ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឯកទេស​ខាង​ចាប់​ពស់​នៅ​​ថៃ​ត្រូវ​ពស់​វែក​ព្រួស​ពិស​ដាក់ពេញ​ភ្នែក​​​

11 ខែ មុន

ប្រទេស​ថៃ​៖ ​​​​ពាក្យ​ចាស់​បុរាណ​ពោល​ថា​ «ដំរី​ជើង​បួន​គង់​មាន​ភ្លាត់​» ពិត​ជា​ត្រឹម​ត្រូវ​។ កាល​ពី​ពេល​ថ្មីៗ​នេះ​, បុរស​ជន​ជាតិ​​ថៃ​​ម្នាក់​​ដែល​​ជា​អ្នក​ឯក​ទេស​​​ខាង​ចាប់​ពស់​​យ៉ាង​ស្ទាត់​ជំនាញ​ទៅ​ហើយ​ ក៏​ត្រូវ​ពស់​វែក​​ព្រួស​ពិស​​ដាក់​ភ្នែក​របស់​គាត់​​សឹង​តែ​ងងឹត​មើល​អ្វី​លែង​ឃើញ​​​។​ ​បុគ្គលិក​​ផ្នែក​​សង្គ្រោះ​បន្ទាន់​​បាន​ប្រញាប់​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​សង្គ្រោះ​បុរស​​វ័យ​៤៩​ឆ្នាំ​ឈ្មោះ​ក្រៀង​សាក់ ក្លាង (Kriengsak…

ប្រទេស​ថៃ​៖ ​​​​ពាក្យ​ចាស់​បុរាណ​ពោល​ថា​ «ដំរី​ជើង​បួន​គង់​មាន​ភ្លាត់​» ពិត​ជា​ត្រឹម​ត្រូវ​។ កាល​ពី​ពេល​ថ្មីៗ​នេះ​, បុរស​ជន​ជាតិ​​ថៃ​​ម្នាក់​​ដែល​​ជា​អ្នក​ឯក​ទេស​​​ខាង​ចាប់​ពស់​​យ៉ាង​ស្ទាត់​ជំនាញ​ទៅ​ហើយ​ ក៏​ត្រូវ​ពស់​វែក​​ព្រួស​ពិស​​ដាក់​ភ្នែក​របស់​គាត់​​សឹង​តែ​ងងឹត​មើល​អ្វី​លែង​ឃើញ​​​។​

​បុគ្គលិក​​ផ្នែក​​សង្គ្រោះ​បន្ទាន់​​បាន​ប្រញាប់​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​សង្គ្រោះ​បុរស​​វ័យ​៤៩​ឆ្នាំ​ឈ្មោះ​ក្រៀង​សាក់ ក្លាង (Kriengsak Klang) ដែល​បម្រើ​ការ​នៅ​​នាយក​ដ្ឋាន​បង្ការ និង​​គ្រប់​គ្រង​​​​​គ្រោះ​មហន្ត​រាយ​។ នៅ​កន្លែង​កើត​ហេតុ​​, ​គេ​ឃើញ​ជន​រង​គ្រោះ​​កំពុង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ទ្រាំ​មិន​បាន​។ នៅ​ក្បែរ​នោះ​មាន​សាក​សព​ពស់​វែក​១​ក្បាល​ប្រវែង​​ជាង​មួយ​ម៉ែត្រ​ដែល​ត្រូវ​គេ​វាយ​ឡើង​ខ្ទេច​ក្បាល​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក៏​​សែង​​លើក​លោក​ក្រៀង​សាក់​ដាក់​លើរថយន្ត​គិលាន​សង្គ្រោះ​ ដើម្បី​ដឹក​ទៅ​មន្ទីរ​ពេទ្យ​មហា​រដ្ឋ​នគរ​រាជ​សីមា​។ នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​, គេ​បាន​ខិត​ខំ​យក​ទឹក​សេរ៉ូម​ប្រៃ​​​​ច្រូច​​ពី​លើ​កែវ​ភ្នែក​ទាំង​គូ​របស់​​ជន​រង​គ្រោះ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​​ផ្សា​។ ​គេ​ត្រូវ​តែ​ប្រើ​វិធី​នេះ​ដើម្បី​ជួយ​បន្សាប​ជាតិ​ពិស​។ បើ​មិន​ដូច្នេះ​ទេ ជន​រងគ្រោះ​​អាច​នឹង​ងងឹត​ភ្នែក​ជា​រៀង​រហូត​​។​

ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ភ្នែក​ខាង​ឆ្វេង​​របស់​គាត់​កំពុង​រុំ​របួស​, លោក​ក្រៀង​សាក់​​​ឆ្លៀត​ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត​ថា​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ គាត់​កំពុង​​ងូត​ទឹក​សុខ​ៗ​ដើម្បី​ត្រៀម​ចូល​ធ្វើ​ការ​វេន​យប់​​​។ ស្រាប់​តែ​​បុគ្គលិក​ដែល​ធ្វើ​ការ​ជា​មួយ​គ្នា​​​ស្រែក​ហៅ​គាត់​ទៅ​ជួយ​ចាប់​ពស់​វែក​១​​ក្បាល​ដែល​​​សម្ងំ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ស្រុក​។​ គ្រាន់​តែ​ឮ​ដូច្នេះ, លោក​ក្រៀង​សាក់​ក៏​​​ស្ទុះ​វឹង​ទៅ​យក​ស្រោម​ដៃ​ជ័រ​ដើម្បី​ពាក់​ងាយ​ស្រួល​ចាប់​ពស់​។ រួច​ហើយ​​គាត់​​រត់​ជា​ប្រញាប់​ទៅ​ផ្ទះ​​​ដែល​មាន​​សត្វ​ពស់​ចូល​រាត​ត្បាត​​​។

ពេល​ទៅ​ដល់​, គាត់​ឃើញ​ពស់​វែក​១​ក្បាល​​​​ដេក​នៅ​លើ​​អំបោស​។ គាត់​ក៏​យក​តង្កៀប​ចាប់​ខ្លួន​ពស់​នោះ​ជាប់​ និង​ហុច​ដង្កៀប​ទៅ​ឱ្យ​​បុគ្គលិក​ម្នាក់​ទៀត​​​​។​ នៅ​ពេល​លោក​ក្រៀង​សាក់​បម្រុង​លូក​ដៃ​ចាប់​ក្បាល​ពស់,​ ស្រាប់​តែ​ពស់​​ព្រួស​ពិស​១​​ឆ្វាច​ពេញ​​​ភ្នែក​របស់​គាត់​។ មិន​បង្អង់​យូរ, ក្រៀង​សាក់​ក៏​ទូរស័ព្ទ​សូម​ជំនួយ​​​ ​និង​ស្នើ​សុំ​ឱ្យ​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​​យក​របស់​របរ​សម្រាប់​លាង​សម្អាត​ជាតិ​ពិស​។ គេ​បាន​ប្រាប់​ឱ្យ​គាត់​​​​លាង​កែវ​ភ្នែក​នឹង​ទឹក​អំបិល​ ហើយ​ត្រូវ​​​​តែ​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។

​ក្រៀង​សាក់​និយាយ​រម្លឹក​ថយ​ក្រោយ​ថា «​​ក្នុង​នាម​ជា​​បុគ្គលិក​ខាង​​ទប់​ស្កាត់​ហានិភ័យ​ផ្សេង​ៗ, គាត់​ធ្លាប់​ចាប់​ពស់​រាប់​រយ​​​ក្បាល​មក​ហើយ​​។ គាត់​ប្រាប់​ថា​ពស់​​ដែល​រស់​​នៅតំបន់​នេះ​ភាគ​ច្រើន​ជា​ពស់​វែក​។ ចំណែក​ពស់​ថ្លាន់​ក៏​មាន​ដែរ​, ប៉ុន្តែ​មិន​សូវ​ច្រើន​ប៉ុន្មាន​។ យូរ​ៗ​ទើប​​ជួប​ប្រទះ​​ម្ដង​។​​ គាត់​ប្រាប់​ថា១​ជីវិត​របស់​គាត់​, គាត់​ធ្លាប់​ចាប់​ពស់​វែក​ច្រើន​រាប់​មិន​អស់​។​​

​ប៉ុន្តែ​​លើក​​នេះ​គាត់​បែរ​ជា​​ភ្លាត់​ស្នៀត​ដោយ​សារ​ប្រញាប់​ពេក។​​ ​នៅ​​​ពេល​ប្រញាប់​ពេក​ធ្វើ​ឱ្យ​គាត់​​ភ្លេច​មុខ​ ភ្លេច​ក្រោយ​​​។ កាល​ពី​ពេល​កន្លងមក​, គាត់​ពុំ​ដែល​ជួប​នឹង​រឿង​អកុសល​បែប​នេះ​ទេ​ ព្រោះ​គាត់​បាន​ត្រៀម​ឧបករណ៍​សម្រាប់​បង្ការ​ខ្លួន​១​កំផ្លេ​។ ជា​ទូទៅ​, គាត់​ត្រូវ​ពាក់​​ឧបករណ៍​ការ​ពារ​មុខ​​​ ឬ​​ពាក់​វ៉ែន​តា​ការ​ពារ​ភ្នែក​។ គាត់​ថា​​​​​ពស់​វែក​ឧស្សាហ៍​ព្រួស​ពិស​របស់​វា​ដើម្បី​រំដោះ​ខ្លួន​។

ក្រោយ​ពេល​​​ជួប​​​ហេតុ​ការណ៍​​​លើក​​​នេះ, ​​​គាត់​​យល់​កាន់​តែ​ច្បាស់​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​ចាប់​ពស់​ដូច​ជា​រូប​​គាត់​​ត្រូវ​តែ​ពាក់​ឧបករណ៍​ការ​ពារ​ខ្លួន​ជាប់​ជា​ប្រចាំ​។ មូល​ហេតុ​ដោយ​សារ​មនុស្ស​យើង​​ទោះ​បី​​​មាន​បទ​ពិសោធ​ចាប់​ពស់​ច្រើន​​ដល់​កម្រិត​ណា​ក៏​ដោយ​​ ក៏​មិន​អាច​​​មាន​ភាព​ស៊ំា​នៅ​ក្នុង​ខ្លួន និង​មិន​អាច​​ទប់​ទល់​នឹង​ជាតិ​ពិស​របស់​ពស់​វែក​បាន​​ទេ​។​ នេះ​សំណាង​ហើយ​ដែល​ពស់​វែក​១​ក្បាល​នោះ​ត្រឹម​តែ​​​ព្រួស​ពិស​ដាក់​គាត់​​។​​ ​បើ​​​វា​​​ចឹក​​១​​ចង្កូម​​ដើម្បី​បញ្ជ្រាប​​​ពិស​​ចូល​ទៅ​ក្នុង​សាច់​របស់​គាត់​ ​​ប្រាកដ​ជា​វីរ​វរ​ធំ​តែ​ម្ដង​​​​។​

ឆ្លៀត​ឱកាស​​នេះ , ​គាត់​​ក៏​សូម​ផ្ដែ​ផ្ដាំ​ទៅ​បង​ប្អូន​ប្រជា​ពលរដ្ឋ​។​ បើ​មាន​សត្វ​ពស់​​​ចូល​​ទៅ​ក្នុង​ផ្ទះ ឬ​​​បរិវេណ​ដី​របស់​បង​ប្អូន​, សូម​បង​ប្អូន​កុំ​ព្យាយាម​ចាប់​វា​ដោយ​ខ្លួន​ឯង​។ ​​បង​ប្អូន​ត្រូវ​​ប្រញាប់​ទាក់​ទង​ទៅ​អ្នក​ដែល​មាន​ជំនាញ និង​មាន​​បទ​ពិសោធ​​ច្បាស់​លាស់​​​ខាង​ចាប់​ពស់​​។ លោក​​​ថ្លែង​​​​ថា​សូម្បី​តែ​រូប​លោក​ដែល​​មាន​បទ​ពិសោធ​ខាង​ចាប់​ពស់​​ប៉ុណ្ណឹង​ហើយ​​នៅ​មាន​​​​មាន​ភ្លាត់​ស្នៀត​​ម្ដង​ៗ។ ចុះ​ទម្រាំ​បង​ប្អូន​ដែល​គ្មាន​បទ​ពិសោធ​សោះ​យ៉ាង​ម៉េច​ទៅ​វិញ​? ច្បាស់​ណាស់​ថា​ពួក​គេ​អាច​នឹង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត​​​៕​

ប្រភព៖ The Thaiger

អត្ថ​បទ​ដែល​ទាក់​ទង​ដទៃ​ទៀត​

ពស់​ថ្លាន់​ថ្លើម​ធំ​ចូល​ស៊ី​មាន់​ទា​ជិត​១០០​ក្បាល​ត្រូវ​ម្ចាស់​គេ​ក្របួច​ជាប់

ពស់​វែក​សម្ងំ​នៅ​ក្រោម​កៅ​អី​យន្តហោះ​ ធ្វើ​ឱ្យ​ពីឡុត​​​ព្រលឹង​ចុង​សក់

ខឹង​ចិត្ត​ពស់វែក​ចឹ.ក​១​ចង្កូម! កុមារ​ឥណ្ឌាពន្លះ​វិញ​ទាល់​តែ​ក្ស័.យ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ