រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២៩ មេសា កន្លងមកនេះ រថយន្តកូរ៉ូឡាដែលធ្វើដំណើរពីររង្វង់មូលវត្តសំពៅមាសឆ្ពោះទៅស្តុបវត្តមហាមន្ត្រី ខណៈពេលទៅដល់ស្តុបបត់ឆ្វេងទាំងល្បឿនលឿនបណ្តាលឱ្យជ្រុលចង្កូតបុកទ្រូងមហាវិថីព្រះសីហនុប៉ើងរប៉ាត់រប៉ាយប្រមាណ១០កង់ រួចវាត់កន្ទុយទៅបោករថយន្តឡិចស៊ីស៣០០ដែលកំពុងបើកបរតាមបណ្តោយមហាវិថីដដែលនេះឱ្យខ្ទាតទៅឡើងពោបលើទ្រូងថ្នល់។ កន្លែងកើតហេតុនេះម្ខាងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ចំណែកម្ខាងទៀតស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
អ្នកឃើញហេតុការណ៍និយាយថា រថយន្តបង្កហេតុម៉ាកកូរ៉ូឡាបានបើកបរពីផ្លូវលេខ១៦៣ពីរង្វង់មូលវត្តសំពៅមាសឆ្ពោះទៅស្តុបវត្តមហាមន្ត្រីក្នុងល្បឿនលឿនទំនងជាអ្នកបើកបរស្រវឹងជោក លុះដល់ស្តុបវត្តមហាមន្ត្រីបត់ឆ្វេងទាំងល្បឿនលឿនជ្រុលចង្កូតទៅបុកទ្រូងថ្នល់។ ស្របពេលនោះរថយន្តឡិចស៊ីសពាក់ស្លាកលេខភ្នំពេញ២N៣៦៦៩ បើកមកពីម្តុំអតីតរោងកុនគិរីរម្យតាមបណ្តោយមហាវិថីព្រះសីហនុឆ្លងផុតស្តុបស្រាប់តែរថយន្តកូរ៉ូឡាដែលបុកទ្រូងផ្លូវវាត់កន្ទុយមកបោករថយន្តឡិចស៊ីសពេញទំហឹងបណ្តាលឱ្យរថយន្តឡិចស៊ីសឡើងពោបទៅលើទ្រូងថ្នល់។
បន្ទាប់ពីបុកទ្រូងផ្លូវហើយវាត់កន្ទុយបុករថយន្តឡិចស៊ីសរួចរថយន្តកូរ៉ូឡាបានបើកបញ្រ្ចាសទិសទៅខាងស្តាំដៃវិញ ហើយបត់ទៅខាងលិចតាមរបងវត្តមហាមន្ត្រីគេចបាត់ស្រមោលទាំងរថយន្តបែកកង់ ចំណែករថយន្តឡិចស៊ីសវិញត្រូវប៉ូលិសចរាចរក្រុងស្ទូចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញដើម្បីចាត់ការ ៕
ចែករំលែកព័តមាននេះ