រាជធានីភ្នំពេញ ៖ មិនថា មង្គលការ ឬបុណ្យទានឡើយ ប្រជាពលរដ្ឋខ្មែរយើងតែងតែធ្វើឡើងមានពិធីសូត្រមន្ត ដែលពួកគាត់គោរពតាមទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីដើមមក ដែលគាត់ជឿថា ការសូត្រមន្តនោះនឹងនាំឲ្យមានសិរីសួស្តី មានសេចក្តីសុខ ជៀសផុតអស់គ្រោះផ្សេងៗ។

ដើម្បីឲ្យអ្នកដឹងកាន់តែច្បាស់ថា «ហេតុអ្វីចាំបាច់ សូត្រមន្ត»នោះលោកម្ចាស់គ្រូ សាន សុជា បានមានសង្ឃដីកានៅក្នុងយូរធូបឆាណែនស់លោកគ្រូថា« ធ្វើទៅអាត្មាមិនទៅហាមអីទេ គ្រាន់តែថាសិរីសួស្តីមិនមែនមកពីរឿងហ្នឹងទេ ។ សិរីសួស្តីគូស្វាមីភរិយា រៀបចំត្រូវទេ ចេះមើលថែគ្នា ចេះសង្គ្រោះគ្នានោះទេ តែប្តីអត់ចេះសង្គ្រោះប្រពន្ធ ហើយប្រពន្ធអត់ចេះសង្គ្រោះប្តី ទោះនិមន្តលោកមួយប្រទេសមកសូត្រមន្តក៏គ្មានសិរីសួស្តីដែរ ។ និមន្តទៅទាំងសម្តេចសង្ឃរហូតដល់កូនលោកនេនទៅសូត្រទៅ ហើយបើពីរនាក់ហ្នឹងអត់ត្រូវគ្នាវាគ្មានសិរីសួស្តីអីទេ ។

ជាមួយគ្នានោះដែរ លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកាបន្តថា មង្គល៣៨ប្រការ និយាយរួមទៅការសូត្រមន្តជាការសម្តែងធម៌ជាក្រុម ដូចជាការសង្គ្រោះបុត្រ និងភរិយាជាមង្គលដ៏ឧត្តម លោកទៅសូត្ររូបមន្តប្រាប់ថា ធ្វើម៉េចបានសុខ ។ ធាតុពិតសូត្រមន្តៗនោះ គឺការទៅសូត្ររូបមន្តប្រាប់ថា ធ្វើម៉េចបានសុខ ធ្វើម៉េចមិនបានសុខ ព្រោះធម៌ក្នុងនោះបាននិយាយតើ តែយើងស្តាប់វាអត់បាន ទៅយកស្អីដែលមិនគួរបាននោះ គឺអាទឹកមន្តនោះ យើងថា សិរីសួស្តី ផ្កាដែលលោកបាចនោះយើងថា សិរីសួស្តី ។ ឃើញទេវាខុសរឿងទេ? ធាតុពិតសូត្រមន្តគឺសូត្ររូបមន្ត សូត្រវិធីសាស្ត្រ រស់ម៉េចបានសុខ រស់ម៉េចកើតទុក្ខ (ប្រែក្នុងនោះមើលបើមិនចេញអ៊ីចឹង) ។

លើសពីនេះទៅទៀត លោកម្ចាស់គ្រូ សាន សុជា បានមានសង្ឃដីការបន្ថែមទៀតថា ៖ តែយើងអត់ដឹងអត្ថន័យហ្នឹង ទៅយកតែទឹកមន្តហ្នឹងកើតមច្ឆាទិដ្ឋិ(ការយល់ខុស) ។ បើនិយាយឲ្យមែនទែនទៅ ពិធីសូត្រមន្តហ្នឹង បើនិយាយតាមធម៌ឲ្យសុក្រឹតគ្មានកើតមង្គលទេ គឺកើតអពមង្គល សម្រាប់គូស្វាមីភរិយាហ្នឹង គឺគ្មានកើតមង្គលទេ ។ កើតតែអពមង្គល គឺត្រង់ដែលយល់ខុស ប៉ុន្តែបើធ្វើឲ្យត្រូវ ឧទាហរណ៍ លោកម្ចាស់ សូមនិមន្តសូត្រណាដែលស្តាប់បាន ដើម្បីករូណាស្តាប់គិតពិចារណាយល់ អ៊ីចឹងលោកសូត្រជាក្រុមក៏ដោយ ឧទាហរណ៍លោកសូត្រ…. បកប្រែ អូរមិនសេពគប់មនុស្សអាក្រក់ ឲ្យសេពគប់បុគ្គលល្អ ហើយគួរបូជាបុគ្គលគួរបូជានរណាខ្លះ មានមាតា បិតា គ្រូអាចារ្យ សមណៈព្រាហ្មជាដើមអ៊ីចឹងយើងយល់ ។ បើយល់អ៊ីចឹងកើតមង្គលហើយ ប៉ុន្តែបើសូត្រស្តាប់អត់យល់បែរជាទៅយកទឹក ទៅយកផ្កា គិតថា កើតសិរីសួស្តីដោយសារសំឡេងហ្នឹងជាមិច្ឆាទិដ្ឋិ ។ ហើយមិច្ឆាទិដ្ឋិកើតជាមួយអី ? កើតជាមួយលោភមូលចិត្ត (បាប) ហ្នឹងទើបអពមង្គល តែបើស្តាប់លោកយល់យកទៅអនុវត្តត្រូវតួបញ្ញា ។ ហើយបញ្ញាវាកើតជាមួយអី ? វាកើតជាមួយមហាកុសល ហើយមហាកុសលជាស្អីគេ? ជាមង្គល ។

ជាចុងក្រោយលោកម្ចាស់គ្រូ សាន សុជា បានមានសង្ឃដីកាបញ្ជាក់ថា ៖ តែរាល់ថ្ងៃនេះវាអត់អ៊ីចឹង ម៉េចកើតសិរីសួស្តីកើត បើយើងបង្កើតអពមង្គលហើយហ្នឹង ។ ហើយនិមន្តលោកហ្មានអង្គចេះតែនិមន្តទៅ គ្មានកំណត់ស្អីទេហ្នឹង ព្រោះសម័យព្រះគ្មាននរណាសូត្រមន្តផង បើមានទៅពន្យល់ធម៌មាន ប្រវត្តិព្រះអង្គទៅពន្យល់ធម៌គេមាន តែប្រវត្តិទៅសូត្រការ គ្មានទេហើយអាហ្នឹងជាប្រពៃណីខ្មែរសុទ្ធ ៕


ចែករំលែកព័តមាននេះ