ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួចចោរឆក់​ច្រើន​ករណី​ណាស់​​ បន្សល់​​ទុក​​​​តែ​រូប​ថត​​​ក្នុង​កាមេរ៉ា​​សុ​វ​ត្ថិ​ភាព​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កាមេរ៉ា​សុវត្ថិភាពបាន​បន្សល់​ទុក​នូវ​រូប​«​ចោរ​» ដែល​ធ្វើ​សកម្មភាព​«​លួច​-ឆក់​» ជា​បន្តបន្ទាប់ ស្ទើរ​គ្រប់កន្លែង​កើតហេតុ ក្រោយ​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​» តែ​កម្លាំង​សមត្ថកិច្ច​ហាក់​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ចោរលួច ចោរឆក់​ទាំងនេះ ដែល​ហាក់​នៅ​មាន​ភាព​កម្សោយ​ចំពោះ​វិធានការ​ទប់ស្កាត់​…

ខេត្តបាត់ដំបង​ ៖ កាមេរ៉ា​សុវត្ថិភាពបាន​បន្សល់​ទុក​នូវ​រូប​«​ចោរ​» ដែល​ធ្វើ​សកម្មភាព​«​លួច​-ឆក់​» ជា​បន្តបន្ទាប់ ស្ទើរ​គ្រប់កន្លែង​កើតហេតុ ក្រោយ​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​» តែ​កម្លាំង​សមត្ថកិច្ច​ហាក់​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ចោរលួច ចោរឆក់​ទាំងនេះ ដែល​ហាក់​នៅ​មាន​ភាព​កម្សោយ​ចំពោះ​វិធានការ​ទប់ស្កាត់​ និង​ការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​នេះ​ ។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ អំពើ​«​ចោរកម្ម​» បាន​កើត​ឡើងជា​បន្តបន្ទាប់​គួរ​ឲ្យ​បារម្ភ ​។

​ជា​ពិសេស​ បទល្មើស «​ឆក់ លួច គាស់​ទម្លុះទម្លាយ និង​ក្រុម​ក្មេង​ទំនើង​ដេញ​កាប់​គ្នា ក្លាយទៅជា​អំពើ​ប្លន់​» ដែល​កន្លែង​ខ្លះ​រូបភាពនៃ​សកម្មភាព​ចោរ​បាន​បន្សល់​ទុក​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​គេ​បាន​បំពាក់​តាម​លំនៅ​ឋាន ឬតាម​ហាង​លក់ទំនិញ​នានា នៅ​ក្នុង​ក្រុង​បាត់ដំបង​ ។ ជាក់ស្ដែង​គ្រាន់​តែ​រយៈ​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី ១៣​និង​១៤ ឧសភា អំពើ​«​ឆក់ និង លួច​» បាន​កើត​ឡើងជា​ច្រើន​ករណី ហើយ​កន្លែង​កើតហេតុ​ខ្លះ ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុ​ត្ធិ​ភាព​យ៉ាង​ច្បាស់​ក្រឡែត នៅ​ពេល​ជនល្មើស​ទាំងនោះ​ធ្វើ​សកម្មភាព​ ។

​នៅ​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី ១៤ ឧសភា ចោរ​បាន​ចូល​លួច​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ចំណុច​ឱ​ស​ថ​ស្ថាន «​រស្មី​ពេជ្រ​» ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ ម៉ូតូ​ដែល​ត្រូវ​ចោរលួច ម៉ាក​ឃ្លី​ក​ព​ណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 1AI.8087 ម្ចាស់​ម៉ូតូ​ឈ្មោះ ឡេ​ង ហ្វី​លី​ពី​ន ប្រុស​អាយុ​២១​ឆ្នាំ ធ្វើការ​នៅ​ឪ​ស​ថ​ស្ថាន​ខាងលើ​។ កាមេរ៉ា​សុវត្ថិភាព​នៅ​ក្បែរ​នោះ បាន​បង្ហាញ​រូប​ជន​ម្នាក់​ស្លៀកពាក់​ខ្មៅ ពាក់មួក​ក​ន្តិ​ប​និង​ពាក់​ម៉ាស់​មុខ បាន​ដើរ​កាត់​ទីនោះ ដែល​ត្រូវ​គេ​សង្ស័យ​ថា អាច​ជា «​ជនសង្ស័យ​» ចូល​លួច​យក​ម៉ូតូ​។

បើ​តាម​ម្ចាស់​ម៉ូតូ​បាន​និយាយ​ថា ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​ទុក​ក្បែរ​ឱ​ស​ថ​ស្ថាន តែ​ភ្លេច​ដក​សោ​​ចេញពី​ម៉ូតូ​។ ពេល​នោះ ​ខ្លួន​បាន​ជិះ​ម៉ូតូ​នៅ​កន្លែងធ្វើការ​ចេញ​ទៅ​ក្រៅ លុះ​ត្រឡប់​មក​វិញ​ក៏​បាត់​ម៉ូតូ ហើយ​ពេល​ឆែក​កាមេរ៉ា​សុវត្ថិភាព ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដើរមក​សំដៅ​កន្លែង​កើតហេតុ ទើប​ខ្លួន​សង្ស័យ​ថា បុរស​នោះ​អាច​ជា​ជន​ដៃដល់​លួច​យក​ម៉ូតូ​ខ្លួន ​។ នៅ​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ឧសភា ដែរ ករណី​ចោរ​«​ឆក់​ទូរស័ព្ទ​» បាន​កើតឡើង​នៅ​ក្បែរ​ស្ដុ​ប​២​ធ្នូ ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

បើ​តាម​ព័​ត៌​មាន​បឋម ជន​បង្ក​មាន​គ្នា​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​«​ឆក់​»​យក​ទូរស័ព្ទ​ពី​ជន​ភេទ​ទី​៣ ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ រួច​ជនល្មើស​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។ បើ​តាម​ប្រភព​ដដែល ជនសង្ស័យ ​និង​ជន​រង​គ្រោះ អាច​ជា​មនុស្ស​ស្គាល់គ្នា​ទៀត​ផង​។ ដោយឡែក ​បើ​និយាយ​ពី​អំពើ​
«​ចោរកម្ម​» ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ឧសភា វិញ ប្រភព​បាន​ផ្ដល់​ព័​ត៌​មាន​ថា ជន​ម្នាក់​បាន​បង្ហាញ​ពី​សកម្មភាព​ចូល​«​លួច​ទ្រព្យសម្បត្តិ​»​នៅ​ក្នុង​ហាង​លក់ទំនិញ​មួយ​កន្លែង នៅ​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាតដំបង​។

សកម្មភាព​ជនសង្ស័យ​ម្នាក់​នេះ ត្រូវ​បាន​ថត​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់​ហាង​។ នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ភិនភាគ ជនសង្ស័យ​ពាក់មួក​ក​ន្តិ​ប កំពុង​ឈ្ងោក​ទាញ​ថតតុ ឆែក​ឆេរ​រក​របស់​មាន​តំលៃ​នៅ​ក្ន​ង​ហាង​ទំនិញ តែ​គេ​មិន​ទាន់​ទ​ទូល​បាន​របាយ​ការ​ណ៍​ពី​ម្ចាស់​ហាង​អំពី​ការ​បាត់បង់​ទ្រព្យសម្បត្តិ​នៅឡើយ​ទេ ​។ ក្រោយ​ពី​បទល្មើស​«​លួច​»​ខាងលើ​នេះ​ បាន​កើតឡើង ស្រាប់តែ​នៅ​រសៀល​ដដែល ជនសង្ស័យ​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​«​ឆក់​កាបូប​» ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ ដល់​ត្រង់​ចំណុច​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​បាន​បាន​«​ឆក់​យក​កាបូបស្ពាយ​» ពី​ស្ត្រី​រង​គ្រោះ​​មិន​បាន​សម្រេច​ទេ តែ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដូ​ល​ម៉ូតូ​រង​របួស​ដៃ ជើង និង ផ្ទៃមុខ​។ នេះ​ជា​អំពើ​«​ចោរកម្ម​» ដែល​កើតឡើង​នៅ​ក្នុង​ក្រុង​បាត់ដំបង ត្រិ​ម​រយៈពេល​ពីរ​ថ្ងៃ​(១៣​និង​១៤ ០៥ ២៣)​កន្លង​ទៅ​នេះ ខណៈ​បទល្មើស​ស្ទាក់​កាប់​មនុស្ស​តាម​ដងផ្លូវ និង កាប់​កំទេច​ម៉ូតូ «​ប្លន់​យក​ស្លាក​លេខ​» បង្ក​ឡើង​ដោយ​ក្រុម​ចោរហារយ ដែល​ប​ម្លែ​ង​ចេញពី​ក្រុម​ក្មេង​ទំនើង បាន​កើត​ឡើងជា​បន្តបន្ទាប់​កន្លង​ទៅ​នេះ នៅ​ក្នុង​ខេត្តបាត់ដំបង​។

ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​«​ឆក់​និង​លួច​» ដែល​កើតឡើង​ប៉ុន្មាន​ករណី​ខាងលើ​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​ខ្លះ​ដែរ ឬ បែប​ណា​នោះ​​ទេ ? ប៉ុន្តែ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែរ ទំនង​គ្មាន​តម្រុយ​ពី​ជន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​ករណី​ខាង​លើ​នេះ នៅឡើយ​ទេ បើ​ទោះជា​ជនសង្ស័យ​ត្រូវ​បាន​បង្ហាញ​រូបរាង​យ៉ាង​ច្បាស់​ក្រឡែត នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ក្ដី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ