រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែង និងម្នាក់ទៀតធ្លាក់ពីលើរថយន្តស្លាប់ភ្លាមៗដែរដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី៣០ មេសា ឆ្នាំ២០១១។
អ្នកស្លាប់ម្នាក់ឈ្មោះស សុខា ភេទប្រុស អាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះអ៊ែល គឹមហុង ភេទប្រុស អាយុ៣៧ឆ្នាំ។ តាមប្រភពព័ត៌មានឱ្យដឹងថា ឈ្មោះស សុខា ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហមម្នាក់ឯងតាមផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សដែលបើកបរបញ្ច្រាសទិសគ្នា។ ការបុកគ្នានោះបណ្តាលឱ្យអ្នកជិះម៉ូតូឈ្មោះស សុខា ដួលបោកក្បាលស្លាប់ភ្លាម។
ប្រភពព័ត៌មានឱ្យដឹងបន្តទៀតថា អ្នកបើករថយន្តភ័យស្លន់ស្លោបានបើកគេចចេញពីកន្លែងកើតហេតុ លុះបានប្រមាណ៥០០ម៉ែត្រជ្រុលចង្កូតធ្លាក់ពីលើផ្លូវជាតិចូលព្រៃ និងជ្រុលទៅបុកលំនៅឋានប្រជាពលរដ្ឋបណ្តាលឱ្យធ្លាក់ព្រូឡាន ម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែង។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានទៅឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះយឹម ស៊ីថន ភេទប្រុស មានទីលំនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌមានជ័យនាំទៅកាន់ការិយាល័យនគរបាលជំនាញជាមួយរថយន្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ