រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ផ្លូវច្បាប់ថា លោក រ៉ុង ឈុនអនុប្រធានគណបក្សភ្លើងទៀន កំពុងស្ថិតក្នុងការអនុវត្តទោស ដូច្នេះមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបាននោះទេ ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានពន្យល់បញ្ជាក់យ៉ាងច្បាស់ថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយដោយសារពុំទាន់ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួចចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ។

យោងតាមលិខិតមួយច្បាប់ផ្ញើរជូនឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ចំពោះករណី លោក រ៉ុង ឈុន បន្ទាប់ពីចាត់ឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវរួចមក ក្រសួងយុត្តិធម៌ពិនិត្យឃើញថា អំពីការផ្តន្ទាទោសលើឈ្មោះ រ៉ុង ឈុន៖ ឈ្មោះ វ៉ុង ឈុន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៣ខែ១១ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរទោស សាកល្បងដោយកំណត់រយៈពេល៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៣៥១ ៖ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល ។

បទល្មើសដែលត្រូវផ្ដន្ទាទោសនេះជាប្រភេទបទមជ្ឈិម ។ ឯកឧត្តមបន្តថា អំពីការមាននីតិសម្បទាឡើងវិញរបស់ទណ្ឌិត ៖ ផ្អែកតាមក្រមនីតិវិ ធីព្រហ្មទណ្ឌ, ទណ្ឌិតដែលត្រូវបានផ្តន្ទាទោស ដោយតុលាការអាចមា ននីតិសម្បទាឡើងវិញតាម២ទម្រង់ដូចជា ៖ ការមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ៖ ផ្អែកតាមមាត្រា៥៣៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, ការផ្ដល់ឱ្យមាននីតិសម្បទាឡើងវិញ តាមផ្លូវតុលាការអាចត្រូវបានផ្ដល់ឱ្យ ឬមិនព្រមផ្តល់ឱ្យដោយសភាព្រហ្មទណ្ឌនៃសាលា ឧទ្ធរណ៍ ដែលមានការប្រកាសផ្តន្ទាទោសដោយតុលាការនៅក្នុងសមត្ថកិច្ចដែនដីនៃសាលាឧទ្ធរណ៍ ហើយតាមមាត្រា៥៣៥នៃក្រមនីតិវិធីព្រហ្មទណ្ឌ, សភាព្រហ្មទណ្ឌអាចពិនិត្យ និងសម្រេចលើការស្នើសុំឱ្យមាននីតិសម្បទាឡើងវិញបានលុះត្រាតែផុតរយៈពេល៣ឆ្នាំចំពោះបទមជ្ឈិម ហើយរយៈពេលនេះត្រូវចាប់ផ្ដើមគិតពីការអនុវត្តទោសរួច ។
ការមាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ ៖ ផ្អែកតាមមាត្រា៥៤១ នៃក្រមនីតិវីធីព្រហ្មទណ្ឌ, នីតិសម្បទាត្រូវមានឡើងវិញដោយពេញលក្ខណៈច្បាប់ នៅពេលផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃ អនុវត្តទោសរួចហើយ ឬនៅពេលទោសត្រូវផុតអាជ្ញាយុកាលក្នុងករណីដែលបុគ្គលនោះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី ៥ទេ ឬក៏ផ្តន្ទាទោសពិន័យ ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ផ្អែកតាមមូលដ្ឋានច្បាប់ខាងលើ និងដោយហេតុថា ឈ្មោះ រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពរ ដោយសាលដីកា ព្រហ្មទណ្ឌលេខ ៣៥១ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល ដូចនេះឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
សូមជម្រាបថាលោក រ៉ុង ឈុន ត្រូវបានគណបក្សភ្លើងទៀនបញ្ចូនឈ្មោះឲ្យឈរជាបេក្ខជនសម្រាប់បោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ នៅមណ្ឌលខេត្តកណ្តាល ។
យ៉ាងណាក្តីការបញ្ជូនឈ្មោះលោក រ៉ុង ឈុននេះត្រូវបានគ.ជ.ប ពិនិត្យឃើញថា មិនត្រឹមត្រូវ ហើយមានករណីមួយចំនួនទៀតដោយទុក រយៈពេល៥ថ្ងៃឲ្យគណបក្សភ្លើងទៀនកែតម្រូវរួចបញ្ជូនទៅគ.ជ.បវិញ ៕
ចែករំលែកព័តមាននេះ