រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ បានចាប់ខ្លួនមន្ត្រីយោធាម្នាក់បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណី ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធបង្កឲ្យរងរបួសដល់អ្នកដទៃ។
ជនសង្ស័យខាងលើនេះ មានឈ្មោះ ស៊ិន សុវណ្ណរ៉េត ហៅឌុក ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាយោធា ស្នាក់នៅផ្ទះលេខ១០c ផ្លូវលេខ១០២ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យរូបនេះផ្ទុះអាវុធ បណ្តាលឲ្យរងរបួសដល់មនុស្សចំនួន២នាក់ ក្នុងនោះម្នាក់ជាកូន និងម្នាក់ទៀតជាប្អូនថ្លៃ។
ពាក់ព័ន្ធករណីខាងលើនេះ ត្រូវសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តាមការរៀបរាប់របស់ជនសង្ស័យ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ គាត់បានជិះរថយន្ត១គ្រឿង ម៉ាកនីស្សាន់ ពណ៌ខ្មៅ ចេញមកពីចម្ការដែលស្ថិតនៅភូមិតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត។ លុះមកដល់ផ្ទះវេលាម៉ោងប្រមាណជាង១០យប់ ក៏ឃើញក្រុមគ្រួសារមានការផឹកស៊ីជុំគ្នាជាច្រើននាក់ ក្នុងនោះមានដន្លងប្រុស, ដន្លងស្រី, កូនប្រុសបង្កើត, កូនប្រសាស្រី និងប្អូនថ្លៃ ព្រមទាំងប្រពន្ធរបស់ខ្លួន (ជនសង្ស័យ) នៅទីនោះផងដែរ។
សមត្ថកិច្ចបន្តថា ដោយឃើញដូច្នោះជនសង្ស័យក៏ស្តីបន្ទោសទៅប្រពន្ធថា នៅចម្ការមានគេលួចយកអាគុយសូឡា កង់គោយន្ត និងយកគោយន្តទៅប្រើប្រាស់អត់គិតគូរសោះ គិតតែនាំគ្នាផឹកស៊ី។ ពេលឮជនសង្ស័យជាឪពុកពោលពាក្យដូច្នោះ កូនប្រុសបង្កើតក៏បានតបទៅវិញដោយប្រើពាក្យសម្ដីមិនសមរម្យថា «ភ្លើ ! ដឹងថា អា២នាក់ចោរហើយនៅតែយកដាក់កន្លែងនោះទៀត បើល្ងង់អញ្ចឹងកុំចង់ធ្វើចេះ»។ ពេលនោះ ជនសង្ស័យក៏តបវិញថា «អញឪពុកហែង កុំប្រើពាក្យអញ្ចឹង» តែកូនប្រុសនៅតែប្រើពាក្យដដែលៗ ធ្វើឲ្យជនសង្ស័យជាឪពុកមានចិត្តខឹង ក៏លើកដៃបម្រុងវា.យកូន តែត្រូវមិត្តភក្តិចាប់ជាប់។

សមត្ថកិច្ចបន្តទៀតថា បន្ទាប់មក ជនសង្ស័យបានដើរចេញក្រៅ ពេលនោះកូនប្រុសក៏ស្ទុះទៅវា.យឪពុកចំភ្នែកខាងស្តាំបែកវ៉ែនតាប្រ៉ាវ ធ្វើឲ្យជនសង្ស័យជាឪពុកងងឹតមុខឈឹង និងបោ.កក្បាលផ្ទប់ទៅនឹងទ្វារផ្ទះតែម្តង ព្រមជាមួយនោះកូនប្រុសក៏បានទៅទាត់ឪពុកត្រង់ចង្កេះមួយជើងទៀត បណ្តាលឲ្យដួលទៅលើឥដ្ឋការ៉ូ។ ដោយសារទប់កំហឹងនឹងកូនប្រុសបង្កើតដែលធ្វើទង្វើដូច្នេះមកលើខ្លួន ជនសង្ស័យខំប្រឹងស្ទុះក្រោករត់ចេញសំដៅទៅរថយន្តនៅមុខផ្ទះ ដើម្បីយកកាំភ្លើ.ងខ្លីម៉ាក កា៥៤ មកបាញ់គំរា.ម ហើយត្រូវប្អូនថ្លៃចូលទៅឃាត់ តែទោះជាយ៉ាងណា ជនសង្ស័យបានផ្ទុះអាវុធចំនួន៤គ្រាប់ទៅហើយ បណ្តាលឲ្យកូនប្រុស និងប្អូនថ្លៃរងរបួសជាទម្ងន់ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមន្ត្រីយោធាជាឪពុកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ៕
ចែករំលែកព័តមាននេះ