ខេត្តកំពត ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ខេត្តព្រះសីហនុ-កំពត ត្រង់ចំណុចស្ពានថ្មមួយស្ថិតក្នុងភូមិតាដិប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត រវាងរថយន្តហ៊ីយ៉ាន់ដាយ និងរថយន្តទួរីស ដែលបើកស្របគ្នា រួចបានកៀរគ្នាបណ្តាលឱ្យរថយន្តហ៊ីយ៉ាន់ដាយ ផ្លោះបង្កាន់ដៃស្ពានធ្លាក់ចូលទៅក្នុងប្រឡាយក្រោមស្ពាន។ រីឯរថយន្តទួរីសកល់ជាប់ និងជិះលើបង្កាន់ដៃស្ពាន បណ្តាលឱ្យអ្នកជិះ និងអ្នកបើកបររងរបួស ត្រូវបានរថយន្តប៉ូលិសចរាចរក្រុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ភពបូកគោ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៨ មេសា នៅចំណុចស្ពានថ្ម ខាងត្បូងវត្តកំពត ចម្ងាយជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិតាដិប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
តាមសម្តីមន្ត្រីប៉ូលិសចរាចរក្រុងដែលបានពិនិត្យហេតុការណ៍ឱ្យដឹងថា រថយន្តទួរីសពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2J-4362 បើកបរដោយឈ្មោះអេល ម៉ាត់ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ រួមដំណើរដោយប្រពន្ធ និងកូន២នាក់ ព្រមទាំងដឹកផ្លែទុរេនក្នុងរថយន្តផង។ លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តហ៊ីយ៉ាន់ដាយ ១គ្រឿង ពណ៌សឆ្នូតខៀវ ចំណុះ៥តោន ពាក់ស្លាកលេខកោះកុង 3A-0446 បើកបរដោយឈ្មោះឃុំ វីរៈ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី ឃុំចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានបើកពីក្រោយក្នុងល្បឿនលឿន ហើយបានកៀររថយន្តទួរីស រួចក៏រេចង្កូតជ្រុលទៅបុកបង្គោលចរាចរដែលនៅខាងស្តាំស្ពាន លុះបួងចង្កូតមកវិញបោកនឹងក្បាលរថយន្តមួយតង់ទៀត រួចផ្លោះបង្កាន់ដៃស្ពានធ្លាក់ទាំងកម្រោលចូលប្រឡាយក្រោមស្ពានតែម្តង។
មន្ត្រីប៉ូលិសចរាចរបានរៀបរាប់បន្តទៀតថា ក្រោយពេលរថយន្តហ៊ីយ៉ាន់ដាយបោកក្បាលរថយន្តទួរីសរួចផ្លោះបង្កាន់ដៃស្ពានធ្លាក់ទៅក្នុងប្រឡាយក្រោមស្ពាននោះ រថយន្តទួរីសក៏ត្រូវរេក្បាលកល់ជាប់នឹងបង្កាន់ដៃស្ពានជិះជាប់ពីលើទៅមុខលែងរួចដែរ។ ក្រោយពីហេតុការណ៍ប៉ូលិសបានជួយអន្តរាគមន៍យកអ្នករបួសពីរថយន្តហ៊ីយ៉ាន់ដាយទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំពោះអ្នករងរបួសក្នុងហេតុការណ៍នេះ អ្នកបើកបររថយន្តធំរងរបួសធ្ងន់ ព្រូ២នាក់ទៀតរងរបួសស្រាល។ រីឯអ្នកបើកបររថយន្តទួរីស ព្រមទាំងប្រពន្ធ និងកូន២នាក់ក៏របួសស្រាលដែរ។ ប៉ូលិសបញ្ជាក់ថា រថយន្តហ៊ីយ៉ាន់ដាយដែលជាអ្នកបង្កដោយបើកបរមិនគោរពច្បាប់ បើកក្នុងល្បឿនលឿនហួសកំណត់ នៅចំណុចបន្ថយល្បឿនដែលជាកន្លែងឆ្លងកាត់ស្ពាន។ រថយន្តទាំង២ត្រូវបានប៉ូលិសចរាចរក្រុងនាំទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីដោះស្រាយតាមច្បាប់៕
ចែករំលែកព័តមាននេះ