ខេត្តបាត់ដំបង ៖ តូបលក់កាហ្វេមួយកន្លែងត្រូវចោរគាស់សោទ្វារចូលលួចយកម៉ាស៊ីនឆុងកាហ្វេបានដោយសុវត្ថិភាព មុនពេលម្ចាស់ភ្ញាក់ទាន់ស្រែកផ្អើលឆោឡោរត់ចោលស្បែកជើង និងការ៉ុងច្រកភេសជ្ជៈ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ឧសភា នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

ម្ចាស់តូបលក់កាហ្វេឈ្មោះ គា ម៉ារី ភេទស្រី អាយុ២០ឆ្នាំ រស់នៅឃុំកកោះ ស្រុកមោងប្ញស្សី តែបានមកស្នាក់នៅជាមួយបងប្អូនស្រីៗពីរនាក់ទៀត នៅចណុចកើតហេតុ ដើម្បីលក់កាហ្វេ និងចំណីអាហារផ្សេងៗ ។ ជនសង្ស័យអាចមានគ្នាយ៉ាងតិចពីរនាក់ បានធ្វើសកម្មភាពគាស់គន្លឹះទ្វារតូបលក់កាហ្វេ រួចចូលលួចយកម៉ាស៊ីនកាហ្វេគ្រឿងកំប៉ុង និងធុងជ័រដាក់លុយបន្តិចបបន្តួច រួមទាំងនាឡិការចំនួន០២គ្រៀងផង ។ ប៉ុន្តែពេលនោះ ត្រូវម្ចាស់តូបភ្ញាក់ទាន់ក៏ស្រែងផ្អើលឆោឡោកណ្ដាលយប់ រហូតចោរម្នាក់រត់ចោលស្បែកជើង និងការ៉ុងច្រកភេសជ្ជៈ ។

កញ្ញា គា ម៉ារី បាននិយាយថា នាងនិងប្អូនៗស្រី០២នាក់ទៀត ដេកជាមួយគ្នានៅក្នុងបន្ទប់ជាប់នឹងតូបកាហ្វេនោះ។ នាងមិនបានដឹងពីដំបូងដែលចោរគាស់គន្លឹះទ្វារទេ តែក្រោយមកនាងបានឮសំឡេងអ្វីម្យ៉ាង នាងក៏ងើបទៅបង្ហើបទ្វារមើល ស្រាប់តែឃើញមនុស្សម្នាក់កំពុងប្រមូលអីវ៉ាន់ច្រកការ៉ុង នាងក៏ស្រែកផ្អើលទាំងកណ្ដាលយប់តែម្ដង ។ នាង គា ម៉ារី បានបញ្ជាក់ថា ពេលនោះ នាងបានឃើញម៉ូតូឈប់នៅលើថ្នល់ខាងមុខ ដែលទំនងមានបក្សពួកនៅចាំលើម៉ូតូជាចស្រេចផង ។ ពេលនាងស្រែក ជនម្នាក់នោះក៏ស្ទុះរត់ចោលទាំងស្បែកជើង និងការ៉ុងច្រកភេសជ្ជៈ តែវាបានលើកម៉ាស៊ីឆុងកាហ្វេយកទៅមុនបាត់ទៅហើយ ។

នាងបញ្ជាក់ថា នៅក្នុងការ៉ុងនោះ មានគ្រឿងកំប៉ុង និងម៉ាស៊ីនក្រឡុក ដែលវាច្រករួចហើយបម្រុងយកទៅ តែពេលនាងស្រែកក៏ទម្លាក់ចោលវិញ ។ អីវ៉ាន់ដែលបាត់បង់មាន ម៉ាស៊ីនឆុងកាហ្វេ០១គ្រឿងមានតំលៃ១.៧០០ដុល្លារ ធុងជ័រសម្រាប់ដាក់លុយមួយ ដែលមានលុយនៅក្នុងធុងនោះចំនួន៨,០០០រៀល និងនាឡិការ០២គ្រឿង។ ជុំវិញអំពើចោរកម្មនេះ បើតាមអ្នកភូមិនៅក្បែរនោះ
បាននិយាយថា មុនពេលកើតហេតុ នាយប់នោះ គេបានឃើញមានម៉ូតូពី០២ទៅ០៣គ្រឿង បានជិះត្រឡប់ទៅត្រឡប់មក នៅម្ដុំតូបលក់កាហ្វេនោះ លុះបន្តិចក្រោយមកស្រាប់តែឮសំឡេងម្ចាស់តូបលក់កាហ្វេស្រែកថា «ចោរចោរ» ផ្អើលពេញភូមិ ។ ប្រភពដដែលបានបញ្ជាក់ថា ពេលនោះ គេឃើញមានមនុស្សជិះម៉ូតូយ៉ាងលឿនឆញបោះទៅទិសខាងលិចបាត់ស្រមោលមួយរំពេច ដែលគេសង្ស័យ អាចជាចោរលួចម៉ាស៊ីនកាហ្វេរបស់ជនរងគ្រោះខាងលើនេះមែនហើយ។

នៅព្រឹកថ្ងៃកើតហេតុ គេឃើញកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានចុះទៅកាន់កន្លែងកើតហេតុនោះ ដើម្បីសួរនាំជនរងគ្រោះ តែគ្មានវត្តមានមន្ត្រីបុស្ដិ៍រដ្ឋបាល ឬវត្តមានមន្ត្រីជំនាញ អធិការក្រុងណាម្នាក់ចុះទៅសួរសុខទុក្ខជនរងគ្រោះទេ ឬចុះទៅធ្វើកំណត់ហេតុឡើយ ។

លោក ឈឿង គឹមសុង ស្នងការរងទទូលបន្ទុកដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានប្រាប់ថា កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលប៉ុន្មាននាក់បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីសួរនាំជនរងគ្រោះ និងបានប្រមូលយកវត្ថុតាងនានា ដែលជនសង្ស័យរត់ចោល ។ ពេលនេះ យើងកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកមុខសញ្ញាជនដៃដល់ហើយ ៕





ចែករំលែកព័តមាននេះ