របបលីប៊ីបានចោទប្រកាន់អូតង់ថា ប៉ុនប៉ងតាមសម្លាប់លោកមូអាម៉ា កាដាហ្វី ក្នុងការវាយប្រហារតាមអាកាសមួយដែលសម្លាប់កូនប្រុសលោកម្នាក់ និងចៅ៣នាក់ ចំណែកទីក្រុងមីស្ត្រាតា ដែលជាប់ការឡោមព័ទ្ធរងការឆាបឆេះកាលពីយប់ថ្ងៃទី១ ឧសភា ។ តាំងពីចាប់ផ្តើមអន្តរាគមន៍យោធាអន្តរជាតិនៅលីប៊ីពីថ្ងៃទី១៩ មីនា មក អ្នកទទួលខុសត្រូវខាងនយោបាយជាច្រើននាក់របស់បណ្តាប្រទេសដែលចូលរួមក្នុងអន្តរាគមន៍នេះ ដែលទាមទារឱ្យលោកកាដាហ្វីចាកចេញពីអំណាចតែងនិយាយថា អាណត្តិរបស់ អ.ស.ប គ្រោងការពារបណ្តាជនស៊ីវិល ពុំមែនសម្លាប់មេដឹកនាំលីប៊ីឡើយ ។ ក៏ប៉ុន្តែអ្នកទទួលខុសត្រូវខាងនយោបាយមួយចំនួនបានវាយតម្លៃថា មានលទ្ធភាពដែលលោកកាដាហ្វីជាគោលដៅវាយប្រហារដោយផ្ទាល់ ។ រឿងនេះធ្លាប់ត្រូវបានអះអាងកាលពីថ្ងៃទី២០ មីនា កន្លងមកនេះ ដោយរដ្ឋមន្ត្រីការពារប្រទេសអង់គ្លេសលោក LIAM FOX ។
ទូរទស្សន៍លីប៊ីគូសបញ្ជាក់ថា ពិធីបុណ្យសព្វរបស់កូនប្រុសពៅលោកកាដាហ្វី ឈ្មោះសៃអុីហ្វ អាល់អារ៉ាប មូអាម៉ា កាដាហ្វី អាយុ២៩ឆ្នាំ ដែលពុំមានកាន់តំណែងផ្លូវការណាមួយ និងចៅ៣នាក់ត្រូវធ្វើនាថ្ងៃទី២ ឧសភា ។ ចៅទាំង៣របស់លោកកាដាហ្វី ដែលស្លាប់ម្នាក់អាយុ២ឆ្នាំ ម្នាក់ទៀតអាយុ៣ឆ្នាំ និងចៅទី៣ អាយុ៤ខែ។
ចំណែកបុគ្គលិករបស់ អ.ស.ប បាននាំគ្នាចាកចេញពីទីក្រុងទ្រីប៉ូលី ដោយសារចលាចលក្នុងទីក្រុងនេះ ។ យោងតាមអ្នកនាំពាក្យ អ.ស.ប ថា បុគ្គលិក អ.ស.ប ១២នាក់ ប្រចាំក្រុងទ្រីប៉ូលីបានចាកចេញពីរដ្ឋធានីលីប៊ីបណ្តោះអាសន្នហើយទៅស្នាក់នៅប្រទេសទុយនីស៊ីជិតខាង ៕
ចែករំលែកព័តមាននេះ