ក្រុងប៉ោយប៉ែត ៖ មានការផ្ទុះជម្លោះមួយរវាងមន្ត្រីការិយាល័យទំនាក់ទំនងកម្ពុជា-ថៃដូចគ្នា កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៣០ មេសា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលជម្លោះនេះផ្តើមចេញពីលោកវរសេនីយ៍ទោតាមឃាត់រថយន្តរបស់លោកវរសេនីយ៍ឯកដើម្បីឆែកឆេរ ។
ក្នុងហេតុការណ៍ផ្ទុះជម្លោះនេះគេឃើញភាគីខាងលោកស័ក្តិ៥មានគ្នាច្រើននាក់មានទាំងថ្នាក់ផ្កាយ១ និងមន្ត្រីជាច្រើននាក់ទៀតជិះរថយន្តចំនួន៣គ្រឿងរួមមានឡង់គ្រីស្ស័រចំនួន២គ្រឿង និងកាមរីមួយគ្រឿងចេញមកពីប្រទេសថៃក្នុងទិសដៅពីលិចទៅកើត។ ពេលនោះក៏មានរថយន្តកាមរីរបស់លោកវរសេនីយ៍ទោមួយរូបឈ្មោះវ៉ែន មុន្នីរ័ត្ន ដេញតាមពីក្រោយ ដើម្បីឆែកឆេរ ទើបផ្ទុះជម្លោះតែម្តង ដោយភាគីលោកវរសេនីយ៍ឯកត្រូវបានគេដឹងថា ទើបមកពីធ្វើការស្រាវជ្រាវបាតុភាពដែលធ្វើឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលថា មានប្រជាពលរដ្ឋខ្មែរស្លាប់ច្រើនលើទឹកដីសៀម ដែលជារឿងមិនពិត ។ ក្នុងជម្លោះខាងលើ គេឃើញភាគីទាំងពីរដំឡើងសរសៃ.កដាក់គ្នា នៅមាត់ច្រកទ្វារដែលជាកន្លែងកើតហេតុ ធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិនាំគ្នាឈរមើលព្រោងព្រាត ។
ភាគីលោកវ៉ែន មុន្នីរ័ត្ន បាននិយាយថា លោកធ្វើតាមបទបញ្ជារបស់មេ ។ ចំណែកភាគីលោកវរសេនីយ៍ឯកម៉ឹង មុន្នីរ័ត្ន និងលោកផ្កាយ១ បានប្រាប់កោះសន្តិភាពថា ពួកលោកទើបមកពីស៊ើបអង្កេតរឿងដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ព្រោះតែសពពលរដ្ឋខ្មែរត្រូវបានភាគីសៀមយកមកប្រគល់ឱ្យជាបន្តបន្ទាប់ច្រើនខុសពីមុន ។ ពេលរថយន្តរបស់ពួកលោកឆ្លងព្រំដែន ក៏មានរថយន្តរបស់លោកវ៉ែន មុន្នីរ័ត្ន តាមរថយន្តរបស់ពួកលោកដើម្បីសុំឆែកឆេរ ប៉ុន្តែដោយសារលោកមិនព្រម ទើបកើតរឿងយ៉ាងដូច្នេះ ។ លោកវរសេនីយ៍ឯកម៉ឹង មុន្នីរ័ត្ន បន្តទៀតថា ពួកលោកជាមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន បើចូលទៅធ្វើការអ្វីមួយដូចសព្វមួយដង មិនបាន តើធ្វើការបានន័យស្អីទៅ?
ជុំវិញបញ្ហាខាងលើនេះ លោកឌី ផេន នាយករងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការនិងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាបានប្រាប់តាមទូរស័ព្ទថា ការលើកឡើងរបស់លោកវរសេនីយ៍ទោវ៉ែន មុន្នីរ័ត្ន គឺលោកជាអ្នកឱ្យធ្វើ ប៉ុន្តែ លោកថាបទបញ្ជារបស់លោកគ្រាន់តែឱ្យទៅស៊ើបមើលក្រែងមានមន្ត្រី ក្រោមឱវាទដឹកទំនិញល្មើសច្បាប់ចូលមិនមែនឱ្យទៅឆែកឆេរទេ ។ លោកឌី ផេន បន្តទៀតថា ការដាក់បទបញ្ជាឱ្យតាមស៊ើបអង្កេត ព្រោះតែ លេចឮព័ត៌មានមិនល្អពីមជ្ឈដ្ឋានផ្សេងៗថា មានមន្ត្រីរបស់លោករកស៊ីដឹកធុងហ្គាស ឬទំនិញគេចពន្ធផ្សេងៗ ។
ទោះបីជាបែបណាគេកត់សម្គាល់ថា កន្លងមក ខណៈពេលដែលមន្ត្រីគយតាមប្រមាញ់រថយន្តដឹកទំនិញគេចពន្ធបង្កប់ក្នុងរថយន្តតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏ធ្លាប់ចាប់បានរថយន្តរបស់មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃនេះ ដឹកធុងហ្គាសដែរ ហើយគេឃើញរថយន្តខ្លះមានទាំងបិទស្កុតខ្មៅតាមកញ្ចក់ទៀតផង ។ លោកឌី ផេន ប្រាប់ថា កាលពីថ្ងៃចន្ទសបា្តហ៍កន្លងទៅនេះ ក្នុងអង្គប្រជុំលោកបានអប់រំដល់មន្ត្រីក្រោមឱវាទទាំងអស់គ្នាឱ្យនាំគ្នាបកស្កុតខ្មៅចេញពីរថយន្ត បើមន្ត្រីរបស់លោកនៅតែមានបន្ត លោកនឹងព្យាយាមបំបាត់ឱ្យអស់តែម្តង ។ ក្នុងហេតុការណ៍ផ្ទុះជម្លោះនោះ ខណៈអ្នកយកព័ត៌មានកំពុងប្រមាញ់យករូបភាព ស្រាប់តែត្រូវលោកស័ក្តិ៣ឯម សំបូរ មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-សៀមចាប់យកកាមេរ៉ាដោយពុំមានសួរនាំអ្វីទាំងអស់ ប៉ុន្តែបន្តិចក្រោយមក ត្រូវបានលោកស័ក្តិ៥ និងមន្ត្រីផ្សេងៗទៀតធ្វើអន្តរាគមន៍ប្រគល់ឱ្យវិញ ៕
ចែករំលែកព័តមាននេះ