ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៥នាក់ដែលជាកម្មករនៅក្នុងការដ្ឋានមួយស្ថិតនៅភូមិទឹកហូត ឃុំទឹកហូត បានក្អួត រាករូស ព្រោះពុលត្រីចំហុយ (ត្រីកាម៉ុង) ហើយត្រូវគេដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពព្រៃខ្មែរ ប៉ុន្តែក្នុងនោះម្នាក់មានសភាពធ្ងន់ធ្ងរជាងគេ ត្រូវបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
ជនរងគ្រោះធ្ងន់ជាងគេនោះឈ្មោះប៉ិន សាវី អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិទ្រាខាងជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ។ តាមការរៀបរាប់របស់កម្មករដែលធ្វើការជាមួយគ្នានិយាយថា ជារៀងរាល់ព្រឹកក្នុងការដ្ឋានតែងតែដាំបាយធ្វើម្ហូបឱ្យកម្មករហូប ហើយនៅព្រឹកថ្ងៃទី២ ខែឧសភា មានម្ហូប ត្រីកាម៉ុងចំហុយតែមួយមុខគត់។ ក្រោយពេលកម្មករទាំង៥នាក់នោះហូបរួចហើយចេញទៅធ្វើការមិនបាន១ម៉ោងផងស្រាប់តែខ្លះរាក ខ្លះក្អួត។ ពេលដឹងថាពុលចំណីត្រូវគេដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំព្រៃខ្មែរហើយ៤នាក់បានធូរស្រាល បានត្រឡប់ទៅផ្ទះវិញ ចំណែកម្នាក់ធ្ងន់ជាងគេត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
ក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះថ្វីដ្បិតធ្ងន់បន្តិចមែន ប៉ុន្តែអាចជួយសង្គ្រោះបាន។ នេះជាលើកទី១ហើយដែលផ្អើលពីការពុលត្រីកាម៉ុង។ ហេតុនេះអ្នកចូលចិត្តពិសាត្រីនេះគួរប្រុងប្រយ័ត្នមុនពេលពិសា គឺចំអិនឱ្យបានត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ