ថ្លែងនាឱកាស «ទិវាជាតិឈូងសមុទ្រពែរ្ស៍» ដែលអ៊ីរ៉ង់រៀបចំធ្វើនាថ្ងៃទី៣០ មេសា នាយសេនាធិការកងទ័ពអ៊ីរ៉ង់ឧត្តមសេនីយ៍ហាសាន់ ហ្វីរូហ្សាឌី បានបរិហារពី «រណសិរ្សជនផ្តាច់ការអារ៉ាប់» របស់ឈូងសមុទ្រប្រឆាំងអ៊ីរ៉ង់ ។ ពិសេសលោកអះអាងថា តំបន់នេះជារបស់អ៊ីរ៉ង់ជានិច្ច ។ បណ្តារបបអារ៉ាប់ផ្តាច់ការនៃឈូងសមុទ្រពែរ្ស៍ពុំអាចរារាំងការបះបោររបស់ប្រជាជនឡើយ។ ឧត្តមសេនីយ៍រូបនេះដែលក៏ជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិផងដែរថ្លែងទៀតថា ដោយស្វះស្វែងសាកល្បងបើករណសិរ្សមួយប្រឆាំងអ៊ីរ៉ង់ ជនផ្តាច់ការទាំងនេះត្រូវតែបោះបង់ចោលអំណាច បញ្ចប់ឧក្រិដ្ឋកម្មព្រៃផ្សៃ ហើយទុកឱ្យប្រជាជនកំណត់អនាគតរបស់ខ្លួនដោយសេរី។
នាយសេនាធិការកងទ័ពអ៊ីរ៉ង់អះអាងថា ឈូងសមុទ្រពែរ្ស៍ជារបស់អ៊ីរ៉ង់ ហើយនឹងនៅតែជារបស់អ៊ីរ៉ង់ជានិច្ច ។ លោកក៏បានបរិហារផងដែរចំពោះការបដិសេធរបស់បណ្តារាជាណាចក្រអារ៉ាប់់ក្នុងតំបន់ដែលពុំព្រមហៅដៃសមុទ្រនោះនូវឈ្មោះប្រវត្តិសាស្ត្ររបស់វា ។ លោកអះអាងពីការមកដល់របស់ពួកអង់គ្លេស បន្ទាប់មករបស់ពួកអាមេរិកក្នុងតំបន់ ហើយបង្កើតនូវការរួមគំនិតក្បត់ ដើម្បីបំភ្លៃប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ឈូងសមុទ្រពែរ្ស៍ ។ ទំនាក់ទំនងរវាងអុីរ៉ង់ និងបណ្តាប្រទេសអារ៉ាប់ជិតខាងធ្លាក់ចុះដុនដាបយ៉ាងខ្លាំងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយបណ្តារាជាណាចក្រប្រេងនៃតំបន់នេះបានចោទប្រកាន់ក្រុងតេហេរ៉ង់ថា ស្វះស្វែងបង្កអស្ថេរភាពជាគុណប្រយោជន៍ដល់ការបះបោរប្រជាជនដែលផ្ទុះឡើងក្នុងប្រទេសអារ៉ាប់ជាច្រើន ។ ក្រុងតេហេរ៉ង់បានរិះគន់យ៉ាងខ្លាំងចំពោះអន្តរាគមន៍របស់អារ៉ាប៊ីសាអូឌីត នៅបារ៉ែន ដើម្បីបង្ក្រាបបាតុកម្មរបស់ប្រជាជនដែលភាគច្រើនជាពួកស៊ីអ៊ីត ដូចនៅអ៊ីរ៉ង់ដែរ ។ ប្រទេសបារ៉ែន និងកូវ៉ែតបានចាប់បណ្តាញពួកអ្នកការទូតអ៊ីរ៉ង់ ដោយចោទប្រកាន់ថា ធ្វើចារកម្ម។ អ៊ីរ៉ង់តាំងពីយូរមកហើយចាត់ទុកបារ៉ែនថា ជាដែនដីរបស់ខ្លួន ហើយប្រទេសនេះមានជម្លោះជាមួយអេមីរ៉ាត់ អារ៉ាប់រួម លើកោះ៣ ដែលខ្លួនកាន់កាប់ក្នុងច្រកសមុទ្រ ORMUZ ៕
ចែករំលែកព័តមាននេះ