ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ សម្តេច​តេ​ជោ​អំពាវនាវ​នាយ​ឧត្តមសេ នីយ​សៅ សុខា​ ឱ្យបន្ត​ដឹកនាំ​កីឡាបាល់ទាត់​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រឿងរ៉ាវលោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​រង​កង​យោធពល​ខេម​រភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសបាន​ប្រកាស​លាលែង​តំណែង​ជាប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ភ្លាម​ៗ​នៅ​យប់​ថ្ងៃអាទិត្យ ទី​៧​ ឧសភា​ ក្រោយ​កម្ពុជា​ចាញ់​មី​យ៉ា​ន​ម៉ា ២-០…

រាជធានី​ភ្នំពេញ​៖ រឿងរ៉ាវលោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​រង​កង​យោធពល​ខេម​រភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសបាន​ប្រកាស​លាលែង​តំណែង​ជាប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ភ្លាម​ៗ​នៅ​យប់​ថ្ងៃអាទិត្យ ទី​៧​ ឧសភា​ ក្រោយ​កម្ពុជា​ចាញ់​មី​យ៉ា​ន​ម៉ា ២-០ ។ កាន់តែ​ក្តៅ​គគុក បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា អំពាវនាវ​នាយ​ឧត្តមសេនីយ​សៅ សុខា​ ឲ្យ​បន្ត​ដឹកនាំ​កីឡាបាល់ទាត់​កម្ពុជា​តទៅ​ទៀត​ ។

តាម​រយៈ​សារ​សម្លេង​រយៈពេល​ប្រមាណ​ជាង៦នាទីជូន​ចំពោះ​ឯកឧត្តមនាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​ដូច​ជា​កីឡាករ កីឡាការិនី បាល់ទាត់​ទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​សេ្ន​ហា​កីឡា​បាល់​ទាត់ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា កាលពី​ម្សិលមិញ បន្ទាប់​ពី​ការ​បញ្ចប់​ការ​ប្រកួត​បាល់ទាត់​ដែល​លទ្ធផល កម្ពុជា ចាញ់​មី​យ៉ា​ន​ម៉ា នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​សុំ​លាលែង​ចេញ​ពី​តំណែង​។ ដូច្នេះ សម្តេច​បាន​បញ្ជាក់​ថា សម្តេច​បាន​សង្កេត​ឃើញ​ថា បន្ទាប់​ពី​ការ ទទួល​បាន​ព័ត៌មាន​នេះ មាន​មនុស្ស​ជា​ច្រើន​បាន «​បង្ហាញ​នូវ​ការ​ខកចិត្ត និង​បង្ហាញ​នូវ​ការ​សោកស្តាយ​ចំពោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា ដែល​ធ្លាប់​បាន​ដឹកនាំ បង្កើត​នូវ​ការ​រីក​ចម្រើន​របស់​កីឡាបាល់ទាត់​កម្ពុជា​»​។

«​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​សូម​ចូលរួម​សម្តែង​នូវ​ការ​សោកស្តាយ​នេះ​ផង​ដែរ និង​ធ្វើការ​កត់​សម្គាល់ថា ចាប់​តាំងពី នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ទទួល​នូវ​មុខ​តំណែង​នេះ កីឡាបាល់ទាត់​កម្ពុជា មាន​ការ​រីក​ចម្រើន ឈាន​ឡើងជា​លំដាប់ ទោះបីជា​ការ​លេង​របស់​យើង​មាន​លទ្ធផល​មិន​ដូច​ការ​ចង់​បាន​របស់​យើង​ចង់បាន តែ​យើង​បាន​ដើរ​ចេញពី​ចំណុច ដែល​យើង​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច តេ​ជោ ហ៊ុន សែន​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «​ខ្ញុំ​គួរតែ​បញ្ជាក់​ថា មាន​ប្រទេស​ច្រើន​ណាស់ ដែល​កីឡា​បាល់​ទាត់​មិន​អាច​ទទួល​បាន​នូវ​លទ្ធផល​ល្អ​។ ប្រទេស​ខ្លះ​មាន​ប្រជាជន​ដល់​ទៅ​ជាង ១ ពាន់​លាន​នាក់ រាប់រយ​លាន​នាក់ ក៏​បាល់ទាត់​របស់​គេ​មិន​ខ្លាំង​ដែរ​។ យើង​មាន​ប្រជាជន​ត្រឹមតែ​ជាង ១៦ ទៅ ១៧​លាន​​នាក់​យើង​ធ្វើ​បាន​ប៉ុណ្ណោះ គឺ​ធ្វើ​បាន​ល្អ​ណាស់​ហើយ ក្នុង​កែវភ្នែក​ប្រជាជន​យើង ដែល​កីឡា​បាល់ទាត់​របស់​យើង​ធ្លាប់តែ​នៅ​ក្នុង​បាត​តារាង ប៉ុន្តែ​យើង​ក៏​ធ្លាប់​ឈ្នះ ធ្លាប់​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​»​។

សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់​ថា «​ដូច្នេះ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​អំពាវនាវ​ចំពោះ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បន្ត​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តទៅ​ទៀត​។ ហើយ​នេះ​មិនមែន​ជា​បញ្ហា​ដាច់​ដោយឡែក​របស់ខ្ញុំ តែ​នេះ​ជា​បញ្ហា​រួម ដែល​រាជរដ្ឋា​ភិបាល ខ្ញុំ​តំណាង​ឱ្យ​រាជរដ្ឋាភិបាល អំពាវនាវ​ឱ្យ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បន្ត​តួនាទី​នេះ ជា​មួយ​នឹង​ការ​ចង់បាន​របស់​កីឡាករ កីឡាការិនី​បាល់ទាត់ និង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​កីឡាបាល់​ទាត់​ផង​ដែរ​»​។

សូម​រម្លឹក​ថា តាម​រយៈ​ហ្វេ​ស​ប៊ុ​ក មានឈ្មោះ​ថា G Sao Sokha ដែល​គេ​ដឹង​ថា ជា​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ប្រកាស​ថា «​បន្ទាប់​ពី​បរាជ័យ ក្នុង​ការ​ប្រកួត​ចម្រុះ ក្នុង​ពូ​ល​A ក្នុង​ព្រិ​ត្តិ​ការណ៍ sea games ខ្ញុំ​គោរព​នូវ​ការ​សន្យា ដើម្បី​បង្ហាញ​នូវ​ស្មារតី​ទទួលខុសត្រូវ ខ្ញុំ​សូម​ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ចាប់ពី​រាត្រី​ថ្ងៃអាទិត្យ ទី​០៧ ខែឧសភា ឆ្នាំ​២០២៣ ខ្ញុំ​សូម​ប្រគល់​ជូន​លោក​ឧ​. ខៀវ សា​ម៉េ​ត អនុប្រធាន​ស​.​ប​.​ក ជា​ប្រធាន​ស្តីទី ចាប់ពី​ពេល​នេះ​តទៅ​។

ខ្ញុំ​សូម​អរគុណ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា និង​បងប្អូន ដែល​បាន​បញ្ចេញមតិ​គាំទ្រ​ខ្ញុំ អោយ​បន្ត​ដំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ព្រមទាំង​សូម​អភ័យទោស ដែល​រូប​ខ្ញុំបាទ ពុំ​អាច​នាំ​កិត្តិយស​ជូន​ជាតិ​បាន តាម​រយៈ​ការ​ប្រកួត​បាល់ទាត់ ក្នុង​ព្រិ​ត្តិ​ការណ៍ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ខ្ញុំ​សូម​អរគុណ​លោក​អនុប្រធាន សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ស​.​ប​.​ក និង​មន្ត្រី​បុគ្គលិក​ទាំងអស់ ដែល​បាន​រួម​ជាមួយ​ខ្ញុំបាទ ធ្វើការ​ងារ​លើ​វិស័យ​កីឡាបាល់ទាត់​កន្លង​មក​។ ខ្ញុំ​សូម​ជូនពរ​អ្នក​ទាំងអស់​គ្នា មាន​សុខភាព​ល្អ ចម្រុងចម្រើន មាន​សុភមង្គល​គ្រប់​ក្រុម​គ្រួសារ និង​ជួប​ប្រទះ​តែ​សំណាង​ល្អជា​និច្ច​៕ ដោយ​ក្តី​គោរព​ពី​ខ្ញុំបាទ ឧ​. សៅ សុខា​»​។

សូម​រម្លឹក​ថា ក្រុមបាល់ទាត់​កម្ពុជា ( បុរស អាយុ​ក្រោម ២២​ឆ្នាំ ) ក្នុង​ការ​ប្រកួត​នៅ​យប់​ថ្ងៃអាទិត្យ ទី​៧ ឧសភា​នេះ បាន​ចាញ់​មី​យ៉ា​ន់​ម៉ា ២-០​។ កម្ពុជា នៅ​សល់ ១​ប្រកួត​ទៀត ដោយ​ត្រូវ​ជួប​ឥណ្ឌូ​នេ​ស៊ី នៅ​ម៉ោង ៧​យប់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៣ នៅ​ក្នុង​ពូ​ល A​។ ឆ្លងកាត់ ៣​ប្រកួត​កន្លង​មក កម្ពុជា ទទួល​បាន ៤​ពិន្ទុ ខណៈ​ឥណ្ឌូ​នេ​ស៊ី ៣​ប្រកួត​កន្លង​មក ឈ្នះ​ទាំង ៣​ប្រកួត មាន ៩​ពិន្ទុ​។ មី​យ៉ា​ន់​ម៉ា ៦​ពិន្ទុ​។ ទី​ម័​រ​ខាងកើត ៣​ពិន្ទុ និង​ហ្វី​លី​ពី​ន ១​ពិន្ទុ​។ ក្នុង​ការ​ប្រកួត​ជាមួយ​ឥណ្ឌូ​នេ​ស៊ី នា​ម៉ោង ៧​យប់​ថ្ងៃ​ទី​១០​ឧសភា គឺ​កម្ពុជា​យើង ត្រូវការ​ឈ្នះ​។ រីឯ​មី​យ៉ា​ន់​ម៉ា ត្រូវ​ជួប​ហ្វី​លី​ពី​ន ដែល​ជា​ក្រុម​បាត​តារាង ក្នុង​ពូ​ល A​។ នៅ​ថ្ងៃ​ទី​១០​ឧសភា បើ​កម្ពុជា ឈ្នះ​ឥណ្ឌូ​នេ​ស៊ី ហើយ​មី​យ៉ា​ន់​ម៉ា​ស្មើ ឬ​ក៏​ចាញ់​ហ្វី​លី​ពី​ន ទើប​អាច​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕