កិច្ចព្រមព្រៀងមួយដែលសម្របសម្រួលបានដោយក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ GCC ស្តីអំពីការផ្ទេរអំណាចនៅប្រទេសយេម៉ែន ត្រូវគាំងដំណើរការក្រោយពីប្រធានាធិបតីប្រទេសនេះ លោកអាលីអាប់ឌុលឡាហ៍ សាឡេហ៍ និងក្រុមប្រឆាំងបដិសេធមិនព្រមចុះហត្ថលេខាកាលពីថ្ងៃទី៣០ មេសា កន្លងមក ។ អគ្គលេខាធិការ GCC លោក Abdullalif bin Rashid al-Zayani បាន អញ្ជើញទៅដល់ទីក្រុងសាណា ប្រទេសយេម៉ែន កាលពីថ្ងៃទី៣០ មេសា កន្លងមក សម្រាប់ដំណើរការទស្សនកិច្ចផ្លូវការមួយ ដើម្បីទទួលយកហត្ថលេខារបស់លោកសាឡេហ៍ លើកិច្ចព្រមព្រៀងនោះ ហើយអញ្ជើញតំណាងគណបក្សកំពុងកាន់អំណាចរបស់លោកសាឡេហ៍ និងតំណាងក្រុមប្រឆាំងចូលរួមក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះជាផ្លូវការនៅក្នុងទីក្រុងរីយ៉ាដ ។ នៅពេលលោក Abdullatif ជួបពិភាក្សាជាមួយលោកសាឡេហ៍ លោកសាឡេហ៍ មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះទេ ហើយថ្លែងថា លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្រោយពីតំណាងគណបក្សកំពុងកាន់អំណាចរបស់លោកចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅក្នុងពិធីចុះហត្ថលេខានៅក្នុងទីក្រុងរីយ៉ាដ ជាមុនសិន ។
មន្ត្រីម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះនិយាយថា លោកប្រធានាធិបតីសាឡេហ៍ បានថ្លែងប្រាប់លោក Abdullatif ថា រូបលោកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះឡើយ ដោយទុកឱ្យតំណាងគណបក្សរបស់លោកជាអ្នកផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ព្រោះកិច្ចព្រមព្រៀងនេះធ្វើឡើងរវាងគណបក្សនយោបាយមិនមែនជាមួយលោកឡើយ ។ មន្ត្រីដដែលនិយាយទៀតថា តំណាងរបស់គណបក្សកំពុងកាន់អំណាចនោះជាអ្នកទទួលខុសត្រូវចំពោះការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា។
លោកសាឡេហ៍ ថ្លែងប្រាប់លោក Abdul-latif ក្នុងអំឡុងពេលនៃការពិភាក្សានៅក្នុងទីក្រុងសាណាថា «ក្រោយពីតំណាងគណបក្សកំពុងកាន់អំណាច និងក្រុមប្រឆាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងទីក្រុងរីយ៉ាដ បន្ទាប់មកខ្ញុំនឹងចុះហត្ថលេខាទៀត»។
មន្ត្រីគណបក្សរបស់លោកសាឡេហ៍មួយរូបនិយាយថា វានឹងជារឿងខុសច្បាប់ប្រសិនបើលោកសាឡេហ៍ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះមុន ដែលនេះមិនមែនមានន័យថា លោកសាឡេហ៍ មិនព្រមទទួលយកផែនការរបស់ GCC នោះទេ។
ក្រោយពីលោកសាឡេហ៍ បដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់ GCC ក្រុមប្រឆាំងបានប្រកាសថា ពួកគេនឹងមិនធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដ ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ដែលគ្រោងរៀបចំធ្វើឡើងនៅថ្ងៃទី១ ឧសភា ឡើយ។ នេះបើតាមការឱ្យដឹងដោយអ្នកនាំពាក្យក្រុមប្រឆាំងលោក Mohamed Gahtan ។ ការលើកឡើងរបស់លោក Mohamed ធ្វើឡើងរយៈពេលមួយម៉ោងក្រោយពីលោក Abdullatif ចាកចេញពីទីក្រុងសាណាទាំងមិនទទួលបានហត្ថលេខាពីលោកសាឡេហ៍ ៕
ចែករំលែកព័តមាននេះ