បណ្តាញព័ត៌មានថៃឱ្យដឹងថា រដ្ឋាភិបាលលោកអាប់ភីស៊ីត អាចមានសិទ្ធិកាន់អំណាចតែ២-៣ថ្ងៃទៀតប៉ុណ្ណោះ ព្រោះលោកថ្លែងអះអាងបញ្ជាក់ថា លោកនឹងរំលាយសភានៅថ្ងៃទី៦ ឧសភា ខាងមុខនេះ ។ ជាមួយគ្នានេះ ការប្រជុំគណៈរដ្ឋមន្ត្រីលើកចុងក្រោយរបស់ថៃរៀបចំឡើងនៅថ្ងៃទី៣ ឧសភា ហើយការបោះឆ្នោតទូទៅត្រូវរំពឹងថា នឹងរៀបចំឡើងនៅថ្ងៃទី២៦ មិថុនា ខាងមុខ ។
លោកអាប់ភីស៊ីត កាលពីពេលថ្មីៗកន្លងមក បានជួបជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតដើម្បីពិភាក្សាអំពីដំណើរការបោះឆ្នោត។ លោកអាប់ភីស៊ីត ថ្លែងគូសបញ្ជាក់ថា ការបោះឆ្នោតរបស់ថៃនឹងដំណើរការដូចការគ្រោងទុក បើទោះបីជាថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជាក៏ដោយ ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃលើកចុងក្រោយនេះនឹងផ្តល់ការអនុម័តលើបញ្ហាបន្ទាន់ដែលនៅសល់ ។ ក្រោយពីសភាត្រូវរំលាយរដ្ឋាភិបាលរបស់លោកអាប់ភីស៊ីត នឹងក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ ហើយពុំមានសិទ្ធិផ្តល់ការអនុម័តលើគម្រោងអ្វីទៀតឡើយ ។
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពថ្លែងប្រាប់ពួកអ្នកគាំទ្រអាវក្រហមនៅក្នុងក្រុងអាយុធ្យា តាមបណ្តាញវីដេអូ កាលពីយប់ថ្ងៃទី១ ឧសភា កន្លងមកថា គណបក្សភឿថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមការបោះឆ្នោតនោះ ។ អ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសថៃនិយាយថា គណបក្សភឿថៃនឹងទទួលជ័យជំនះក្នុងការបោះឆ្នោតនេះ ។ លោកថាក់ស៊ីន ថ្លែងថា ប្រសិនបើគណបក្សភឿថៃឈ្នះការបោះឆ្នោតនោះបក្សភឿថៃនឹងលុបបំបាត់ចោលបញ្ហាគ្រឿងញៀនក្នុងរយៈពេល១២ខែ ៕
ចែករំលែកព័តមាននេះ