ក្នុងសង្កថាតាមទូរទស្សន៍មួយមេដឹកនាំលីប៊ីបានអំពាវនាវដល់បារាំង និងសហរដ្ឋអាេមរិកឱ្យមានការចរចាមួយ ។ ក៏ប៉ុន្តែពួកឧទ្ទាម និងអូតង់បានបដិសេធការអំពាវនាវនោះ ។ ចំណែកនៅលើទីលានប្រយុទ្ធវិញអូតង់បានបដិសេធពីការដណ្តើមកាន់កាប់កំពង់ផែក្រុងមីស្ត្រាតា ដោយកងកម្លាំងលោកកាដាហ្វី ។ លោកកាដាហ្វីបានលេចមុខជាថ្មីតាមទូរទស្សន៍លីប៊ីកាលពីថ្ងៃទី៣០ មេសា ។ ទោះបីជាលោកបដិសេធជានិច្ចពុំព្រមចាកចេញពីអំណាច និងពីប្រទេស លោកកាដាហ្វីនិយាយថា ត្រៀមឱ្យមានបទឈប់បាញ់គ្នាមួយក្នុងលក្ខខណ្ឌដែលការវាយប្រហាររបស់អូតង់ត្រូវបញ្ឈប់ ។ លោកស្នើដល់បារាំង និងសហរដ្ឋអាេមរិកឱ្យស្វែងរកវិធីមួយចេញពីវិបត្តិ ។
ក្នុងពិធីមួយដែលកំណត់ពីខួប១០០ឆ្នាំនៃការវាយប្រហារប្រឆាំងកងកម្លាំងកាន់កាប់អីុតាលីលើលីប៊ីលោកកាដាហ្វីថ្លែងថា យើងនឹងពុំព្រមចុះចាញ់ឡើយ ក៏ប៉ុន្តែយើងអំពាវនាវឱ្យមានការចរចា ។ ប្រសិនបើពួកអ្នកចង់បានប្រេងកាតយើងអាចចុះហត្ថលេខាលើកុងត្រាទាំងឡាយជាមួយបណ្តាក្រុមហ៊ុនរបស់ពួកអ្នកដោយមិនចាំបាច់ធ្វើសង្គ្រាមមួយឡើយ ។ អូតង់ ត្រូវបោះបង់ចោលក្តីសង្ឃឹមលើការចាកចេញរបស់ខ្ញុំ ។
ខ្ញុំពុំមានតំណែងផ្លូវការ សម្រាប់បោះបង់ចោលឡើយ ។ ដូចពេលចាប់ផ្តើមវិបត្តិលោកកាដាហ្វី បានហៅពួកឧទ្ទាមថា ជាពួកភេវករមកពីអាល់ហ្សេរី អេហ្ស៊ីប ទុយនីស៊ី និងអាហ្វអាហ្វហ្គានីស្ថាន ។
ក៏ប៉ុន្តែផ្ទុយពីសុន្ទរកថា កាចកាលពីថ្ងៃទី២២ កុម្ភៈ កន្លងមកនេះ ដែលលោកចាត់ទុកពួកឧទ្ទាមដូចជាពួកសត្វកណ្តុរ លោកកាដាហ្វីបានអំពាវនាវឱ្យពួកបះបោរដាក់អាវុធចុះ ។ លោកពោលថា យើងពុំចាំបាច់វាយប្រហារគ្នាទៅវិញទៅមក ឡើយ ព្រោះយើងជាគ្រួសារតែមួយ ។
ក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ី ជាអង្គការនយោបាយរបស់ពួកឧទ្ទាមលីប៊ីបានបដិសេធការអំពាវនាវនេះរបស់លោកកាដាហ្វីដោយអះអាងថា លោកកាដាហ្វីគ្មានតួនាទីណាមួយក្នុងអនាគតរបស់លីប៊ីឡើយ ៕
ចែករំលែកព័តមាននេះ