ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ឈើ​គ្រញូង​ក្រឡាប់ មនុស្ស​ផ្អើល​​រើស​ពពាក់​ពពូន ទំរាំ​សមត្ថកិច្ច​ទៅ​ដល់​សល់​៣០​ដុំ

14 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ រថយន្តបែនដឹកដីធុនធំ១​គ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-1916 ដែលទ្វាររថយន្តមាន​បិទ​ឡូ​ហ្គោរបស់ក្រុមហ៊ុន «ធីធី​វ៉ាយ​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម​ និង​អាហរ័ណ​​នី​ហរ័ណ​» បាន​ជួប​នឹង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧​ចំណុច​ផ្លូវ​បំបែក​​ក្រែក​ជី​មាន់​ ស្ថិត​នៅ​ភូមិ​ក្រែក​ខាង​ត្បូង​ ឃុំ​​ក្រែក​ ស្រុក​ពញា​ក្រែក​

ខេត្ត​កំពង់ចាម ៖ រថយន្តបែនដឹកដីធុនធំ១​គ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-1916 ដែលទ្វាររថយន្តមាន​បិទ​ឡូ​ហ្គោរបស់ក្រុមហ៊ុន «ធីធី​វ៉ាយ​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម​ និង​អាហរ័ណ​​នី​ហរ័ណ​» បាន​ជួប​នឹង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧​ចំណុច​ផ្លូវ​បំបែក​​ក្រែក​ជី​មាន់​ ស្ថិត​នៅ​ភូមិ​ក្រែក​ខាង​ត្បូង​ ឃុំ​​ក្រែក​ ស្រុក​ពញា​ក្រែក​ កាលពីវេលាម៉ោង១១ និង​៣០នាទីព្រឹកថ្ងៃទី៣០ មេសា ដោយ​ក្រឡាប់​បះជើងដេកស្តូក​ស្តឹងលើរង្វង់មូល ។ ​អ្វី​ដែល​គួរ​​ ឱ្យ​កត់​សម្គាល់​​ គឺ​ពេល​ដែល​រថយន្ត​ក្រឡាប់​គេ​ឃើញក្អួតចេញមកសុទ្ធតែឈើ​គ្រញូង ​រាប់ពាន់កំណាត់ដែលបម្រុងលោត​ឆត្រ​ចេញទៅតំបន់ព្រំដែនវៀតណាម។ ​ក្រោយ​ពេល​​ក្រឡាប់ត្រូវបានប្រជាពលរដ្ឋ​រាប់​រយ​នាក់​ពពាក់ពពូននាំគ្នារត់ទៅដណ្តើមយក អ្នក​ខ្លះ​បានលើកដាក់លើរថយន្តអ្នកដំណើរ និង​លើក​ដាក់លើម៉ូតូ សូម្បីតែកម្លាំងសមត្ថកិច្ចនគរបាលចរាចរ និងកងរាជអាវុធហត្ថ​ ក៏មិនអាច​ទប់ស្តាត់បានដែរ ។

លោកអនុសេនីយ៍ទោអាំ សុផល អធិការ​រង​នគរបាលស្រុកពញាក្រែកទទូលផែនសេនាធិការ បានប្រាប់ឱ្យដឹងថា នៅក្រោយឧប្បត្តិហេតុ​បាន​បន្តិចត្រូវបានប្រជាពលរដ្ឋរាយ​ការណ៍មករូប​លោក ពេលដែលទទូលបាននូវព័ត៌មាននេះភ្លាមរូបលោកបានដឹកនាំកម្លាំងក្រោមឱវាទចុះ​ទៅជាបន្ទាន់ ដើម្បីជួយសម្រួលដល់ការ​ធ្វើ​ដំណើរមិនឱ្យមាន​ការកកស្ទះ​នៅលើដងផ្លូវ។

លោកអធិការរងទទូលផែនសេនាធិការ បាន​ប្រាប់បន្តថា ក្នុងខណៈពេលដែលរូបលោក​បានទៅដល់កន្លែងកើតហេតុនោះ បានឃើញប្រជាពលរដ្ឋរាប់រយនាក់កំពុងតែចូល​ទៅ​រើស​យកកំណាត់ឈើគ្រញូងដែលគេច្នៃប៉ុនកំភួនជើង​រាងបួនជ្រុងមានតូចមានធំ ទោះបីជា​ខិតខំ​ស្រែក​ហាមឃាត់ឡើងតឹងសរសៃកយ៉ាងណាក្តី ក៏មិន​មានអ្នកណាស្តាប់ដែរ គឺគិតតែពីនាំគ្នារើជញ្ជូន​យកទៅ​យ៉ាងប្រញាប់ប្រញាល់ សូម្បីតែក្រុម​អ្នក​​រត់​​ម៉ូតូ​ឌុប​ក៏បាន​មករើសយកដែរ ។ មិនតែប៉ុណ្ណោះ​ទេ រថយន្តដឹកអ្នកដំណើរពេលដែល​បើកមក​ឃើញបែបនេះ បានបង្អង់ល្បឿន​ឈប់​ហើយនាំគ្នាចុះមករើសយកកំណាត់ឈើគ្រញូងបីបួនដុំម្នាក់ហើយឡើងជិះរថយន្តបើកចេញ​បាត់ទៅ គឺយក​ម៉ា​សេរី ។   

ចំពោះកំណាត់ឈើគ្រញូងដែលនៅ​សេស​សល់ប្រហែលជា៣០ដុំតូចៗត្រូវបាន​រឹប​អូស​និងបានហៅរថយន្តមកស្ទូចយករថយន្តបែនដែលក្រឡាប់ លើកបញ្ឈរវិញ​ បើកយក​មក​រក្សា​ទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកដើម្បីទុកដោះស្រាយតាមច្បាប់ព្រោះតែបានបង្កឱ្យខូចទ្រព្យសម្បត្តិសាធារណៈបែកឥដ្ឋការ៉ូឡាក្នុង​រង្វង់​មូល​​អស់ជាច្រើន ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឱ្យ​ដឹង​ដែរថា រថយន្តបែនដឹកឈើគ្រញូងដែល ក្រឡាប់​ប្រាស់ដេកលើរង្វង់មូលនេះបានបើក ចេញមកពីទិស​ខាងលិចឆ្ពោះមក​កើតមិនដឹង ជាមូលហេតុអ្វី​នោះទេ ស្រាប់តែក្រឡាប់តែម្តង ត្រូវបាន​ប្រជា​ពល​រដ្ឋនាំគ្នាស្រែកថា រថយន្តបុក មនុស្ស​ ហើយ​ស្រែក​គំរាម​ឱ្យចាប់ ។ អ្នកបើក បរ និងព្រូម្នាក់​គ្រាន់​តែឮបែបនេះ បាននាំគ្នារត់ ចេញទៅយ៉ាង​លឿនចោលស្បែកជើងឆ្ពោះទៅ ទិសខាងកើតគេចខ្លួនបាត់ស្រមោលតែម្តង ។ ពេលដែលនាំ​គ្នា​ទៅមើលកន្លែងរថយន្តក្រឡាប់ មិនឃើញមានស្នាមឈាមនោះទេ​ដែល​ គេ​គិត​ថា គ្មានអ្នកណា​រង​របួស​ឡើយ ។ បានប្រហែល ជា១០​នាទី​ត្រូវ​បានកម្លាំងសមត្ថកិច្ចមកដល់ ហាមឃាត់មិន​ឱ្យ​ប្រជាពលរដ្ឋយកឈើចេញ ទៅណានោះទេ​។ ប៉ុន្តែ​ទោះជាយ៉ាងណាក្តី​ ក៏ ត្រូវប្រជាពលរដ្ឋ​បាន​នាំគ្នាជញ្ជូនចេញព្រោង ព្រាត ហើយត្រូវបាន​ខាង​អាវុធហត្ថ លើកយក ឈើគ្រញូងដាក់លើរថយន្ត​ទៅរក្សាទុកបានមួយ ចំនួនផងដែរ ។

ប្រជាពលរដ្ឋបាននិយាយថា រថយន្តបែន​លួច​ដឹកឈើគ្រញូងដែលក្រឡាប់នេះ សង្ស័យ​ជារបស់ឧកញ៉ាម្នាក់ដែលល្បីខាងជំនួញឈើគ្រញូង​នៅខាងស្រុកពញាក្រែក ។ កោះសន្តិភាព​បាន​ព្យាយាមសុំការបំភ្លឺពីក្រុមហ៊ុនធីធីវ៉ាយ​ជា​ម្ចាស់​​រថយន្ត​ដែរ ប៉ុន្តែមិនអាចទាក់ទង​បានទេ ៕