ខេត្តកំពង់ធំ ៖ គួរំលឹកថា ដីបឹងភេ ដែលជាបឹងប្រវត្តិសាស្ត្រដ៏ធំមួយ ស្ថិតនៅក្នុងសង្កាត់កំពង់ក្របៅ និងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ កាលពីដើមឡើយ បឹងមួយនេះ មានវិសាលភាពធំល្វឹងល្វើយណាស់ សម្រាប់ពលរដ្ឋអាស្រ័យផលតាមរយៈនេសាទត្រី ដាក់លប ដាក់មង ចងសន្ទូច ដកព្រលឹត រំចង់ ដកក្រអៅឈូក បេះស្លឹកឈូក ផ្លែឈូក បេះត្រកួន កាត់ដើមត្រាវលក់ជាដើម និងជាប្រភពស្មៅ និងទឹកសម្រាប់សត្វពាហនៈ។

បច្ចុប្បន្ន សកម្មភាពចាក់ដីលុបបឹងភេ ដើម្បីយកសាងសង់មន្ទីរ កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង បន្ទាប់ពីមានការសាងសង់កន្លែងជាច្រើននៅក្នុងបឹងភេរួចមក។ ពេលនេះ គេសង្កេតឃើញថា មានមន្ទីរចំនួន៣ទៀត កំពុងតែដំណើរការចាក់ដីលុបបឹងភេ សម្រាប់សាងសង់ រួមមាន ៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត ដែលនិងកំពុងតែដំណើរការទៅមុខយ៉ាងរលូន ដោយពុំមានការរំខាន ឬក៏រារាំងពីខាងស្ថាប័នណាមួយនោះឡើយ។

ពាក់ព័ន្ធនឹងករណីចាក់ដីខាងលើ លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានប្រាប់អ្នកសារព័ត៌មានអោយដឹងតាមទូរស័ព្ទនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះថា ករណីរឿងចាក់ដីនៅចំណុចក្នុងបឹងភេ ខាងលើហ្នឹង ដោយមូលហេតុយ៉ាងដូច្នេះថា កាលពីជំនាន់លោក សុខ លូ ជាអភិបាលខេត្តកំពង់ធំ មានការសាងសង់វិមានឯករាជ្យ និងពង្រីកផ្លូវថ្នល់ នាំអោយប៉ះពាល់ដល់មន្ទីររបស់លោករួមតូចចង្អៀតបន្តិចពីការពង្រីកផ្លូវ។ ដោយមើលឃើញពីបញ្ហានេះ លោក សុខ លូ ក៏បានផ្តល់ដីចំណីបឹងភេ សម្រាប់សាងសង់មន្ទីរសេដ្ឋកិច្ច និងហិញ្ញវត្ថុនៅទីនេះ ហើយខាងមន្ទីរក៏បានអោយគេចាក់ដីកាលពីឆ្នាំ២០២២ម្តងហើយ តែចាក់មិនទាន់ពេញ និងមិនផុតពីទឹកជំនន់ ទើបនៅខែមេសា និងខែឧសភា ឆ្នាំ២០២៣នេះ ក៏ចាប់ផ្តើមដំណើរការចាក់អាចម៍ដីបន្តទៀត ឱ្យខ្ពស់ខ្លាចលិចទឹក។

លោកបន្តថា ការចាក់ដីខាងលើនេះ គឺជាថវិការបស់មន្ទីរ ចាក់ដីទុកចោលមួយរយៈសិន រង់ចាំពេលណាមន្ទីរមានលុយនឹងកសាងការិយាល័យបន្ថែមសម្រាប់ធ្វើការ។ ចំណែកមន្ទីរចាស់ គឺនៅដដែល មិនមានការដោះដូរនោះទេ ហើយក៏មិនមានពាក់ព័ន្ធជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះឡើយ។ ខាងក្រសួងក៏គ្មានគោលការណ៍អោយថវិកាសាងសង់មន្ទីរសម្រាប់ធ្វើការដោះដូរនោះដែរ តែបើថ្ងៃក្រោយ ក្រសួងមានផែនការដោះដូរយ៉ាងណាក្តី គឺជាការងាររបស់ក្រសួង។

ចំណែកលោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំវិញ បានប្រាប់ថា ពាក់ព័ន្ធរឿងដោះដូរមន្ទីរចំនួន២ខាងលើនេះ ដោយសារសាលាខេត្តមើលឃើញមន្ទីររបស់លោកមានលក្ខណៈតូចចង្អៀត និងមានទីតាំងនៅជិតផ្សារកំពង់ធំ ហើយថែមទាំង គេដាក់ធុងសំរាមដ៏ធំ និងមានក្លិនស្អុយថែមទៀត ដែលបង្កផលប៉ះពាល់ដល់សុខភាព ក៏ដូចជាបរិស្ថានផងនោះ។ ហេតុដូច្នេះហើយ ទើបខេត្តបានប្រគល់ដីនៅចំណុចបឹងភេ ដែលមានទំហំស្មើនឹង២០០០ម៉ែត្រការ៉េ ដល់មន្ទីររបស់លោកធ្វើការចាក់ដីសម្រាប់សាងសង់ក្រោមថវិការបស់រដ្ឋ ហើយខាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក៏បានមួយប្លង់ដែរ ដែលមានផ្ទៃដីធំជាងមន្ទីរបស់លោកបន្តិច គឺមានផ្ទៃដីប្រហែលជាជាង២០០០ម៉ែត្រការ៉េ។

ចំណែកលោក កើត រិទ្ធ ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ក៏ធ្លាប់ប្រាប់ខាងសារព័ត៌មានយើងថា មន្ទីរធ្វើការសព្វថ្ងៃ គឺខ្ចីពីខេត្តប្រើសិននោះទេ។ ខាងមន្ទីររបស់លោក ក៏បានដីមួយកន្លែងនៅក្នុងបឹងភេ សម្រាប់សាងសង់មន្ទីរដែរ តែដីនោះគឺស្ថិតនៅប៉ែកខាងជើងបឹងភេ ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ។ លោកថា ធ្លាប់បានអញ្ជើញក្រុមការងារមកពីក្រសួងចុះទៅពិនិត្យទីតាំងនោះរួចហើយ។ នៅពេលណាសាងសង់រួចរាល់ បានដំណើរការការងារពេលណាហើយនោះ មន្ទីរចាស់នឹងប្រគល់ជូនខេត្តវិញ ហើយការសាងសង់នេះ ក្រោមថវិការបស់រដ្ឋ។

ពាក់ព័ន្ធជាមួយការដោះដូរកន្លែងធ្វើការងារ និងលក់ដូរមន្ទីរធ្វើការងារអោយទៅក្រុមហ៊ុន និងពួកក្រុមអ្នកមានលុយ មានអំណាចខាងលើនេះ ធ្វើអោយមហាជនដែលដឹងរឿងនេះ នាំគ្នានិយាយរិះគន់យ៉ាងដូច្នេះថា លោកប្រធានមន្ទីរសេដ្ឋ និងហិរញ្ញវត្ថុខេត្ត គ្រាន់តែសាងសង់ការិយាល័យបន្ថែមសោះលោកព្រះ ត្រូវការផ្ទៃដីដល់ទៅជាង២០០០ម៉ែត្រការ៉េនោះ។ បើនិយាយថា លក់ ឬក៏ដោះដូរទៅនាំអោយបែកការសម្ងាត់ មានតែប្រាប់គេអញ្ចឹងតែម្តងទៅញោមអើយ…។

គួរឱ្យកត់សម្គាល់ថា នៅក្នុងខេត្តកំពង់ធំទាំងមូល ជាពិសេសនៅក្នុងក្រុងស្ទឹងសែនតែម្តង គឺលោកអភិបាលខេត្តកំពង់ធំ ស្ទើរតែគ្រប់ជំនាន់ គឺពួកលោកបានឃុបឃិតគ្នាជាប្រព័ន្ធនៅក្នុងការលក់ និងដោះដូរយកកន្លែងណាដែលខ្លាញ់ៗ កន្លែងត្រូវប៉ាន់ កន្លែងល្អៗ អោយទៅឯកជនដែលជាពពួកក្រុមអ្នកមានលុយ មានអំណាច ស្ទើរគ្មានសេសសល់អស់ទៅហើយ ដោយគ្មានឈឺក្បាលហាលថ្ងៃ គិតគូរអំពីទ្រព្យសម្បត្តិរបស់រដ្ឋដែលនៅសេសសល់កាលពីជំនាន់មុនៗនោះឡើយ គឺលក់អាធំៗអស់ហើយ។

ជាក់ស្តែងមានដូចជា ៖
១- ពហុកីឡដ្ឋាន (ស្តាតចាស់) ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ត្រូវបានគេលក់អោយទៅឯកជនសម្រាប់សាងសង់ផ្ទះល្វែងលក់ ហើយទៅបង្កើតពហុកីឡដ្ឋានថ្មី ដែលមានចម្ងាយប្រហែលជាជិត១០គីឡូម៉ែត្រ ពីស្តាតចាស់ ស្ថិតនៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយឯណោះ ដែលពាក្យខ្លះនិយាយថា លក់ឆ្នាំងមាសដូរយកឆ្នាំងដី។ ហើយនៅពេលដែលមានកម្មវិធីប្រគំតន្ត្រី និងកម្មវិធីបុណ្យផ្សេងៗម្តងៗ ក៏គេសង្កេតឃើញថា គ្មានអ្នកណាទៅប្រគំតន្ត្រីនៅទីនោះដែរ ដោយសារតែគេគិតថា ទៅលេងនៅទីនោះឆ្ងាយ ហើយក៏គ្មានអ្នកទៅមើលច្រើន ជាពិសេសប្រជាពលរដ្ឋភាគច្រើនគ្មានលុយទិញផលិតផល និងរបស់របរប្រើប្រាស់ដូចជា អ្នករស់នៅក្នុងក្រុងនោះទេ។

ទី២- កន្លែងផ្ទះទឹក ដែលជារបស់រដ្ឋ មានទីតាំងស្ថិតនៅទឹកបឹងភេ ក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ក្រោមការឃុបឃិតគ្នា កន្លែងផ្ទះទឹកបានក្លាយជាកម្មសិទ្ធិរបស់លោកឧកញ៉ាម្នាក់ដ៏មានឥទ្ធិពល។ ហើយក្រោយមក លោកឧកញ៉ាម្នាក់នោះ ក៏បានរុះរើផ្ទះទឹកចោល ដោយបានចាក់ដីបំពេញ រួចក៏លក់បន្តទៅអោយថៅកែផ្សេង ក្នុងតម្លៃជាងមួយលានដុល្លារ។ បច្ចុប្បន្នដីនេះ ត្រូវបានគេពុះលក់ជាប្លង់ផ្ទះល្វែង ប៉ែកខាងមុខក្នុងមួយល្វែងៗដីទទេ តម្លៃជិត១០ម៉ឺនដុល្លារ (ដប់ម៉ឺនដុល្លារ)។

ទី៣ –កន្លែងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដែលមានទីតាំងជិតគល់ស្ពានកំពង់ធំ ប៉ែកខាងជើងស្ពាន ស្ថិតក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ បានក្លាយទៅជាសណ្ឋាគារសំបូរព្រៃគុកយ៉ាងរំភើយផាត់។ ចំណែកអធិការដ្ឋាន រសាត់ចូលទៅក្នុងជ្រៅបន្តិច មិនខុសពីចិនដេញខ្មែរ ខ្មែរដេញខ្មោចនោះទេ។

ទី៤- កន្លែងបឹងកាឡូ ដែលពីដើមមកជាបន្ទាយទាហានចាស់ ស្ថិតនៅទល់មាត់ស្ទឹងសែនប៉ែកខាងត្បូង ជិតគល់ស្ពានកំពង់ធំដែរនោះ បានក្លាយជាសណ្ឋាគារ និងភោជនីយដ្ឋានស្ទឹងសែនយ៉ាងរំភើយផាត់។
ទី៥- រោងភាពយន្តរបស់រដ្ឋ (រោងកុន) ដែលមានទីតាំងនៅជិតវិមានឯករាជ្យ បានក្លាយជាកម្មសិទ្ធិម្ចាស់សណ្ឋាគារនាគមាសពីមុន ក្រោយមកលក់បន្តក្លាយជាសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់អរុណរះ ដោយរលូន។

ទី៦- កន្លែងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ស្ថិតនៅជ្រុងខាងត្បូងឈៀងខាងកើត មុខផ្សារកំពង់ធំ បានក្លាយទៅជាហាងលក់ដូរឯកជនយ៉ាងរលូន… អត់មានអ្នកខ្វល់។
ទី៧- ទីតាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំមួយកន្លែង ដែលមានទីតាំងជិតវិមានឯករាជ្យ បានក្លាយទៅជាស្ថានីយប្រេងឥន្ទនៈតេឡាយ៉ាងសង្ហា។
ទី៨- ទីកន្លែងកងរាជអាវុធហត្ថក្រុង និងសាលាក្រុងស្ទឹងសែនចាស់ បានក្លាយទៅជាសណ្ឋាគារ កំពង់ធំផាលេស របស់ថៅកែអ្នកមានលុយម្នាក់យ៉ាងរលូនដែរ។

ទី៩- ទីកន្លែងអនុសាខាកាកបាទក្រហមខេត្តកំពង់ធំចាស់ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រហែលជា១០០ម៉ែត្រ ពីផ្នែកជ្រុងខាងត្បូង ក្រោយផ្សារកំពង់ធំនោះ ក៏ត្រូវបានអស់លោកឃុបឃិតគ្នាលក់ទៅអោយថៅកែអ្នកមានលុយម្នាក់ ធ្វើការសាងសង់ជាផ្ទះល្វែងលក់។ បច្ចុប្បន្ន ផ្ទះល្វែងខាងមុខលក់ក្នុងមួយល្វែងៗ មានតម្លៃរហូតដល់ទៅជាង២០ម៉ឺនដុល្លារឯណោះ លោកព្រះ។ ហើយកន្លែងសាខាកាកបាទក្រហមខេត្តកំពង់ធំថ្មី បានទៅបង្កើតនៅឯទីតាំងថ្មី ស្ថិតនៅផ្លូវវាងក្រុងស្ទឹងសែនយ៉ាងរំភើយ។

ជុំវិញបញ្ហាខាងលើនេះ មហាជនកំពុងតែរង់ចាំមើលថា ចាប់ពីឆ្នាំ២០២៣នេះតទៅ តើនៅមានមន្ទីរ និងកន្លែងធ្វើការងារប៉ុន្មានកន្លែងទៀត ដែលត្រូវអាជ្ញាធរឃុបឃិតគ្នាលក់បន្តទៀតនោះក្រៅពីមន្ទីរ និងកន្លែងធ្វើការងារទាំងប៉ុន្មានខាងលើនេះ?។

អាណិតអ្នកកំពង់ធំ… ស្លូតអើយស្លូត… ស្រេចតែរដ្ឋអំណាចខេត្តបង្វិល… គ្មានប្រភពណាមួយហ៊ានស្រែកប្រកាសរឿងលក់ខ្ទេចលក់ខ្ទីនេះឡើយ ។ នាំគ្នាលក់អស់ឆ្នាំងមាស ទៅយកឆ្នាំងដី… ប្រៀបដូច ចិនដេញខ្មែរ ខ្មែរដេញខ្មោចនោះឡើយ ។ ចាំមើល តើគេលក់មន្ទីរណាទៀត?។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ