ផ្ទុះការចាប់អារម្មណ៍ ស្រីស្អាតកម្ពុជាកាន់ទង់ជាតិរាំ នៅការប្រកួតបាល់ទាត់ខ្មែរ និងការតុបតែងកាយប្លែកៗរបស់អ្នកគាំទ្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សន្ទុះនៃការគាំទ្រការប្រកួតកីឡាចម្រុះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានកើនឡើងជាលំដាប់ ដូចជា វត្តមានរបស់អ្នកគាំទ្រវ័យចំណាស់ដែលធ្វើដំណើររាប់សិបគីឡូដី មកទស្សនាការប្រកួតវិញ្ញាសារផ្សេងៗ ។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ (U22)កម្ពុជា ជាមួយក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ (U22) ហ្វីលីពីន កាលពីរាត្រីថ្ងៃទី២ ឧសភា នៅពហុកីឡដ្ឋានអូឡាំពិក ឆ.ក់ស្រូបបាននូវទស្សនិកជនទៅទស្សនាពេញស្តាតតែម្តង ខណៈនៅតាមទីតាំងតាមបណ្តាខេត្តនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេសមានបងប្អូនខ្មែរ ក្មេងចាស់ប្រុសស្រីបានមកជុំគ្នាទស្សនាយ៉ាងផុសផុល ដោយខ្លះមានទាំងយកកន្ទេលមកក្រាលមើលការបញ្ចាំង slides នៃការប្រកួតនេះផងដែរ ។

ក្រឡេកមើលអ្នកគាំទ្រនៅឯកីឡដ្ឋានអូឡាំពិកនៃការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិ U22 ខ្មែរ និង U22 ហ្វីលីពីន មហាជនបានចាប់អារម្មណ៍លើនារីរូបស្រស់ជាច្រើនរូបបាននាំគ្នារាំលេង បង្ហាញការគាំទ្រដល់កីឡាករបាល់ទាត់ខ្មែរ ។ ក្នុងចំណោមវីដេអូខ្លីៗជាច្រើន គេឃើញស្រីស្អាត២រូប តុបតែងកាយយ៉ាងស្រស់ កាន់ទង់ជាតិខ្មែរមួយផ្ទាំងធំ រាំលេងកម្សាន្ត ដែលញុំាំងឱ្យបរិយាកាសនៃការប្រកួតកាន់តែគួរឱ្យចាប់អារម្មណ៍ទេ្វដង ។ ក្រៅពីនារីរូបស្រស់ទាំងពីរយើងក៏ឃើញអ្នកគាំទ្រជាច្រើននៅពេញស្តាតបាននាំគ្នាស្រែកហ៊ោកាន់ទង់ជាតិខ្មែរ ដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់កីឡាករបាល់ទាត់កម្ពុជា ។




ចំណែកយុវជនមួយរូប ក៏ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំងផងដែរ លើការតុបតែងកាយរបស់ប្អូន ។ ប្អូនប្រុសដែលជាអ្នកគាំទ្រ ឬហ្វេនកីឡាករបាល់ទាត់ខ្មែរ បានបង្ហាញវត្តមាននៅស្តាតអូឡាំពិក កាលពីរាត្រីថ្ងៃទី២ ឧសភា ជាមួយនឹងការតុបតែងកាយប្លែក ដោយប្អូនប្រុសបានពាក់អាវយឺតពណ៌តំណាងទង់ជាតិខ្មែរ កាន់ក្រម៉ាខ្មែរអមនឹងការយកស្ទីកឃ័ររូបទង់ជាតិខ្មែរមកបិទលើថ្ពាល់ និងថ្ងាស់ គួរជាទីស្ងើចសរសើរចំពោះការបង្ហាញក្តីស្រលាញ់របស់លោកចំពោះកីឡាករបាល់ទាត់កម្ពុជា ។

ក្នុងនោះផងដែរ ការប្រកួតរវាងកម្ពុជា និងហ្វីលីពីន នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ គេឃើញឯកឧត្តម ហង្ស ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានបង្ហាញវត្តមាន និងទស្សនាផ្ទាល់នៃការប្រកួតនេះនៅស្តាតអូឡាំពិក ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅវគ្គទី១ ដែលកម្ពុជាអាចរកគ្រាប់បាល់១ គ្រាប់បំប៉ោងសំណាញ់ទីរបស់ក្រុមបាល់ទាត់ U22 របស់ហ្វីលីពីន យើងឃើញឯកឧត្តម ហង្ស ជួនណារ៉ុង បានសម្តែងការអបអរសាទរ និងក្រោកឈររាំយ៉ាងរីករាយផងដែរ ។

សូមរម្លឹកថា ក្នុងការប្រកួតរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅម៉ោង៧យប់ ថ្ងៃទី២ ឧសភានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កម្ពុជាបាននាំមុខហ្វីលីពីន នៅនាទី២៦ ដោយកីឡាករ គី រីណា ។ ប៉ុន្តែនៅម៉ោងបន្ថែមក្នុងតង់ទី២ ហ្វីលីពីន រកបានមួយគ្រាប់វិញដោយកីឡាករ Carino នៅនាទី៩០+២ ។

យ៉ាងណាក៏ដោយ ឆ្លងកាត់ការប្រកួត២លើកកន្លងមកនេះ កម្ពុជា ទទួលបាន៤ពិន្ទុ ដោយនៅតែបន្តឈរលើកំពូលតារាង ក្នុងពូល A ក្រោយយកឈ្នះទីម័រខាងកើត ៤-០ កាលពីថ្ងៃទី២៩មេសា និងស្មើជាមួយហ្វីលីពីន នៅថ្ងៃទី២ឧសភានេះ ។ ដោយឡែក ឥណ្ឌូនេស៊ី ទើបតែប្រកួតបាន១ប្រកួត មាន៣ពិន្ទុ ក្រោយឈ្នះហ្វីលីពីន ។ រីឯមីយ៉ាន់មា មាន ៣ពិន្ទុដែរ ក្រោយឈ្នះទីម័រខាងកើត ១-០ នៅថ្ងៃទី២ឧសភានេះ។ កម្ពុជា នៅសល់២ប្រកួតទៀត។ កម្ពុជា នឹងជួបមីយ៉ាន់ម៉ានៅម៉ោង៧យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ។ ចំណែកនៅម៉ោង ៧យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងជួបឥណ្ឌូនេស៊ី៕








ចែករំលែកព័តមាននេះ