រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានចាប់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៦នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី «បង្ខាំងធ្វើទារុ.ណកម្ម និងជម្រិ.តទារប្រាក់ពីជនរងគ្រោះដែលជាជនជាតិវៀតណាមដូចគ្នា»។
ជនសង្ស័យទាំង៦នាក់ខាងលើនេះ រួមមាន ៖ ១- ឈ្មោះ LE MING HAU ភេទប្រុស អាយុ២៦ឆ្នាំ, ២- ឈ្មោះ TRAN VAN CONG ភេទប្រុស អាយុ៤១ឆ្នាំ, ៣- ឈ្មោះ NGUYEN VAN SANG ភេទប្រុស អាយុ៤៣ឆ្នាំ, ៤- ឈ្មោះ DO LUONG TRUNG ភេទប្រុស អាយុ២៥ឆ្នាំ, ៥- ឈ្មោះ NGUYEN VAN DUNG ភេទប្រុស អាយុ៤០ឆ្នាំ និង៦- ឈ្មោះ THANH THUY ភេទស្រី អាយុ៤១ឆ្នាំ។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យជាក្រុមចាប់ជម្រិតខាងលើ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ TRUONG VANCAN ភេទប្រុស ជាជនជាតិវៀតណាមដូចគ្នា បានប្តឹងចោទប្រកាន់ជនសង្ស័យទាំង៦នាក់ពីបទ «បង្ខាំង ធ្វើទារុ.ណកម្ម និងជម្រិតទារប្រាក់» កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាទៅលោកវរសេនីយ៍ឯក ឡេង ហួរ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងបើកការស៊ើបអង្កេត និងស្រាវជ្រាវរយៈពេល២ថ្ងៃក្រោយមក ទើបឈានដល់កាចាប់ខ្លួនជនសង្ស័យទាំង៦នាក់នោះ។ បន្ទាប់ពីចាប់ខ្លួន យោងតាមពាក្យបណ្តឹង និងចម្លើយជនសង្ស័យទាំងអស់គឺស៊ីសង្វាក់ពាក់ព័ន្ធទៅនឹងបទល្មើស បន្ទាប់មកសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងអស់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ លុះមកដល់រសៀលថ្ងៃទី១៥ ខែឧសភា នេះ ដំណើរការសាកសួរបានឆ្លងកាត់ពីស្ថាប័នអយ្យការហើយ ហើយសំណុំរឿងបានបន្តដល់ដៃខាងចៅក្រមស៊ើបសួរ តែមិនទាន់សម្រេចយ៉ាងនៅឡើយទេ។
សមត្ថកិច្ចបន្តថា បើទោះបីជាយ៉ាងណាក្តី សំណុំរឿងព្រហ្មទណ្ឌឧក្រិដ្ឋមួយនេះ ជនសង្ស័យមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ៕
ចែករំលែកព័តមាននេះ