ទីក្រុងចូហាន់ណេស្បឺក, ប្រទេសអាហ្វ្រិកខាងត្បូង៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកើតឡើងនៅប្រទេសអាហ្វ្រិកខាងត្បូងពាក់ព័ន្ធនឹងសត្វពស់វែកអាសិរពិស។ ពីឡុតម្នាក់ព្រលឹងចុងសក់ដោយសារពស់វែក១ក្បាលមិនដឹងជាវាមកសម្ងំលាក់ខ្លួនពួនអាត្មាតាំងពីអង្កាល់នៅក្រោមកៅអីអង្គុយរបស់គាត់។ ពេលនោះ គាត់ស្ថិតនៅក្នុងស្ថានភាពពិបាកសម្រេចចិត្តបំផុត។ បើមនុស្សយើងឃើញពស់នៅកន្លែងទូទៅមិនអីទេ។ ប៉ុន្តែនេះគាត់កំពុងតែបើកបើកបរយន្តហោះខ្នាតតូចនៅលើអាកាស។
ដូចនេះ ជម្រើសសម្រាប់គាត់មានតែ១គត់ គឺបន្តកាន់ដៃចង្កូតយន្តហោះទាំងអារម្មណ៍ព្រឺព្រួចរហូតដល់ចុះចតនៅលើដី។ កាលនោះ, គាត់គ្មានហ៊ានកម្រើកជើង និងខ្លួនសូម្បីតែបន្តិច។ សឹងតែថាសូម្បីតែដកដង្ហើមក៏សឹងតែមិនហ៊ានដកទៅទៀត។ បញ្ហាសំខាន់នៅត្រង់ថាមិនដឹងជាពស់ហ្នឹងវាវារឡើងតាមណាចូលទៅក្នុងយន្តហោះនោះ? ពីឡតរូបនេះដឹកជញ្ជូនអ្នកដំណើរ៤នាក់តាមយន្តហោះ។ ស្រាប់តែគាត់មានអារម្មណ៍ថាអ្វី១ត្រជាក់ល្អូកកំពុងតែវារគើមៗពីក្រោយខ្នងគាត់។
គាត់ក្រឡេកភ្នែកទៅមើលស្រាប់តែឃើញពស់វែកខេបកូប្រា (Cape Cobra)។ គ្រាន់តែឃើញបែបនេះ, ចិត្តរបស់គាត់ហាក់ដូចជាភាំងអស់រលីង។ បន្ទាប់ពីធ្វើគាត់ប្រមូលអារម្មណ៍មកវិញ, គាត់ក៏ប្រាប់អ្នកដំណើរថាយន្តហោះនឹងចុះចតនាពេលបន្តិចទៀត។ ទិដ្ឋភាពនៅក្នុងយន្តហោះហាក់មានសភាពស្ងប់ស្ងាត់យ៉ាងចម្លែក។ គ្រប់គ្នានៅស្ងៀម។ ជាពិសេសរូបគាត់ផ្ទាល់។ បន្ទាប់មក គាត់ទាក់ទងទៅក្រុមអ្នកតាមដានការហោះហើរដើម្បីស្នើសុំការអនុញ្ញាតចុះចតជាបន្ទាន់ក្នុងគ្រាអាសន្ន។
នៅអំឡុងពេល១០ទៅ១៥នាទីដែលគាត់រកកន្លែងចុះចតនោះ, ពស់វែកនៅតែឆ្វាយរង្វេលពីលើជើងរបស់គាត់។ គាត់ដៀងភ្នែកទៅរកពស់នោះដោយមិនដាក់ភ្នែក។ កាលនោះ វាកំពុងមានសេចក្ដីសុខខ្លាំងណាស់មើលទៅនៅក្រោមកៅអីអង្គុយរបស់ពីឡុត។ តាមពិត, គាត់មិនមែនជាអ្នកខ្លាចពស់ពេកទេ។ ប៉ុន្តែគាត់ក៏ពុំធ្លាប់នៅកៀកនឹងពស់ដល់ថ្នាក់នេះដែរ។ ម៉្លោះហើយអារម្មណ៍របស់មនុស្សមិនអាចនៅសុខទេ។ នៅពេលកំពុងចុះចត, គេបានទាក់ទងទៅអ្នកចាប់ពស់នៅទីក្រុងនោះ។
ទោះបីឆែកមើលសព្វទីកន្លែងក៏គេមិនអាចរកឃើញសត្វពស់នោះទាល់តែសោះ។ មិនដឹងថាវាបានវារចេញពីយន្តហោះហើយ ឬក៏វាជម្រុលខ្លួនចូលទៅក្នុងកន្លុកកន្លៀតណាទៀតក៏មិនដឹង។ អ្នកដំណើរអាចចាកចេញដោយសុវត្ថិភាព។ គ្រាន់តែថាពួកគេមានអារម្មណ៍ញ័រខ្លួនបន្តិច។ ពីឡុតត្រូវហោះត្រឡប់ទៅក្រុមហ៊ុនវិញរយៈពេល៩០នាទី ដោយមិនទាន់ដឹងច្បាស់ថាតើពស់នោះបានចាកចេញផុតពីយន្តហោះហើយឬនៅ។ ដូច្នេះ គាត់នៅតែបើកយន្តហោះទាំងអារម្មណ៍ភិតភ័យ។
ឧបមាថាបើអាកាសយានិករូបនោះភ័យស្លន់ស្លោជ្រុលពេក។ គាត់គ្រប់គ្រងស្ថានការណ៍មិនបានល្អ។ ប្រាកដជាអាសន្នធំហើយ។ គាត់អាចនឹងពន្លែងយន្តហោះចោល ហើយលោតយករួចខ្លួន។ ឬមិនអីចឹងទេ ឧបមាថាគាត់ធ្វើអ្វីមិនស្រួល ធ្វើឱ្យពស់វែកចឹកមួយចង្កូម។ ឧបមាថាគាត់ប្រកាច់ពេញយន្តហោះក៏អាសន្នធំដូចគ្នា។ ដូចនេះ គេគិតថាគាត់មានចិត្តក្លាហាន និងមានសមត្ថភាពខ្ពស់នៅក្នុងការគ្រប់គ្រងបញ្ហា។
ក្រោយពេលជួបហេតុការណ៍នេះ, គាត់ចាប់ផ្ដើមប្រយ័ត្នប្រយែងជាងមុន។ លើកនេះ គាត់ត្រៀម១កំផ្លេដាក់នៅក្នុងបន្ទប់អ្នកបើកបរ ដែលមានតាំងពីអាវក្រាស់ៗ, ភួយក្រាស់ឃ្មឹកព័ទ្ធជុំវិញកៅអីអង្គុយ, បំពង់ពន្លត់អគ្គិភ័យ, ថ្នាំសម្លាប់សត្វល្អិត និងដងវាយកូនគោល។ សូមជម្រាបថានៅទ្វីបអាហ្វ្រិក, ពស់វែកខេបកូប្រា (Cape Cobra) ប្រៀបបាននឹងអធិរាជពស់ពិសប្រចាំតំបន់។ វាមានពិសខ្លាំង និងអាចចឹកដល់ស្លាប់ បើមិនប្រញាប់ជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។ ពិសរបស់វាវាយប្រហារទៅលើប្រព័ន្ធប្រសាទ និងធ្វើឱ្យកម្រើកខ្លួនលែងរួច។ បន្ទាប់មក, ដកដង្ហើមថប់ៗរហូតដល់ដាច់ខ្យល់ស្លាប់តែម្ដង៕
ប្រភព៖ Associated Press
អត្ថបទដែលទាក់ទងដទៃទៀត
ខឹងចិត្តពស់វែកចឹ.ក១ចង្កូម! កុមារឥណ្ឌាពន្លះវិញទាល់តែក្ស័.យ!
ចែករំលែកព័តមាននេះ