រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រផលិតស្បែកជើងហ៊ុយ ចៀន ដឹកនាំដោយលោកប្រធានក្រុមហ៊ុនឆាលី ចាង បានប្រារព្ធធ្វើពិធីទិវាពលកម្មអន្តរជាតិ ដោយនៅក្នុងនោះក៏មានបង្កើតកម្មវិធីឱ្យកម្មករ-កម្មការិនីរាំលេងកំសាន្ត ព្រមទាំងលេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសមានកម្មវិធីចាប់រង្វាន់ផងដែរ។ ពិធីនោះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១ ឧសភា ឆ្នាំ២០១១ នៅក្នុងបរិវេណរោងចក្រហ៊ុយ ចៀន ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អញ្ជើញចូលរួមនៅក្នុងពិធីនោះរួមមានលោកជួន មុំថុល ប្រធានសហព័ន្ធសហជីពខ្មែរ លោកហ៊ីម ផល្លា ប្រធានរដ្ឋបាលរោងចក្រ ព្រមទាំងសហការី កម្មករ-កម្មការិនីទាំងអស់។ ទិវាពលកម្មអន្តរជាតិត្រូវបានគេធ្វើឡើងទូទាំងសាកលលោក ដោយឡែករោងចក្រផលិតស្បែកជើងហ៊ុយ ចៀន តែងតែប្រារព្ធធ្វើពិធីនេះជារៀងរាល់ឆ្នាំ។ ដោយឡែកនៅក្នុងឆ្នាំ២០១១នេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ពិធីត្រូវបានរៀបចំធ្វើឡើង ហើយមានការចាប់រង្វាន់ ប្រឡងរាំ ប្រឡងហូបផ្លែឈើ និងវាយក្អមជាដើម។ ចំពោះការប្រឡងនោះ គឺជម្រុះយកអ្នកដែលមានសមត្ថភាពចាប់ពីលេខ១ ដល់លេខ៣ ក្នុងនោះអ្នកជាប់លេខ១ ទទួលបានរង្វាន់ជាប្រាក់ចំនួន៦ម៉ឺនរៀល, លេខ២ទទួលបានចំនួន៤ម៉ឺនរៀល, លេខ៣ទទួលបាន២ម៉ឺនរៀល និងសម្រាប់កម្មករទាំងអស់ដែលចូលរួមម្នាក់ៗទទួលបាន២ពាន់រៀលផងដែរ។ ចំណែកឯរង្វាន់ដែលត្រូវចាប់ឆ្នោតរួមមានរង្វាន់ធំទឹកប្រាក់១លានរៀល ចំនួន២រង្វាន់ ទូរទស្សន៍ពណ៌១០រង្វាន់ កង់២០រង្វាន់ ឆ្នាំងដាំបាយអគ្គិសនី៥០រង្វាន់ កង្ហារ៥០រង្វាន់ និងវិទ្យុ១០០រង្វាន់៕
ចែករំលែកព័តមាននេះ