តាមកាសែតឌឹណេស្សិនរបស់ថៃជាភាសាអង់គ្លេសនៅថ្ងៃទី២ ឧសភា ផ្សាយឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា ពេលនេះកំពុងត្រៀមលក្ខណៈបង្កើតក្រុមអ្នកច្បាប់មួយ ដើម្បីទុកទប់ទល់ដោះស្រាយជាមួយវិធានការរបស់កម្ពុជា ដែលកំពុងស្វះស្វែងរកមធ្យោបាយឱ្យតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ (ICJ) ស្រាយបំភ្លឺពីការសម្រេចរបស់ខ្លួនកាលពីឆ្នាំ១៩៦២ ស្តីអំពីប្រាសាទព្រះវិហារ។
កាសែតថៃដដែលបានឱ្យដឹងទៀតថា លោកអាប់ភីស៊ីត នឹងលើកយកបញ្ហាស្តីពីការបង្កើតក្រុមអ្នកច្បាប់នេះមកពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣ ឧសភា ។ អ្នកវិភាគមួយចំនួននិយាយថា បើទោះបីជាថៃខំប្រឹងបង្កើតក្រុមអ្នកច្បាប់នេះក៏ដោយ ក៏មិនឈ្នះកម្ពុជាដែរ ចំពោះបញ្ហាប្រាសាទព្រះវិហារ ព្រោះតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដែលជាតុលាការពិភពលោកមួយបានសម្រេចថា ប្រាសាទព្រះវិហារ និងដីនៅជុំវិញជារបស់កម្ពុជាដូច្នេះថៃពុំមានសិទ្ធិទាមទារយកហើយអះអាងថា ជារបស់ខ្លួននោះទេ ។
ជាមួយគ្នានេះ ទាក់ទិននឹងបញ្ហាការប៉ះទង្គិចគ្នាដោយអាវុធជាថ្មីរវាងកងទ័ពឈ្លានពានសៀម និងកងទ័ពកម្ពុជានៅតំបន់ព្រំដែន ប្រភពយោធាមួយបានឱ្យដឹងថា ថៃនៅតែបង្កើនកម្លាំងទ័ពនៅប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ហើយមេបញ្ជាការកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អ៊ូចា បានបញ្ជាឱ្យមានការពង្រឹងកម្លាំងទ័ពនៅតំបន់ព្រំដែន ។
ប្រទេសកម្ពុជាកាលពីពេលថ្មីៗកន្លងមក បានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេឱ្យស្រាយបំភ្លឺអំពីការសម្រេចរបស់ខ្លួនឆ្នាំ១៩៦២ ចំពោះបញ្ហាប្រាសាទព្រះវិហារដើម្បីសៀមបានភ្លឺភ្នែក។ ថ្លែងនៅក្នុងកម្មវិធីមួយឈ្មោះ «មានការជឿជាក់ក្នុងប្រទេសថៃជាមួយនាយករដ្ឋមន្ត្រីអាប់ភីស៊ីត» កាលពីថ្ងៃទី១ ឧសភា កន្លងមក លោកអាប់ភីស៊ីត ថ្លែងថា តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានទទួលញត្តិរបស់កម្ពុជារួចហើយ ប៉ុន្តែថៃមិនទាន់បានទទួលឯកសារផ្លូវការណាមួយទាក់ទិននឹងបញ្ហានេះនៅឡើយទេ។
គេនៅចាំបានថា នៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចយ៉ាងច្បាស់ថា ប្រាសាទព្រះវិហារជារបស់កម្ពុជាតែមួយគត់ហើយក្រោយមកក្រុងបាងកកអះអាងទាំងបំពានថា តុុលាការក្រុងឡាអេបានសម្រេចថា ប្រាសាទព្រះវិហារជារបស់កម្ពុជា ចំណែកដីនៅជុំវិញជារបស់ថៃ ។ ក្នុងអំឡុងពេលនៃបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មានថៃកាលពីថ្ងៃទី១ ឧសភា កន្លងមក លោកអាប់ភីស៊ីត ថ្លែងថា ឥឡូវនេះថៃនឹងបង្កើតក្រុមអ្នកច្បាប់មួយដើម្បីដោះស្រាយជាមួយពាក្យបណ្តឹងរបស់កម្ពុជានៅតុលាការអន្តរជាតិក្រុងឡាអេ ។ សំណួរសួរថា តើលោកនឹងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុន សែន ឬអត់ចំពោះបញ្ហានេះ? លោកអាប់ភីស៊ីត ថ្លែងថា រូបលោកចាំស្តាប់ពីទស្សនៈយោបល់របស់ក្រុមអ្នកច្បាប់ជាមុនសិន ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកអាប់ភីស៊ីត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ដែលនឹងរៀបចំឡើងនៅទីក្រុងហ្សាការតា រដ្ឋធានីឥណ្ឌូណេស៊ី នៅថ្ងៃទី៧ និងទី៨ ឧសភា ខាងមុខនេះ ។ កិច្ចប្រជុំនេះត្រូវគេរំពឹងថា នឹងផ្តោតជាពិសេសលើការប៉ះទង្គិចគ្នាដោយអាវុធជាថ្មីរវាងកងទ័ពថៃ និងកងទ័ពកម្ពុជានៅតំបន់ព្រំដែនបង្កមុនដោយទាហានឈ្លានពានសៀម ។ ទាក់ទិននឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨នេះ លោកអាប់ភីស៊ីត ថ្លែងថា លោកពុំមានផែនការជួបពិភាក្សាទល់មុខគ្នាជាមួយសម្តេចតេជោហ៊ុន សែន ទេ៕
ចែករំលែកព័តមាននេះ