ខេត្តកណ្ដាល ៖ ក្រុមចោរឆក់ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចតាមក្របួចចាប់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ បណ្តាលជួលម៉ូតូរងរបួសយ៉ាងដំណំ។ ដែលហេតុការណ៍ក្រុមចោរឆក់នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចស្ពានតាសាន្ត ស្ថិតក្នុងភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

ជនសង្ស័យទាំង៣នាក់ខាងលើនោះ រួមមាន ៖ ១- ឈ្មោះ វិត ចាន់ដែន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបារាជ ក្នុងសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ២- ឈ្មោះ លី គឹមលិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ៣- ឈ្មោះ ប៉ូ ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

សូមជម្រាបថា កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចស្ពានតាសាន្ត ស្ថិតក្នុងភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល មានករណីចោរឆក់កាបូបពីជនរងគ្រោះម្នាក់ឈ្មោះ សន លី ភេទស្រី អាយុ៦២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដែលបង្កឡើងដោយជនសង្ស័យមួយក្រុម។ ចំណែកសម្ភារៈបាត់បង់នៅក្នុងកាបូបនោះ រួមមាន ៖ ១-ខ្សែដៃផ្លាកទីន១ខ្សែ តម្លៃ៧៥០ដុល្លារអាមេរិក, ២- ចិញ្ចៀនផ្លាកទីន មានត្បូង១វង់, ៣- ទូរស័ព្ទដៃ១គ្រឿង និង៤- លុយមួយចំនួន។

សូមជម្រាបបន្តថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះជិះម៉ូតូ១គ្រឿងចេញពីផ្ទះ ក្នុងគោលបំណងទៅទិញថ្នាំពេទ្យនៅផ្សារមាត់ក្រសាស់ ដោយយកកាបូបភ្ជួរនឹងដៃម៉ូតូ។ លុះពេលជិះទៅដល់ចំណុចស្ពានតាសាន ស្រាប់តែមានចោរមួយក្រុមគ្នា២នាក់ជិះម៉ូតូ១គ្រឿង តាមមកពីក្រោយ ហើយក៏ធ្វើសកម្មភាពឆក់កាបូបនៅដៃម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឱ្យជនរងគ្រោះដួលធ្លាក់ពីលើម៉ូតូនៅគល់ស្ពានតាសាននោះធ្វើឱ្យរងរបួសយ៉ាងដំណំ ចំណែកក្រុមចោរវិញ ក៏បានជិះម៉ូតូគេចខ្លួនបាត់ ស្រមោល។ រីឯជនរងគ្រោះ ក៏ត្រូវបានសាច់ញាតិ និងក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

នៅពេលភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន និងនគរបាលក្រុងអរិយក្សត្រ បានចំណាយពេលដេញតាមប្រម៉ាញ់ក្រុមចោរឆក់ រហូតដល់វេលាម៉ោង២រសៀល ទើបប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូនៅម្តុំមុខវត្តបារាជ ស្ថិតក្នុងភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ។ ខណៈពេលជនសង្ស័យបានឃើញសមត្ថកិច្ចភ្លាមក៏ផ្ដួលម៉ូតូចោល ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃក្រោយវត្តបារាជ បាត់តែម្តងទៅ។ បន្ទាប់មកសមត្ថកិច្ចបានយកម៉ូតូរបស់ជនសង្ស័យទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនក្រុមចោរឆក់កាបូបនោះ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្តកណ្តាល កម្លាំងជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍អរិយក្សត្រ និងកម្លាំងប៉ុស្តិ៍ស្វាយជ្រុំ បើកការស៊ើបអង្កេត រហូតឈានដល់កំណត់បានមុខសញ្ញា ទើបនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំងដកហូតវត្ថុតាង រួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីម C110 ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BC-6812 មួយគ្រឿង, ទ្រនាប់ជើងផ្ទាត់ចំនួន២គូ ពណ៌ខ្មៅ, ខ្សែពណ៌ស.ខ្មៅ១គូ និងពណ៌ស, ខ្សែពណ៌ទឹកប៊ិក១គូ ដែលជនសង្ស័យបោះចោលនៅពេលរត់គេចខ្លួន។ លោហៈធាតុ ពណ៌ក្រហម មានត្បូងពណ៌ក្រហម និងស (ចិញ្ចៀន) ១វង់ ជារបស់ជនរងគ្រោះ។

នៅពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ ក៏បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានរួមគំនិតធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតប្រាកដមែន ។ បន្ទាប់ពីមានចម្លើយសារភាព និងពាក្យបណ្តឹងរបស់ជនរងគ្រោះហើយ សមត្ថកិច្ចនគរបាលក្រុងអរិយក្សត្រ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែកព័តមាននេះ