សហរដ្ឋអាមេរិកបានធ្វើតេស្ត DNA លើសាកសពរបស់អូសាម៉ា ប៊ីនឡាដេន ហើយបានប្រើប្រាស់បច្ចេកទេសពិសេសនានាសំរាប់កំណត់អត្តសញ្ញាណប្រមុខអាល់កៃដារូបនោះដែលត្រូវបាញ់ស្លាប់ក្នុងប្រតិបត្តិការមួយរបស់អាមេរិកនៅប៉ាគីស្ថាន។ នេះជាការអះអាងកាលពីថ្ងៃទី២ ឧសភា របស់អ្នកទទួលខុសត្រូវអាមេរិកម្នាក់។ ប៊ីនឡាដេនត្រូវបានកំណត់មុខសញ្ញាដឹងដោយពួកកុំម៉ង់ដូដែលបានសម្លាប់រូបគេក្នុងពេលនៃការបាញ់តគ្នាមួយ។ ប្រមុខអាល់កៃដានេះបានតដៃ ហើយត្រូវពួកកុំម៉ង់ដូពិសេសអាមេរិកបាញ់ស្លាប់ដោយត្រូវគ្រាប់ចំក្បាល។
យោងតាមអ្នកទទួលខុសត្រូវអាមេរិករូបនេះថា លទ្ធផលនៃការធ្វើតេស្ត DNA ត្រូវចេញក្នុងរយៈពេលពីរបីថ្ងៃទៀត។
ប្រតិបត្តិការប្រឆាំងប៊ីនឡាដេនត្រូវបានតាមដានដោយផ្ទាល់ដោយនាយក CIA លោក LEON PANETTA និងអ្នកទទួលខុសត្រូវ
ដទៃៗទៀតនៃភ្នាក់ងារស៊ើបការណ៍ដែលរួមប្រជុំគ្នាក្នុងបន្ទប់សន្និសីទមួយក្នុងទីស្នាក់ការរបស់ CIA នៅទីក្រុង LANGLEY រដ្ឋវៀជីនៀ។ នៅពេលប្រមុខ CIA ប្រកាសថា ប្រតិបត្តិការនេះទទួលបានជោគជ័យបណ្តាអ្នកទទួលខុសត្រូវរបស់ CIA ទាំងអស់ដែលមានវត្តមានក្នុងបន្ទប់សន្និសីទបានទះដៃ និងស្រែកអបអរសាទរយ៉ាងកងរំពង។
រូបថតនៃសាកសពរបស់ប៊ីនឡាដេនត្រូវបានចេញផ្សាយជាសាធារណៈ។ មុខរបស់សាកសពនេះមានប្រឡាក់ដោយឈាម ៕
ចែករំលែកព័តមាននេះ