ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ចាប់អារម្មណ៍ ក្រោយ​លោក ហុងដា បង្ហោះ​សារ​មួយឃ្លា រឿង «កុមារកម្ពុជា»

1 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda បាន​បង្ហោះ​សារ​ខ្លី​មួយ អំពី​ជីវិត​ក្មេង​ៗ​ដែល​នៅ​ភ្នំពេញ ធ្វើការ​រក​ប្រាក់​ដើម្បី​ចិញ្ចឹមជីវិត ទទួល​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda បាន​បង្ហោះ​សារ​ខ្លី​មួយ អំពី​ជីវិត​ក្មេង​ៗ​ដែល​នៅ​ភ្នំពេញ ធ្វើការ​រក​ប្រាក់​ដើម្បី​ចិញ្ចឹមជីវិត ទទួល​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​បរទេស និង​ខ្មែរ​។

លោក ហុង ដា អ្នកចាត់ការ​សញ្ជាតិ​ជប៉ុន ដែល​មិន​យក​កម្រៃ​ពី​កម្ពុជា​រូប​នេះ បង្ហោះ​សារ​ថា​នៅ​លើ​បណ្តាញ​សង្គម Twitter កាលពី​រាត្រី​ថ្ងៃ​ទី​៣០ ខែមេសា ជា​ភាសា​អង់គ្លេស «I saw some children works in Phnom Penh on the way to the stadium. I feel there are many issues to solve in the world.» ដែល​ប្រែ​សម្រួល​មក​ថា «​នៅ​តាម​ផ្លូវ​ទៅ​កីឡដ្ឋាន ខ្ញុំ​បានឃើញ​ក្មេង​ៗ​ជា​ច្រើន​នៅ​ភ្នំពេញ​ធ្វើ​ការងារ​។ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​នៅ​លើ​ពិភពលោក​»​។

ជាមួយ​ខ្លឹមសារ​ដែល​លោកគ្រូ ហុងដា ជា​គ្រូបង្វឹក​របស់​កម្ពុជា បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​លោក ទទួល​បានការ​ចាប់អារម្មណ៍​ជា​ច្រើន ដោយ​មាន​អ្នក​បញ្ចេញមតិ​ជា​ច្រើន​គាំទ្រ​មតិ​របស់​លោក ហើយ​ក៏​មាន​បងប្អូន​ខ្លះ​បាន​សំណូមពរ​ទៅ​លោក ហុង ដា ឱ្យ​ចូលរួម​ជាមួយ​គាត់​សាងសង់​សាលារៀន​សម្រាប់​ក្មេង​ៗ​នៅ​កម្ពុជា ជាដើម​។

ប្រាកដ​ណាស់ សារ​របស់​លោក ហុង ដា ដែល​ទើប​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បង្ហាញ​នូវ​ក្តី​ស្រលាញ់​ដ៏​ធំធេង​របស់​លោក​ចំពោះ​ប្រជាជន​កម្ពុជា​។ ហើយ​ថ្មី​ៗ​នេះ​ផង​ដែរ លោក ហុង ដា ក៏​បាន​ធ្វើ​ឱ្យ​កម្ពុជា​រីកមុខ​រីក​មាត់​ជា​ខ្លាំង​ក្នុង​ការ​ប្រកួត​បាល់ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​។

ក្រោម​ការ​ដឹកនាំ​របស់​លោក ហុង ដា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២២​ឆ្នាំ ឬ​ហៅ​ថា ក្រុមបាល់ទាត់ U22 កម្ពុជា ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ដោយ​ការ​ប្រកួត​ពេញ​ម៉ោង លទ្ធផល គឺ​ក្រុម​ជម្រើសជាតិ​បាល់ទាត់ U22 យកឈ្នះ​ក្រុម U22 របស់​ទី​ម័​រ​ខាងកើត ក្នុង​លទ្ធផល ៤-០​។ ការ​ប្រកួត​នោះ គឺ​ក្នុង​វគ្គ​ទី​១ កម្ពុជា រកបាន​២​គ្រាប់ ដោយ​សុត​បំប៉ោង​សំណាញ់​ទី​របស់​គូប្រកួត​ដោយ​កីឡាករ ជូ ស៊ិ​ន​ទិ នៅ​នាទី​៣៩ និង​នាទី​៤៥+២​។ លុះ​ចូល​ដល់​វគ្គ​ទី​២ ដោយ​មានការ​ពួតដៃគ្នា​បាន​យ៉ាង​ល្អ កីឡាករ ស រតនា ក៏​ធ្វើ​បាន​សម្រេច​នូវ​នាទី​៧៣ រក​គ្រាប់​បាល​ទី​២ ហើយ​កីឡាករ លឹ​ម ពិសុទ្ធ រកបាន​នៅ​នាទី​៨២​។

សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នេះ អ្នកចាត់ការ​ទូទៅ ជនជាតិ​ជប៉ុន លោក ហុង ដា រួម​ជាមួយ​គ្រូបង្វឹក គឺ​លោក Ryu Herose បាន​ដឹកនាំ​ក្រុម​កម្ពុជា​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​យ៉ាង​ខ្លាំងក្លា​ផង​ដែរ សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៩ ខែមេសា នេះ​តទៅ​។

សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នេះ កម្ពុជា ស្ថិត​នៅ​ពូ​ល A ជាមួយ​ឥណ្ឌូ​ណេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន និង ទី​ម័​រ​ខាងកើត​។ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១ ឧសភា​នេះ ក្រុមបាល់ទាត់​បុរស​ជម្រើសជាតិ U22 កម្ពុជា គឺ​ឈរ​លើ​កំពូល​តារាង ទទួល​បាន​៣​ពិន្ទុ​ក្នុង​ដៃ ក្រោយ​យកឈ្នះ​ទី​ម័​រ​ខាងកើត​។ សម្រាប់​ថ្ងៃ​ទី​២ ឧសភា ស្អែក​នេះ ក្រុមបាល់ទាត់​បុរស​ជម្រើសជាតិ U22 កម្ពុជា នឹង​ប្រកួត​ជាមួយ​ក្រុម U22 របស់​ហ្វី​លី​ពី​ន នៅ​កីឡដ្ឋាន​ស្តា​ត​អូ​ឡាំ​ពិ​ក​ផង​ដែរ​។ ចំពោះ​ពូ​ល B ពិតជា​ពូ​ល​កាច​ៗ​មែន ដែល​ប្រជុំ​ទៅ​ដោយ​ក្រុម​ខ្លាំង​ៗ​នោះ មាន​វៀតណាម មេដាយមាស​ស៊ី​ហ្គេ​ម លើក​ទី​៣១ ថៃ ម៉ា​ឡេ​ស៊ី សិង្ហ​បូ​រី និង​ឡាវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ