ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៣០ មេសា នៅក្នុងបរិវេណសាលាបឋមសិក្សាក្តុលលើស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបងមានរៀបចំប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវខេត្តលេខ១៥៩B ប្រវែង៥.០០០ម៉ែត្រពីស្រុកបវេលដល់ឃុំព្រៃខ្ពស់ ជួសជុលក្រាលក្រួសក្រហមផ្លូវខេត្តលេខ១៥៧០ពីផ្លូវបំបែកឃុំពង្រដល់អាងកំពីងពួយប្រវែង១.៧០០ម៉ែត្រ និងជួលជុលពង្រីកផ្លូវជាតិលេខ៥ទៅជាផ្លូវភ្លោះក្នុងក្រុងដោយក្រាលថ្មចាក់កៅស៊ូពីរង្វង់មូលព្រះនារាយណ៍ដល់ផ្លូវបំបែកវាងក្រុងប្រវែង២.១៩០ម៉ែត្រ ក្រោមអធិបតីភាពលោកស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោកខាន់ ម៉ាណេរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តថ្លែងថា កន្លងមកផ្លូវក្រួសក្រហម២ខ្សែនោះដោយសារតែទឹកភ្លៀងជោកជាំនៅរដូវវស្សា និងខ្វះការថែទាំឱ្យបានដិតដល់ ពិសេសដោយសារការដឹកជញ្ជូនលើសទំងន់ ផ្លូវនេះក៏បានខូចខាតទៅវិញទាំងស្រុង។ ឯផ្លូវជាតិលេខ៥ផ្នែកខាងលិចក្រុងមានសភាពតូចចង្អៀតពិបាកក្នុងការធ្វើចរាចរបណ្តាលឱ្យមានការកកស្ទះ និងមានគ្រោះថ្នាក់ជាញឹកញាប់ទៀតផង។ បន្ទាប់ពីការងារជួសជុលរួចកំណាត់ផ្លូវទាំង៣ខ្សែនេះបានប្រទាក់ក្រឡា និងមានតួនាទីយ៉ាងសំខាន់ក្នុងការបំរើឱ្យចរាចរណ៍ដឹកជញ្ជូនកសិផល និងការផ្លាស់ប្តូរសេដ្ឋកិច្ចលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើង គឺសំដៅរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ចំពោះការពង្រីកផ្លូវជាតិលេខ៥ជំហានទី២ ផ្នែកខាងលិចក្រុងនេះ នឹងចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ ហើយជាមួយនោះក៏បានចូលរួមបង្កើននូវសោភ័ណភាពទីក្រុងមួយកំរិតទៀត។
លោកឧបនាយករដ្ឋមន្ត្រីស ខេង មានប្រសាសន៍ថា គោលដៅជាយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា ការងារដែលប្រឈមមុខសព្វថ្ងៃត្រូវធ្វើយ៉ាងណាជំនះឱ្យបាននូវភាពក្រីក្រ ។ ភាពក្រីក្រ គឺជាខ្មាំងសត្រូវរបស់យើង ដែលយើងត្រូវតែដោះស្រាយ ដូច្នេះការប្រឆាំងនឹងភាពក្រីក្រ គឺជាកាតព្វកិច្ច ជាភារកិច្ច ជាសារវន្ត ជាមូលដ្ឋាន។ ដើម្បីឆ្លើយតបទៅនឹងប្រជាពលរដ្ឋត្រូវតែកសាងការអភិវឌ្ឍដូចជាផ្លូវ ការស្តារផ្លូវជនបទ សាលារៀន មន្ទីរពេទ្យ ការបង្កើនប្រាក់ចំណូលគ្រួសារ និងសេដ្ឋកិច្ចទាំងអស់។ ហេតុនេះហើយកត្តាសំខាន់មួយទៀតគឺផ្លូវគមនាគមន៍ ព្រោះបើគ្មានផ្លូវថ្នល់ទេ គ្រប់វិស័យក៏មិនអាចអភិវឌ្ឍបានឡើយ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ផ្លូវមួយចំនួនដែលយើងបានស្តារ និងកសាងរួចហើយត្រូវបានខូចខាតជាបណ្តើរៗ ដោយសារទឹកជំនន់ ការប្រើប្រាស់មិនត្រឹមត្រូវតាមបច្ចេកទេស ខ្លះខូចដោយសារខ្វះការថែទាំ ដូច្នេះបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសហការជាមួយក្រសួង ស្ថាប័ន និងជំនាញពាក់ព័ន្ធដើម្បីមានវិធានការសមស្របក្នុងការថែរក្សាការពារឱ្យបានគង់វង្សបានយូរអង្វែង។
លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់លើគុណភាពនៃការកសាង ជួសជុលផ្លូវគឺមន្ទីរសាធារណការ និងដឹកជញ្ជូន និងអង្គភាពពាក់ព័ន្ធ ត្រូវកសាងតាមបទដ្ឋានបច្ចេកទេសដើម្បីឱ្យសំណង់ទទួលបានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង ទាន់ពេលវេលាមុនពេលភ្លៀងធ្លាក់ជោកជាំមកដល់ និងត្រូវយកចិត្តទុកដាក់ថែទាំជា ប្រចាំ ស្ពាន ផ្លូវដែលសាងសង់រួចដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍។ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ការដឹកជញ្ជូន ឬទំងន់ ឬការរំលោភលើចំណីផ្លូវ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្រូវសហការជាមួយមន្ត្រីជំនាញកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តច្បាប់ចរាចរ និងកាត់បន្ថយឱ្យបាននូវច្បាប់ចរាចរ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងការកែច្នៃយានយន្តឱ្យបានម៉ត់ចត់ ចៀសវាងការកែច្នៃខុសលក្ខណៈបច្ចេកទេស ម្យ៉ាងទៀតការផ្តល់អាជ្ញាប័ណ្ណផ្តល់ស្លាកលេខយានយន្តក៏ត្រូវធ្វើឱ្យឆាប់រហ័ស និងយកថ្លៃសេវាសមស្របប្រកបដោយតម្លាភាព ។ ចំពោះបញ្ហាភូមិ-ឃុំមានសុវត្ថិភាពក៏យើងត្រូវអនុវត្តបន្តផងដែរ ។
លោកឧបនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំប្រឹងប្រែងបង្កបង្កើនផលឱ្យមានការរីកចម្រើន ព្រោះរដូវវស្សាឈានចូលមកដល់ហើយ។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីស ខេង បាននាំយកអំណោយចែកជូនប្រជាបលរដ្ឋដែលខ្យល់ព្យុះបោកបក់លើផ្ទះសម្បែងចំនួន៧គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ១០០គីឡូក្រាម មុង២ ភួយ២ កន្ទេល២ និងប្រាក់១០ម៉ឺនរៀល។ តាជី យាយជី២០នាក់ ក្នុងម្នាក់ៗទទួលបានកំណាត់ស១ដុំ ប្រាក់១០.០០០រៀល លោកគ្រូ អ្នកគ្រូ២០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងប្រាក់២ម៉ឺនរៀល។ សិស្សានុសិស្ស២០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម ប្រាក់២.០០០រៀល និងប្រជាពលរដ្ឋ៣.០០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ៕
ចែករំលែកព័តមាននេះ