ខេត្តស្វាយរៀង ៖ ឈ្មួញលួចនាំសត្វមាន់រស់ និងសត្វព្រាបរាប់ពាន់ក្បាល មកពីប្រទេសវៀតណាមឆ្លងដែនចូលមកតាមច្រករបៀងក្រសាំងជ្រំ ស្រុកស្វាយជ្រំ ឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនាយកដ្ឋានសុខភាពសត្វតាមប្រមាញ់ស្ទាក់ចាប់បានដល់ជ្រោយអំពឹល រាជធានីភ្នំពេញ ។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង១ និង៥៥នាទីទៀបភ្លឺថ្ងៃទី១៧ ឧសភា ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមលោកហ៊ុន សារ៉ាត់ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វអគ្គនាយកដ្ឋានសុខភាពសត្វនៃក្រសួងកសិកម្មបានឲ្យដឹងថា ក្រុមការងារបានចុះស្ទាក់រថយន្ត១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌.ស ប្រភេទដឹកទំនិញចំណុះ១តោន ពាក់ស្លាកលេខ កំពត3A-0086 រកឃើញ ដឹកសត្វមាន់សំឡីរស់ចំនួន១,៤០០ក្បាល និងសត្វព្រាបរស់ចំនួន១០០ក្បាល។

ដោយធ្វើការនាំចូលពីប្រទេសវៀតណាម ឆ្លងដែនចូលមកតាមច្រករបៀងក្រសាំងជ្រំនៃប៉ុស្តិ៍នគបាលវរៈការពារព្រំដែនក្រួស ឃុំក្រួសស្រុកស្វាយជ្រំខេត្តស្វាយរៀង ឆ្ពោះទៅលក់នៅរាជធានីភ្នំពេញ (នេះគឺតាមការឆ្លើយបញ្ជាក់ពីម្ចាស់សត្វមាន់) ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរនិងពិនិត្យ គឺគ្មានឯកសារ ឬលិខិតអនុញ្ញាតិអ្វីទាំងអស់។

លោកហ៊ុន សារ៉ាត់ បន្តទៀតថា ក្រោយមកក្រុមការងារបានឃាត់រថយន្តនាំយកបទល្មើស និងវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅកន្លែងធ្វើចត្តាឡីស័ក្តសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីចាត់ការតាមនីត់វិធី ។





ចែករំលែកព័តមាននេះ