ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនចៅក្រមស៊ើបសួរតាមដីកាបង្គាប់ឲ្យចាប់ខ្លួននោះ ។
សូមរំលឹកថា ស្ត្រីអាជីវករម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលរាជធានីភ្នំពេញធ្វើការចាប់ខ្លួន កាលពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២៣ នៅក្នុងខេត្តសៀមរាប ខណៈស្ត្រីអាជីវកររូបនោះមិនព្រមចូលខ្លួនតាមដីកាបង្គាប់ឲ្យចូលឆ្លើយចំនួន២លើករបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.រំលោភលើទំនុកចិត្ត ចុងក្រោយនៅតែគេចមិនផុតពីការចាប់ខ្លួន ។
ជនសង្ស័យខាងលើ ឈ្មោះ ជីវ ណារ៉ា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្រោយពីចាប់ខ្លួន សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានប្រគល់ជនសង្ស័យឲ្យទៅនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីនាំទៅប្រគល់ជូនចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនស្ត្រីអាជីវកររូបនោះ ។
តាមសមត្ថកិច្ចឲ្យដឹងថា នគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខេត្តសៀមរាប បានអនុវត្តតាមអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៥១ ដ.ច.ន ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ របស់លោកសាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលើឈ្មោះ ជីវ ណារ៉ា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានចោទប្រលាន់ពីបទ.រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចសណ្ឋាគារ DYVITH HOTEL ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដែលបទល្មើសខាងលើនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា៣៩១ និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ ។
ដោយយល់ឃើញថា ជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យចូលខ្លួនចំនួន២លើក ក្នុងអំឡុងខែមករាឆ្នាំ២០២៣ ប៉ុន្តែមិនឃើញចូលមកឆ្លើយបំភ្លឺដោះសារ ដោយគេចខ្លួនមិនដឹងទៅទីណា ហើយបទចោទប្រកាន់ខាងលើជាបទមជ្ឈឹមដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារលើសពីមួយឆ្នាំ ហេតុនេះដើម្បីធានាដល់យន្តការច្បាប់អនុវត្តឲ្យមានប្រសិទ្ធិភាព ចៅក្រមស៊ើបសួរគប្បីសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ។
ចែករំលែកព័តមាននេះ