រាជធានីភ្នំពេញ ៖ រដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីអនុញ្ញាតឲ្យនាំគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន ដោយផ្ទាល់ នេះបើយោងតាម ស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនេះមានន័យថាគ្រឿងទេសកម្ពុជា (ម្រេចកម្ពុជា)បានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន ពោលគឺអាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ ទីតាំងដាំម្រេចចំនួន២៨កន្លែងនិងរោងចក្រវេចខ្ចប់ចំនួន៧កន្លែងត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។
គួរជម្រាបផងដែរថាភាគីទាំង២ ចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ បានចុះហត្ថលេខារួមគ្នា រវាងរដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា ដើម្បីពន្លឿនការអនុវត្តលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ។ ដូច្នេះហើយកាលពីថ្ងៃទី១០-១១ ខែមេសាកន្លងទៅនេះ ភាគីចិន បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច តាមរយៈវីដេអូផ្ទាល់ (Video Conference) ។
សូមបញ្ជាក់ថា ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕









ចែករំលែកព័តមាននេះ