ហ្វូងមហាជនដែលស្រែកឈ្មោះរបស់លោកមូអាម៉ា កាដាហ្វី បានប្រមូលផ្តុំគ្នា កាលពីថ្ងៃទី២ ឧសភា នៅទីក្រុងទ្រីប៉ូលី ដើម្បីប្រារព្ធពិធីបុណ្យសពរបស់កូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសទាំងឡាយរបស់លោកកាដាហ្វី និងបុណ្យសពចៅរបស់លោក៣នាក់ដែលស្លាប់កាលពីយប់ថ្ងៃទី៣០ មេសា ដោយសារការវាយឆ្មក់មួយរបស់អូតង់។
បន្ទាប់ពីការវាយឆ្មក់តាមអាកាសរបស់អូតង់កាលពីយប់ថ្ងៃទី៣០ មេសា ប្រឆាំងនឹងប្លុកអគាររបស់លោកកាដាហ្វីនៅក្រុងទ្រីប៉ូលីអាជ្ញាធរលីប៊ីបានចោទប្រកាន់អង្គការអូតង់ថាប៉ុនប៉ងសម្លាប់មេដឹកនាំលីប៊ីរូបនេះដែលអូតង់បានបដិសេធ។ ក្រុមមនុស្សដែលមានកំហឹងបានលើកគ្នាចូលដុត និងកំទេចទីតាំងបណ្តាតំណាងការទូតរបស់បារាំង អង់គ្លេស ពិសេសរបស់អាមេរិក។ កាលពីថ្ងៃទី២ ឧសភា មនុស្សប្រមាណជា២.០០០នាក់ ដែលលើកទង់ជាតិលីប៊ី និងរូបរបស់លោកកាដាហ្វីបានចូលរួមក្នុងពិធីបុណ្យសពកូនប្រុសពៅរបស់លោកកាដាហ្វី និងសពរបស់ចៅលោក៣នាក់ទៀត។ មឈូសរបស់លោកសៃអីុហ្វ អាល់អារ៉ាប គ្របដណ្តប់ដោយផ្កា ហើយគ្រប់ទង់ជាតិលីប៊ីត្រូវបានដឹករហូតទៅដល់កន្លែងបញ្ចុះសពហានី ក្រុងទ្រីប៉ូលី។ លោកកាដាហ្វីពុំបានបង្ហាញមុខក្នុងឱកាសនោះឡើយ តែមានការចូលរួមរបស់កូនប្រុសលោកឈ្មោះសៃអ៊ីហ្វ អាល់អ៊ិស្លាម ដែលគេស្គាល់ច្បាស់ជាងគេក្នុងចំណោមកូនៗរបស់លោកកាដាហ្វី។ សៃអ៊ីហ្វ អាល់អារ៉ាប អាយុ២៩ឆ្នាំ ពុំទាន់មានកូនឡើយ តែក្មួយរបស់គេ៣នាក់ត្រូវស្លាប់ជាមួយគេដែរក្នុងការវាយប្រហាររបស់អូតង់ ៕
ចែករំលែកព័តមាននេះ