ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី២ ឧសភា បានចេញការព្រមានពីការធ្វើដំណើរនៅតាមប្រទេសនានាលើពិភពលោកចំពោះពលរដ្ឋអាមេរិកទាំងអស់ក្រោយពីទទួលបានព័ត៌មានពីការស្លាប់របស់មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ីនឡាដេន ដោយនិយាយថា ព័ត៌មានពីការស្លាប់របស់អូសាម៉ា ប៊ីនឡាដេន នេះអាចបង្កឱ្យមានអំពើហិង្សាប្រឆាំងពលរដ្ឋអាមេរិក ។
ក្រសួងការបរទេសអាមេរិកនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងការបរទេសសូមដាស់ស្មារតីពលរដ្ឋអាមេរិកដែលធ្វើដំណើរ និងស្នាក់នៅក្រៅប្រទេសឱ្យប្រុងប្រយ័ត្នចំពោះអំពើហិង្សាប្រឆាំងពលរដ្ឋអាមេរិកបើពិនិត្យមើលពីស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេសប៉ាគីស្ថាន ។ សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងទៀតថា បើពិនិត្យមើលពីភាពមិនប្រាកដប្រជា និងការគ្មានស្ថេរភាពនៃស្ថានការណ៍នាពេលបច្ចុប្បន្ន ពលរដ្ឋអាមេរិកនៅក្នុងប្រទេសនានាអាចប្រឈមមុខនឹងអំពើហិង្សាប្រឆាំង ដូច្នេះត្រូវកម្រិតការធ្វើដំណើររបស់ពួកគេ ។
ការព្រមានពីការធ្វើដំណើរនេះរបស់អាមេរិកនឹងចូលជាធរមានរហូតដល់ថ្ងៃទី១ សីហា ខាងមុខ ។ ប្រភពព័ត៌មានថា អូសាម៉ា ប៊ីនឡាដេន ត្រូវបានបាញ់សម្លាប់ដោយកងទ័ពពិសេសរបស់អាមេរិកនៅក្នុងនិវេសនដ្ឋានរបស់គេនៅជិតទីក្រុងអ៊ិស្លាមម៉ាបាដ រដ្ឋធានីប៉ាគីស្ថាន ៕
ចែករំលែកព័តមាននេះ