ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​នយោបាយតានតឹង៖ ភ្លើងទៀន ចង់​ធ្វើបាតុកម្ម ខណៈរដ្ឋាភិបាល ព្រមាន​បង្ក្រាប

10 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រហូតដល់ពេលនេះ ស្រាប់តែស្ថានភាព​នយោបាយ នៅកម្ពុជាយើង ហាក់ប្រែ​ជាតាន​តឹង​ដោយស្ងាត់ៗ។ នោះគឺ​គ.ជ.ប តម្រូវ​ឱ្យគណបក្ស​ភ្លើងទៀន កែសម្រួល​បញ្ជីបេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ នៅខេត្តកណ្តាល ដោយសារតែ​លោករ៉ុងឈុន…

ភ្នំពេញ៖ រហូតដល់ពេលនេះ ស្រាប់តែស្ថានភាព​នយោបាយ នៅកម្ពុជាយើង ហាក់ប្រែ​ជាតាន​តឹង​ដោយស្ងាត់ៗ។ នោះគឺ​គ.ជ.ប តម្រូវ​ឱ្យគណបក្ស​ភ្លើងទៀន កែសម្រួល​បញ្ជីបេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ នៅខេត្តកណ្តាល ដោយសារតែ​លោករ៉ុងឈុន នៅជាប់រឿង​​ក្តីក្តាំ​នៅតុលាការ ព្រមទាំង​ភ្ជាប់នូវលិខិតបញ្ជាក់ពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ និងបង្កាន់ដៃ ដែល​បញ្ជាក់ពីការតម្កល់ប្រាក់ ១៥លានរៀលរបស់គណបក្សភ្លើងទៀន នៅរតនា គារជាតិ តាមច្បាប់​តម្រូវ សម្រាប់ការចុះឈ្មោះ​ប្រកួតប្រជែងការបោះឆ្នោត នាខែកក្កដានេះ​។

បន្ទាប់ពីការតម្រូវរបស់គ.ជ.ប ដូច្នេះ​ ទើបនៅថ្ងៃទី១២ ខែឧសភា គណបក្សភ្លើងទៀន បានប្រជុំ​ថ្នាក់ដឹកនាំជាន់ខ្ពស់​ ហើយបាន​សម្រេច ២ចំណុច គឺ​បំពេញបន្ថែមឯកសារពាក់ព័ន្ធ​ការដាក់​ពា្យ​សុំចុះបញ្ជីគណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី​បេក្ខជនឈរឈ្មោះ សម្រាប់ការ​បោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើង​ទៀន នៅទីស្តីការ​គជប នារសៀលថ្ងៃទី១៣ឧសភា។

ទន្ទឹមនឹងនោះ គណបក្សភ្លើងទៀន ក៏បានប្រកាស​ប្រមូល​ផ្តុំ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ សកម្មជន និងអ្នកគាំទ្រ​គណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណី គណបក្ស​ភ្លើងទៀន ត្រូវបាន គ.ជ.ប បដិសេធ មិនចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣​។

ដោយសារតែប្រកាសរបស់ភ្លើងទៀន ដែលជាគណបក្សប្តូរឈ្មោះមកពីគណបក្សសមរង្ស៊ី​យ៉ាងដូច្នេះហើយ ទើបនាំឱ្យសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១៣ឧសភា បានចេញ សារជាសំឡេង ដោយបង្ហាញ​​ប្រតិកម្ម​ ព្រមានចាត់វិធានការផ្លូវច្បាប់ ប្រឆាំងគណ​បក្សភ្លើង​ទៀន បើហ៊ានតែ​ប្រមូលផ្តុំមនុស្ស ធ្វើបាតុកម្មតវ៉ាមែន។​ សម្តេចតេជោ ចាត់ទុកថា សកម្មភាពរបស់បក្សប្រឆាំងនោះ បង្កអសន្តិសុខសង្គម។

សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បាន​ចាត់ទុកថា សេចក្តីប្រកាសរបស់​ភ្លើង​ទៀន ក្តីប្រកាសរបស់ភោយសម្តេចតេជោ ប្រកាសថា សកម្មភាពរបស់បក្សប្រឆាំងនោះ យ៉ាងដូច្នេះហើយ ទើបនាំឱ្យ​មានគណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមមានចរឹតគំរាម និងគាបសង្កត់ទៅលើ គ.ជ.ប។ ដូច្នេះហើយ ទើបសម្តេច បានប្រកាស​ដាក់បទបញ្ជា​ឱ្យអាជ្ញាធរ​សមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមានការប្រមូលផ្តុំ បង្កអសន្តិសុខសង្គម​ដូច្នោះមែន​។ ប៉ុន្តែ​មកដល់​ថ្ងៃអាទិត្យ ទី១៤ឧសភា គឺមិនមានហេតុការណ៍អ្វី​មួយកើតឡើងទេ​។

ក្រោយ​ហេតុការណ៍ដូច្នេះ សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១៣ឧសភា ក៏បានបដិសេធ មិនទទួលជួបថ្នាក់ដឹកនាំគណបក្ស​ភ្លើងទៀន នៅមុន​ការបោះឆ្នោត នា​ខែកក្កដានេះទេ បន្ទាប់ពី​គណបក្សប្រឆាំងនេះ បានបញ្ជូន​​សារ​គំ​រា​​ម​បង្កចលាចល​ទូ​ទាំង​ប្រទេស ក្រោម​ហេតុផល​តស៊ូ​មតិ ដោយ​សេចក្តី​ប្រកាស​ព័ត៌មាន​ផង និង​ដោយ​ការ​ប្រកាស​របស់លោក រ៉ុ​ង ឈុ​ន​ផង។ ម្យ៉ាង សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ​លិខិត​របស់​ប្រធាន​គណបក្ស​ភ្លើងទៀន សុំ​ជួប​សម្ដែង​ការ​គួរសម​សម្តេច គឺ​នាំ​មក​ដោយ​លោក ជា ប៉ូច ដែលទើបបាន​ប្តេជ្ញា​ចិត្ត​ផ្តួលរំលំសម្តេច ហ៊ុន សែន​ ប្រហែល​ ២​ខែ​មុន​នេះ​។ សម្តេចតេជោ ក៏បានចេញផ្សាយនូវសំឡេងរបស់លោក ជា ប៉ូច ដែល​បាន​និយាយ និង​ផ្សព្វផ្សាយ​កន្លង​មក​​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចោទសួរ ថា​តើ​​ភ្លើងទៀន ​​ចង់បាន​​អ្វី​​ឱ្យ​​ពិត​ប្រាកដ ​បានជា​បញ្ជូន​សារ​ដ៏​ច្របូកច្របល់​បែប​នេះ? បង្កចលាចល​មុន​ការ​បោះ​ឆ្នោត? បំផ្លាញ ការ​បោះ​ឆ្នោត? ពហិការ​មិន​ចូលរួម​ការ​បោះ​ឆ្នោត តែ​ទម្លាក់​កំហុស​ឲ្យ គ​.​ជ​.​ប ឬ​ក្រុមប្រឹក្សាធម្មនុញ្ញ ​ក្នុង​ករណី​ស្ថាប័ន​ទាំង​ពី​រ ប​ដិ​សេ​ធ​ ​មិន​ឲ្យ​ចុះ​ឈ្មោ​បោះ​ឆ្នោត ដែល​វា​ជា​កំហុស​របស់​គណបក្ស​ផ្ទាល់​។

​​សម្តេច​តេជោ ហ៊ុន ​សែន បញ្ជាក់ថា អាស្រ័យ​ដោយ​ភាព​មិន​ច្បាស់លាស់ និង​ដោយសម្តេច ​ជាប់រវល់​ផង សម្តេច ​សូម​កំណត់​យក​ម៉ោង​ ៩ ថ្ងៃ​៣០ ខែកក្កដា ឆ្នាំ​២០២៣ នៅ​វិមាន​សន្តិភាព ដើម្បីជួបថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។ គឺ​ជួប​គ្នា ក្រោយ​ការ​បោះ​ឆ្នោត​។

ដូច្នេះស្ថានការណ៍នយោបាយនៅកម្ពុជាយើង ពេលនេះ ស្ថិតនៅក្នុងភាពមិនប្រាកដប្រជាមួយ ដោយគេអាច​​រង់​ចាំមើល ថាតើគ.ជ.ប នឹងសម្រេចចិត្តយ៉ាងណា ចំពោះគណបក្សភ្លើង​ទៀន​។ ការសម្រេចចិត្តនោះ នឹងអាចធ្វើឡើងឆាប់ៗ និងយ៉ាងយូរ​មួយសប្តាហ៍ទៀត​៕