ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីអាជីវករលក់ដូរនៅផ្ទះម្នាក់ ខណៈកំពុងជិះកង់តាមផ្លូវត្រូវបានរថយន្តពុំស្គាល់ម៉ាកមួយគ្រឿងបុកពីក្រោយ បណ្តាលឱ្យរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២ ឧសភា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។
តាមក្រុមគ្រួសារស្ត្រីរងគ្រោះបាននិយាយឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះនឹប នី អាយុ៤២ឆ្នាំ រស់នៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៍ ។ ជារៀងរាល់ថ្ងៃគាត់តែងងើបពីយប់ជិះកង់ទៅទិញបន្លែនៅផ្សារពន្លៃ យកមកដាក់លក់នៅផ្ទះ ។ នៅថ្ងៃកើតហេតុគាត់បានជិះកង់ទៅផ្សារពន្លៃដូចសព្វដង លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងពុំស្គាល់ម៉ាកបានបុកគាត់ពីក្រោយបណ្តាលឱ្យដួលបោកទៅថ្នល់ជាតិ រងរបួសយ៉ាងធ្ងន់ធ្ងរដោយបែកក្បាល និងមានហូរឈាមតាមត្រចៀក-ច្រមុះ ។
ក្រោយពេលកើតហេតុរថយន្តបង្កបានបើករត់គេចបាត់ស្រមោល រីឯស្ត្រីរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរិបូរណ៍ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ទើបដឹកទៅមន្ទីរពេទ្យខេត្ត។ ស្ថានភាពគ្រោះថ្នាក់នេះបង្ហាញថា បានកើតឡើងនៅវេលាស្ទើរយប់ស្ទើរភ្លឺ ហើយការធ្វើដំណើរដោយគ្មានភ្លើងសញ្ញា គឺពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ