លឺ​ដែរ ត្រឹម​​​ម៉ោង​១១​យប់​យ៉ាង​យូរ គឺ​គេ​បិទ​ហើយ​។ នេះ​ជា​ភាព​ងាយ​ស្រួល​ដល់​ក្រុម​ចោរ​ធ្វើ​សកម្មភាព​។

កោះសន្តិភាព មិន​អាច​ទំនាក់ទំនង សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ​នេះ​ពី លោក ឧកញ៉ា ហេង តុលា ដែល​គេ​អះអាង​ថា ជា​ថៅកែ​បុរី «​រស្មី បាត់ដំបង​៥» នេះ​បាន​ភ្លាម​ៗ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា​ ។ ប៉ុន្តែ​លោក សាត គឹ​ម​សាន ស្នងការ​ខេត្ត បាន​បញ្ជាក់​ថា លោក​នឹង​ជួប ពិភាក្សា​គ្នា​ជា​មួយ​ម្ចាស់​បុរី​នេះ និងជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​និយាយ​ពី​បញ្ហា​ពង្រឹង​សន្តិសុខ​នៅ​ក្នុង​បុរី
ឬនៅ​ក្នុង​មូលដ្ឋាន​។ ពេល​នេះ​ លោក​បាន​បញ្ជា​ឲ្យ​អធិការ​ក្រុង ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ​។

ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​ដែល​ចេះ​តែ​បង្កើន​សកម្មភាព​របស់​ក្រុម​ចោរ​មិន​ថមថយ​បែប​នេះ អ្នកស្រី សំនៀង ក៏​មិន​ខុស​ពី​ប្រជាពលរដ្ឋ ឬអាជីវករ​ដទៃ​ទៀត ដែល​កំពុង​រស់នៅ​ក្នុង​បុរី​នេះ​ដែរ សុទ្ធតែ​បាន​​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា ដោយសារ​តែ​សកម្មភាព​ពួក​ចោរ​គាស់​ផ្ទះ​កាន់តែ​គ​គ្លើ​ន​
ទៅ​ៗ​គ្មាន​ស្រាកស្រាន្ត​សោះ​បែប​នេះ ថែម​ទាំង​ពុំដែល​ឃើញ​សមត្ថកិច្ច​ចុះ​សួរនាំ​ផង​នោះ ធ្វើ​ឲ្យ​ក្រុម​សារ​របស់​ពួក​គាត់ កាន់តែ​រងា និងកាន់តែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុ​វត្ថិភាព​ ។

អ្នកស្រី សំនៀង បាន​បញ្ជាក់​ដែរ​ថា ដោយសារ​តែ​អំពើ​ចោរកម្ម​កើតឡើង​ផ្ទូ​ន​ៗ​គ្នា នៅ​ក្បែរ​ផ្ទះ​អ្នកស្រី ធ្វើ​ឲ្យ​កូនចៅ​អ្នកស្រី​ព្រួយបារម្ភ​កាន់តែ​ខ្លាំង រហូត​ជម្រុញ​ឲ្យ​អ្នកស្រី​បិទទ្វារ​ផ្ទះ​ក្នុង​បុរី​នេះ​ជា​បណ្ដោះ​អាសន្ន ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​រស់នៅ​ផ្ទះ​ចាស់​នៅ​ក្នុង​ឃុំ​ជ្រៃ ស្រុក​ថ្មគោល​វិញ តែ​អ្នកស្រី​មិន​ទាន់​សម្រេចចិត្ត​ថា តើ​ត្រូវធ្វើ​បែប​ណា ? អំពើ​ចោរកម្ម​ដូច​ជា «​លួច ឆក់ ប្លន់ គាស់​ផ្ទះ និង ក្រុម​ក្មេង​ទំនើង​» ហាក់​បង្កើន​សកម្មភាព​កាន់តែ​ខ្លាំង​នា​ប៉ុន្មាន​ខែ​កន្លង​មកនេះ នៅ​ក្នុង​ខេត្តបាត់ដំបង ជា​ពិសេស​នៅ​ក្នុង​ក្រុង​បាត់​ ។

នេះ​មិន​និយាយ​ពី​បទល្មើស​នានា ដែល​បាន​កើតឡើង​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ដែល​ត្រូវ​បាន​​គេ​បិទ​បាំង មិន​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ​។ បើ​ពិនិត្យ​លើ​សកម្មភាព​ជនល្មើស ដែល​បាន​ប្រព្រឹត្ត​កន្លង​មក ហាក់​គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​បន្តិច​ឡើយ បើ​ទោះជា​កម្លាំង​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​បានជា​បន្ត​បន្តា​ប់​ក្ដី ក៏​ក្រុម​ជនល្មើស​ដែល​នៅ​សេសសល់​គ្មាន​ខ្លាចរអា​ដែរ នៅ​តែ​កែ​ណ្ឌ​បក្សពួក​ប្រព្រឹត្ត​ដដែល​ទៀត​។ ជា​ពិសេស​ក្រុម​ចោរ​«​ប្លន់​»​ហា​រយ​តែ​ម្ដង ដែល​ប​ម្លែ​ង​ចេញពី​ក្រុម​ក្មេង​
ទំនើង​។

បើ​តាម​ប្រភព​ព័​ត៌មាន​ចុង​ក្រោយ ​ដែលកោះសន្តិភាព ទ​ទូល​បាន​ក្រៅផ្លូវការ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី «​រស្មី បាត់ដំបង​៥» ក្រុម​ចោរ​ដែល​តែង​ធ្វើ​សកម្មភាព (​គាស់​ផ្ទះ និង កាត់​ខ្សែភ្លើង​) នៅ​ក្នុង​បុរី​នេះ មាន​គ្នា​ចំនួន​០៥​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង ហើយ​ក៏​មាន​សមាសភាព​ជន​ស្ស័​យ​ខ្លះ​ជិះ​កង់​ដែរ​ ។

ព័ត៌មានចុងក្រោយបានឱ្យកោះសន្តិភាពដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់​ហើយនាថ្ងៃទី១៩ ឧសភា នេះ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ