ពស់ថ្លាន់១ក្បាលប្រវែង៤ម៉ែត្របានស៊ីមាន់ទារបស់កសិករថៃអស់ជិត១រយក្បាល។ នៅទីបំផុត ពស់នេះអស់លក្ខណ៍ត្រូវម្ចាស់គេតាមទាន់នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅខេត្តឧត្ដរធានី (Udon Thani) នៃប្រទេសថៃភាគឦសាន។ កសិករប្រាប់ថាគាត់ឃើញពស់ថ្លាន់មានសភាពតឹងខ្លួនខ្លាំងមែនទែន ហាក់ដូចជាហល់ចំណីអាហារបន្ទាប់ពីស៊ីច្រើនពេក។
ដងខ្លួនរបស់វាឡើងធាត់ទ្រលុកៗ។ ដល់ពេលវាស៊ីមាន់ទាច្រើនដល់ថ្នាក់នេះធ្វើឱ្យម្ចាស់កសិដ្ឋានខាតអស់ច្រើនដែរ។ បើស៊ីត្រឹមពីរបីក្បាលមិនអីទេ។ ប៉ុន្តែស៊ីនេះគឺស៊ីហួសប្រមាណ។ កសិករឈ្មោះឆាយវិចិត្រ សារីតូ (Chaiwichit Sarito) អាយុ៥៨ឆ្នាំ ប្រាប់ថាមុនដំបូងគាត់រកនឹកមិនយល់ថាហេតុអ្វីបានជាមាន់ទាចេះតែបាត់ទាំងយប់ទាំងថ្ងៃ នៅសល់កាន់តែតិចទៅៗ។ គាត់ចេះតែតាមដានក្រែងលោមានចោរចូលលួច។ ចំណែកពងមាន់.ពងទាក៏មានស្នាមកកេរ ឬហុតទឹកអស់នៅសល់តែសម្បក។
មុនដំបូង គាត់ម៉ៃទៅផ្ទះអ្នកជិតខាង។ គាត់គិតថាប្រហែលជាស្នាដៃរបស់ឆ្កែអ្នកជិតខាងក៏មិនដឹង។ គាត់ប្រាប់ថាត្រឹមតែ១ប៉ប្រិចភ្នែកសោះ, មាន់ និងទាបាត់ពីទ្រុងអស់ជិត១រយក្បាល។ វាហាក់ដូចជាមិនសមទំនង។ នៅទីបំផុត ទើបគាត់បានភ្លឺភ្នែក។ យប់មិញមានហេតុការណ៍ចម្លែកកើតឡើង។ មាន់គក និងមាន់មេ រងាវ និងខ្តតឥតឈប់។ គាត់ក៏ចេញទៅពិនិត្យមើល។
ពេលទៅដល់ឃើញទា១ក្បាលភ័យស្លន់ស្លោរត់ចេញពីទ្រុងចុះទឹកត្រពាំង។ ពេលគាត់ដើរចូលទៅក្នុងទ្រុងក៏ស្រាប់តែមានអារម្មណ៍ភ្ញាក់ក្រញាងសឹងតែព្រលឹងព្រលះចេញពីក្នុងខ្លួន។ គាត់ឃើញពស់ថ្លាន់១ក្បាលកំពុងតែឆ្វាយរង្វេលនៅលើធ្នឹម។ នៅម៉ោង១០យប់, ក្រុមជួយសង្គ្រោះបានទទួលការស្នើសុំជំនួយបន្ទាន់ដើម្បីចាប់ពស់ចេញពីទ្រុងមាន់។ គាត់នាំអ្នកចាប់ពស់ចូលទៅក្នុងទ្រុងមាន់។ ទៅដល់ឃើញពស់នោះសម្ងំក្រវៀនៗនៅលើធ្នឹម។ ភ្នែកវារេចុះរេឡើង ដូចជាចង់ស៊ីចំណីថែមទៀត។
អ្នកជំនាញក៏ចាប់បានពស់ថ្លាន់នោះ និងយកទៅលែងនៅក្នុងព្រៃដើម្បីឱ្យវារស់នៅតាមក្រឹត្យក្រមធម្មជាតិ។ លើកនេះវានៅឆ្ងាយសែនឆ្ងាយពីទ្រុងមាន់របស់លោកឆាយវិចិត្រ ហើយប្រហែលជាលែងមានឱកាសស៊ីមាន់ទារបស់គាត់តទៅទៀតហើយ។ កាលពីពេលកន្លងមក ធ្លាប់មានករណីពស់ថ្លាន់លូនស្ងាត់ៗចូលស៊ីមាន់នៅក្នុងទ្រុង។ កាលពីខែមីនា កសិករនៅខេត្តឈុនបុរីប្រទះឃើញពស់ថ្លាន់ប្រវែង៥ម៉ែត្រនៅក្នុងទ្រុងមាន់។ កាលនោះ គាត់បាត់មាន់មិនច្រើនទេ ត្រឹមតែ១ក្បាលប៉ុណ្ណោះ។
កាលពី១ឆ្នាំមុន, ពស់ថ្លាន់១ក្បាលលូនស្ងាត់ៗចូលទៅក្នុងទ្រុងមាន់នៅខេត្តអង្គទង (Ang Thong)ប្រទេសថៃភាគកណ្ដាល។ បន្ទាប់ពីស៊ីត្របាក់យក ត្របាក់យក អស់កូនមាន់៨ក្បាល និងមេមាន់២ក្បាល ពស់នោះចាប់ផ្ដើមហល់។ ពោះរបស់វាឡើងកំប៉េង។ វាមានអារម្មណ៍ថាតឹងខ្លួនខ្លាំងពេក សូម្បីតែរំកិលខ្លួន ឬចង់បិទភ្នែកដេកក៏ដេកមិនលក់។ អ្នកចាប់ពស់ប្រាប់ថាបើវាទើបតែស៊ីចំណីឆ្អែតថ្មីៗអីចឹងគឺងាយស្រួលចាប់បំផុត។ ទៅដល់ចាប់វាយកច្រកបាវ ឬការ៉ុង។ រួចហើយក្របួចមាត់ឱ្យជាប់។
ថ្វីដ្បិតពស់ថ្លាន់គ្មានពិសដូចពស់វែក, ប៉ុន្តែវាមានដងខ្លួនធំដំបង។ ពេលខ្លះ, វាអាចរឹតខ្លួនមនុស្សយើងដល់ស្លាប់។ ធ្លាប់មានករណីពស់ថ្លាន់រឹតខ្លួនមនុស្សស្លាប់តែញឹក មិនថានៅស្រុកយើង ឬនៅស្រុកគេនោះទេ។ កាលពីខែកញ្ញា ឆ្នាំ២០២២, ពស់ថ្លាន់១ក្បាលលូនស្ងាត់ៗចូលទៅក្នុងអគារ១នៅទីក្រុងបាងកក។ តាមរយៈវីឌីអូឃ្លីបដែលគេទាញចេញពីកាមេរ៉ាសុវត្ថិភាព ពស់នេះមិនដឹងលូនមកពីទីកន្លែងណាទេ។ ប៉ុន្តែនៅសុខៗ, ស្រាប់តែពស់ថ្លាន់នោះចេញមកខាំមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់។
កាលពីខែតុលា ឆ្នាំ២០២២, ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់កំពុងធ្វើការនៅក្នុងដីចម្ការជាយក្រុងហ្សាកាតាសុខៗ។ ស្រាប់តែបាត់ខ្លួនឈឹងមិនដឹងទៅទីណា។ ក្រោយមក គេប្រទះឃើញពស់១ក្បាល។ មាឌរបស់វាធំជាងពស់ថ្លាន់ធម្មតា។ វាមានប្រវែង៦ម៉ែត្រ ៧តឹក។ វានៅហេលហាលៗក្បែរចម្ការ។ ដោយសារការសង្ស័យ និងមិនអស់ចិត្ត អ្នកស្រុកនៅម្ដុំនោះក៏មូលមតិគ្នាថាត្រូវតែចាប់វះពោះដើម្បីឱ្យអស់ចិត្តទាំងអស់គ្នា។ នៅពេលវះចេញមកទើបឃើញសពស្ត្រីរងគ្រោះនៅក្នុងពោះរបស់វា៕
ប្រភព៖ The Thaiger, Newsweek, BBC
អត្ថបទដទៃទៀតទាក់ទងនឹងសត្វពស់
ពស់វែកសម្ងំនៅក្រោមកៅអីយន្តហោះ ធ្វើឱ្យពីឡុតព្រលឹងចុងសក់
ខឹងចិត្តពស់វែកចឹ.ក១ចង្កូម! កុមារឥណ្ឌាពន្លះវិញទាល់តែក្ស័.យ!
ចែករំលែកព័តមាននេះ